រដ្ឋសភាស សន្យាជួយដោះស្រាយ បញ្ហាដីធ្លីនិង សិទ្ធិមនុស្ស

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល ដែលធ្វើការ ពាក់ព័ន្ធដីធ្លី  ធនធានធម្មជាតិ  និង សិទ្ធិមនុស្សបាននំាគ្នា លើកយកបញ្ហាដីធ្លី និងសិទ្ធិមនុស្សដាក់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីរកវិធីសាស្ត្រ ជួយដោះស្រាយឲ្យពួកគេ ។

ក្រោយពីបានដាក់ក្តីកង្វល់ របស់ពួកគេហើយ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា នៃរដ្ឋសភា បានអះអាងថា នឹងប្រើប្រាស់យន្តការរដ្ឋសភា ដើម្បីសម្របសម្រួល ដោះស្រាយជូនប្រជាពលរដ្ឋ។

តំណាងអង្គការសង្គមស៊ីវិល មួយចំនួន បានជួបជាមួយ លោកអេង ឆៃអ៊ាង ប្រធានគណៈកម្មការ កាលពីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ។  
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ អង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum on Cambodia)ដែលជាអ្នកដឹកនំាតំណាងអង្គការផ្សេងៗបានលើកបញ្ហាដីធ្លី បញ្ហាធនធានធម្មជាតិ និងសិទ្ធិមនុស្សជាដើម។

លោក តឹក វណ្ណារ៉ា បានលើកឡើង ពីករណីមួយចំនួនមានគម្រោងវិនិយោគលើធនធានធម្មជាតិ ករណីទំនាស់ដីធ្លី នៅតាមខេត្ត ក្រុងដូចជាខេត្ត កោះកុង បាត់ដំបង ព្រះវិហារ រាជធានីភ្នំពេញ ព្រះសីហនុ និងគម្រោងសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ ពីអង្គការសង្គមស៊ីវិលរួច លោក អេង ឆៃអ៊ាង បានគូសបញ្ជាក់ថា « រដ្ឋសភាគឺជាស្ថាប័នកំពូលមួយ ដែលមាន តួនាទីតាក់តែង និងអនុម័តច្បាប់ភាពជាតំណាងពលរដ្ឋ ដែលត្រូវចុះស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងត្រូវតាមដានការអនុវត្តច្បាប់ របស់ រាជរដ្ឋាភិបាលជាដើម»។
លោក អេង ឆៃអ៊ាង ក្នុងនាមប្រធាន គណៈកម្មការមួយ ក្នុងចំណោមគណៈកម្មការទំាង ១០ របស់រដ្ឋសភា លោក តែងតែលើកឡើងនូវសំណូមពរ និងជំរុញទៅខាង រាជរដ្ឋាភិបាល ដោះស្រាយបញ្ហា ឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានឆាប់ ក្នុងនោះបញ្ហាដីធ្លីនេះ ជារឿងមួយ ដែលគណៈកម្មការតែងតែលើកឡើង។
លោកបន្តថា ការដោះស្រាយបញ្ហាទំនាស់ដីធ្លី ទាមទារឲ្យមានការសហការគ្រប់ស្ថាប័នពាក់ព័ន្ធ និងមាន ការចុះស្រាវជ្រាវស្វែងរកប្រភពបញ្ហាដោយផ្ទាល់។ ដំណោះស្រាយមិនអាចដំណើរការ ដោយអំពើហិង្សា នោះឡើយ។
 

ក្នុងកិច្ចប្រជុំនោះដែរលោក អេង ឆៃអ៊ាង បានទទួលយកការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល និងបានថ្លែងអំណរគុណដល់អង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលបានចូលរួម ចំណែកសហការ ក្នុងការកសាងអភិវឌ្ឍន៍ ប្រទេសជាតិនាពេលកន្លងមក៕

រដ្ឋសភាស សន្យាជួយដោះស្រាយ បញ្ហាដីធ្លីនិង សិទ្ធិមនុស្ស