រដ្ឋា​ភិ​បាល​អនុម័ត​អនុក្រឹត្យ​ជក់បារី​នៅ​ទីសាធារណៈ ដោយ​ផាកពិន័យ​២​ម៉ឺន​រៀល​សម្រាប់​អ្នក​បំពាន​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ គណៈរដ្ឋមន្ត្រី​បាន​បើក​កិច្ចប្រជុំ​ពិនិត្យមើល​សេចក្តីព្រាង​អនុក្រឹត្យនេះ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គ​​មហា​សេនាបតី​តោ​ជោ  ហ៊ុន សែននាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គណៈរដ្ឋមន្ត្រី​បានអនុម័ត​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​វិធាន​ការហាម​ការជក់​ឬ​ការបង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ​ឬ​កន្លែង​សាធារណៈ ដែល​អនុក្រឹត្យនេះ​នឹង​អនុញ្ញាត​ឲ្យ​ផាកពិន័យ​អ្នក​ជក់បារី​នៅ​កន្លែង​ហាមឃាត់​ចំនួន​២​ម៉ឺនរៀល​។​

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ករបស់លោក​ថា ​គណៈរដ្ឋមន្ត្រី​បានសម្រេច​អនុម័ត​លើ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​។​

​បើតាម​លោក ផៃ ស៊ី​ផាន សេចក្តីព្រាង​អនុក្រឹត្យ​នេះ​មាន​គោលបំណង​ចូលរួម​ក្នុងការការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ការពារ​​និង​ទប់ស្កាត់​ការរង​ផ្សែងផលិតផល​ថ្នាំជក់​ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​សុខភាព​ដល់​អ្នក​នៅ​ជុំវិញ​និងបរិស្ថាន​និ​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​។​

​លោក ផៃ ស៊ី​ផាន បន្តថា​នៅក្នុង​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​ក៏មាន​ចែង​អំពីការផាកពិន័យ​កម្រិត​ស្រាល​ដល់​បុគ្គល​ដែល​ប្រព្រឹត្តល្មើស​គឺ​២​ម៉ឺន​រៀល​ចំពោះ​អ្នកជក់បារី​នៅ​កន្លែង​ហាមឃាត់​ និង​៥​ម៉ឺន​រៀល​ចំពោះ​ម្ចាស់​កន្លែង​ដែល​មិន​ព្រម​បិទសញ្ញា​ហាម​ជក់បារី​ ឬ​នៅតែ​បន្ត​ដាក់​​បង្ហាញ​ចាន​គោះ​បារី​។​

 លោក​បាន​បន្តទៀតថា នៅ​ប្រទេស​ម៉ាឡេស៊ី មានការ​ផាកពិន័យ​ជា​ប្រាក់​ចំនួន៣,០៣០​ដុល្លារ​សម្រាប់​អ្នក​បំពាន​ប្រទេស​ឥណ្ឌូនេស៊ី​៥,៥៨៧​ដុល្លារ ប្រទេសប្រ៊ុយណេ ចំនួន​៧៩០​ដុល្លារ ប្រទេស​សិង្ហ​បុរី​ចំនួន​៧៥៦​ដុល្លារ ប្រទេស​មីយ៉ាន់​ម៉ា​ចំនួន​១៥៧​ទៅ​៧៨០​ដុល្លារ ប្រទេស​ហ្វីលីពីន​ចំនួន​១១​ទៅ​២៥៧​ដុល្លារប្រទេស​ថៃ​៦​ទៅ​៦៥​ដុល្លារ​និង​ប្រទេស​វៀតណាម​៤​ទៅ​១៤​ដុល្លារ​ចំពោះការប្រព្រឹត្ត​លើ្ម​ស​។​

​កន្លែង​សាធារណៈ​ដែល​ត្រូវ​ហាម​ការជក់បារី​មានដូចជា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា កន្លែងសាធារណៈ គ្រឹះស្ថាន​សាសនា សួន​កុមារ សារមន្ទីរ និង​រមណីយដ្ឋាន​វប្ប​ធម៌ប្រវត្តិសាស្ត្រ​ជាដើម​។​

​លោក ផៃ ស៊ី​ផាន បាន​លើក​ពី​របាយការណ៍​របស់​ក្រសួងផែនការ​ឆ្នាំ​២០១៤​ថា​អ្នក​មិនជក់បារី​៦០​ភាគរយ កំពុង​ស្រូប​ផ្សែង​បារី​ពី​គេ​។ ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​កម្ពុជាស្រូប​ផ្សែង​បារី​ពី​គេ​ខ្ពស់​ជាងគេ​គឺ​នៅ​ភោជនីយដ្ឋាន​/​អាហា​រដ្ឋា​ន​(៧៦​ភាគរយ​)នៅក្នុង​អគារ​ធ្វើការ​​របស់​រដ្ឋ​(៤៩​ភាគរយ​)​និង​នៅពេល​ធ្វើ​ដំណើរការ​តាម​មធ្យោបាយធ្វើដំណើរ​សាធារណៈ​(៣៤​ភាគរយ​)៕​

រដ្ឋា​ភិ​បាល​អនុម័ត​អនុក្រឹត្យ​ជក់បារី​នៅ​ទីសាធារណៈ ដោយ​ផាកពិន័យ​២​ម៉ឺន​រៀល​សម្រាប់​អ្នក​បំពាន​