ឃុំខ្លួនបុរសម្នាក់ ពីបទរំលោកភ សេពសន្ថវៈ

កំពង់ចាម ៖ ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម លោក សែត វិសិដ្ឋមុនី កាលពីថ្ងៃ០៣ ខែមីនា ឆ្នាំ២០១៦  បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ១៦០ ត.ព្រ បង្គាប់ឲ្យឃុំខ្លួន ឈ្មោះ ណែម ពៅ ពីបទៈ រំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិសំពៀងក្រោម ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមរំលឹកថា កាលពីវេលាម៉ោង១១យប់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦  ស្ថិតនៅភូមិសំពៀងក្រោម ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណី រំលោភសេពសន្ថវៈ ០១ករណីកើតឡើង ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ណែម ពៅ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិដូនទរ  ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានលួចឡើងលើផ្ទះ ហើយបានចាប់រំលោភទៅលើឈ្មោះ អ៊ឹម នី ភេទស្រី អាយុ ៥៥ឆ្នាំ  រស់នៅភូមិ-ឃុំជាមួយគ្នា  រហូតបានសម្រេចបន្ទាប់មកជនសង្ស័យបាន រួចរត់គេចខ្លួន។

ប៉ុន្តែករណីនោះ ក្រោយពីសមត្ថកិច្ចបានទទួលពត៌មានភ្លាម កំលាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកំលាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទួលព្រះឃ្លាំង បានបើកកិច្ចប្រតិបត្តការចុះទៅកន្លែងកើតហេតុចំណុចផ្ទះជនរងគ្រោះ ធ្វើការពិនិត្យ និងស្រាវជ្រាវ នៅជុំវិញកន្លែងកើតហេតុឃើញថា ពិតជាមានករណីរំលោភសេពសន្ថវៈកើតឡើងពិតប្រាកដមែន។

រហូតដល់ម៉ោង ១ រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ទើបរកឃើញជនសង្ស័យឈ្មោះ ណែម ពៅ ហើយក៏បានធ្វើការឃាត់ខ្លួន ដើម្បីយកមកធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូន ទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ ៕

ឃុំខ្លួនបុរសម្នាក់ ពីបទរំលោកភ សេពសន្ថវៈ