ទទួលទាន ភេសជ្ជៈប៉ូវកម្លាំង ២កំប៉ុង ក្នុង១ថ្ងៃ អាចមានបញ្ហាដល់ បេះដូង និងសម្ពាធឈាម យ៉ាងធ្ងន់ធ្ងរ!

អាមេរិក៖ ថ្មីៗនេះអ្នកវិទ្យាសាស្ត្រមួយក្រុម បានបញ្ចេញរបាយការណ៍ ថ្មីមួយទាក់ទងទៅនឹង ផលប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដែលបានមកពីការទទួលទានភេសជ្ជៈប៉ូវកម្លាំង ច្រើនលើសកម្រិត ព្រោះថាវាអាចធ្វើឲ្យបេះដូងរបស់មនុស្សមានបញ្ហា និងអាចធ្វើឲ្យពួកគេ ស្លាប់ភ្លាមៗផងដែរ។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ចេញពី របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ Pacific និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ David Grant ដែលស្ថិតនៅក្នុង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានឲ្យដឹងថា ការទទួលទានភេសជ្ជៈប៉ូវកម្លាំង ដែលមានផ្ទុកសារជាតិស្ករ និងកាហ្វេអ៊ីន ច្រើនលើសកម្រិត ពោលគឺត្រឹម ២កំប៉ុងក្នុង១ថ្ងៃ អាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះគឺវា បណ្តាលឲ្យចង្វាក់បេះដូងមានភាពមិនប្រក្រតី ព្រមទាំងសម្ពាធឈាមឡើងខ្ពស់ទៀតផង។

ក្រុមអ្នកវិទ្យាសាស្ត្រ បានបន្តទៀតថា ការទទួលទានភេសជ្ជៈប៉ូវកម្លាំង លើសកំណត់នេះអាចធ្វើឲ្យមាន ឥទ្ធិពលអាក្រក់ មកលើមនុស្ស បានយ៉ាងឆាប់រហ័ស គិតទៅគឺ ប្រហែលជាជាង២ម៉ោងប៉ុណ្ណោះ ដែលបណ្តាលឲ្យ មនុស្សប្រឈមមុខ នឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងរោគគាំងបេះដូង ជាហេតុធ្វើឲ្យពួកគេ អាចស្លាប់បាន មួយរំពេច នៅពេលណាមានការធ្វើទុក្ខម្តងៗ។

លោកសាស្ត្រាចារ្យ Sachin Shah មកពីសាកលវិទ្យាល័យ Pacific បាននិយាយបន្ថែមថា “ការស្រាវជ្រាវរបស់ពួកយើង រកឃើញថា ភេសជ្ជៈប៉ូវកម្លាំង អាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់មនុស្ស ជាពិសេសទាក់ទងទៅនឹង បេះដូង ព្រមទាំងសម្ពាធឈាម នៅពេលដែលមាន ការប្រើប្រាស់ ក្នុងកម្រិតខ្ពស់។ ដូច្នេះមនុស្សទាំងអស់ ជាពិសេសអ្នកដែល មានអាយុអំឡុងពី ១៦ឆ្នាំ ទៅដល់៥០ឆ្នាំ គួរតែប្រយ័ត្ន ចំពោះករណីមួយនេះ”។

គូសបញ្ជាក់ផងដែរថា នេះគឺជាការព្រមាន ថ្មីមួយទៀតរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ ទាក់ទងនឹងការ ទទួលទានភេសជ្ជៈ ដែលជាប្រភេទប៉ូវកម្លាំង ព្រោះថាវាពិតជា មានផលប៉ះពាល់ អាក្រក់ដល់សុខភាពមនុស្ស មិនធម្មតាមែន ម្យ៉ាងវិញទៀត អ្នកវិទ្យាសាស្ត្រ ក៏បានសន្និដ្ឋានថា កត្តាមួយនេះ ក៏អាចជាមូលហេតុ ធ្វើឲ្យមានមនុស្សស្លាប់ បាត់បង់ជីវិតភ្លាមៗ ដល់ទៅ៣៤ករណី កាលពីឆ្នាំ២០១៤ ផងដែរ៕

ទទួលទាន ភេសជ្ជៈប៉ូវកម្លាំង ២កំប៉ុង ក្នុង១ថ្ងៃ អាចមានបញ្ហាដល់ បេះដូង និងសម្ពាធឈាម យ៉ាងធ្ងន់ធ្ងរ!
ការទទួលទានភេសជ្ជៈប៉ូវកម្លាំង ច្រើនលើសកម្រិត ធ្វើឲ្យមនុស្សជួបវិបត្តិសុខភាព យ៉ាងធ្ងន់ធ្ងរ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត