ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ដោយ​ដកស្រង់​សម្តី​មេដឹកនាំ​ខ្លួន​លោក​គី​ម ជុង​អ៊ុ​ន ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​៤ មីនា ថា ផ្លូវ​តែ​មួយ​គត់​សម្រាប់​ការពារ​អធិបតេយ្យភាព​ជាតិ គេ​ត្រូវ​ត្រៀម​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​អាច​ដាក់​ពង្រាយ​នៅ​ពេល​ណា​ក៏​បាន ។

របាយការណ៍​របស់ KCNA បញ្ជាក់​ថា លោក​គី​ម ជុង​អ៊ុ​ន បាន​ដឹកនាំ​ធ្វើ​សមយុទ្ធ​បាញ់​ប្រព័ន្ធ​រ៉ុក្កែត​ហ្វូង LRM ក្នុង​កាលៈទេសៈ​ដែល​មានការ​គាបសង្កត់​ខាង​សេដ្ឋកិច្ច នយោបាយ និង​យោធា​របស់​ពួក​ចក្រពត្តិនិយម​អា​មេ​រិ​ក និង​ពួក​អ្នក​ដើរ​តាម​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​មួយ ។

ដោយ​រិះគន់​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​អនុម័ត​កាលពី​ថ្ងៃ​ទី​២ មីនា ដាក់​ទណ្ឌកម្ម​តឹងតែង​បំផុត​ប្រឆាំង​កូរ៉េ​ខាងជើង KCNA ចាត់​ទុក​ដំណោះស្រាយ​នេះ​ថា ជា​ការ​ប្រទូស្ត​រ៉ា​យ​យ៉ាង​សាហាវ​មួយ​ដោយ​ខុសច្បាប់​ចំពោះ​សិទ្ធិ​ឯករាជ្យ​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​សង្កេត​ដែនដី KWANGMYONGSONG-4 ទៅ​កាន់​តារាវិថី​។

ពេល​ត្រួតពិនិត្យ​សមយុទ្ធ​បាញ់​កាំជ្រួច​ហ្វូង​នេះ លោក​គី​ម ជុង​អ៊ុ​ន ធ្វើការ​កត់​សម្គាល់ថា សភាពការណ៍​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន​ធ្លាក់​ដល់​ដំណាក់កាល​គ្រោះថ្នាក់​មួយ ហើយ​គេ​ពុំ​អាច​ធ្វេសប្រហែស​ឡើយ ដោយ​ចាំ​មើល​ថា​តើ​ពួក​សត្រូវ​បន្តដំណើរ​ឆ្កួត​លីលា​ដូច​ជា​ធ្វើ​ប្រតិបត្តិការ​ក្បា​ត់​ក្បាល ឬ​កម្ទេច​របប​យើង​ជាដើម ។

លោក​គី​ម ជុង​អ៊ុ​ន ក៏​ធ្វើការ​កត់សម្គាល់​ផង​ដែរ​ថា ក្នុង​សភាពការណ៍​យ៉ាង​អាក្រក់​បំផុត​នេះ គេ​ត្រូវ​ពង្រឹងកម្លាំង​នុយក្លេអ៊ែរ​ក្នុង​ន័យ​២ គឺ​ទាំង​បរមាណ និង​គុណភាព​ដើម្បី​ការពារ​ប្រជាជាតិ ហើយ​ឱ្យ​មាន​តុល្យភាព​នៃ​កម្លាំង ។ លោក​បន្ត​ថា យើង​នឹង​ប្រើ​គ្រប់​មធ្យោបាយ​របស់​យើង​ដើម្បី​តបត​ខាង​យោធា​ដោយ​មិន​ត្រា​ប្រណី​ប្រឆាំង​សត្រូវ ។

ដោយ​សង្កត់ធ្ងន់​លើ​ការ​ពង្រឹង​កងកម្លាំង​យោធា លោក​គី​ម ជុង​អ៊ុ​ន គូសបញ្ជាក់​ថា ផ្នែក​ការពារ​ត្រូវ​ពង្រឹង​ក្នុង​រយៈពេល​ដ៏​ខ្លី​នូវ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ហ្វូង​ថ្មី ព្រមទាំង​អាវុធ​វាយប្រហារ​ទើប​ផលិត​ថ្មី​ៗ​ក្នុង​ផ្នែក​ប្រតិបត្តិការ​នៃ​ទីបញ្ជាការដ្ឋាន​ជាន់ខ្ពស់​ដែល​ដាច់ខាត​នឹង​មិន​ទុក​ឱ្យ​ពួក​សត្រូវ​ដេក​សុខ​ស្រួល​ក្នុង​សន្តិភាព​រហូត​ដល់​ត្រូវ​ជួប​ប្រទះ​នឹង​ទី​បញ្ចប់​លើ​ដែនដី​របស់​គេ​ឡើយ ។

សេចក្តីថ្លែងការណ៍​ទាំងនេះ​ធ្វើ​ង​ឡើង បន្ទាប់​ពី​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប អនុម័ត​ដំណោះស្រាយ​២២៧០ ដែល​ដាក់​ទណ្ឌកម្ម​ធ្ងន់​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ប្រឆាំង​កូរ៉េ​ខាងជើង ដោយសារ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​កាំជ្រួច​បាលី​ស្ទិ​ក​នា​ពេល​ថ្មី​ៗ​នេះ ។

គួរ​កត់សម្គាល់​ដែរ​ថា វោហា​សាស្ត្រ​របស់​លោក​គី​ម ជុង​អ៊ុ​ន ក៏​សំដៅ​ផង​ដែរ បង្កើន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​មុន​ពេល​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាងត្បូង​-​អា​េ​ម​រិ​ក KEY RESOLVE និង FOAL EAGLE ដែល​ប្រមូលផ្តុំ​បណ្តា​មធ្យោបាយ​យុទ្ធសាស្ត្រ ដូច​ជានា​វា​ផ្ទុក​យន្តហោះ​ប្រើ​ថាមពលនុយក្លេអ៊ែរ និង​យន្តហោះ​យុទ្ធសាស្ត្រ B-2 ជា​ដើម។

លោក​គី​ម ជុង​អ៊ុ​ន រហូត​ដល់​លើក​ឈ្មោះ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE ដោយ​និយាយ​ថា លោកស្រី PARK ប្រព្រឹត្ត​អំពើ​ល្ងីល្ងើ ស្រែក​ពី​ការ​វាយប្រហារ​បង្ការ​មុន ដោយ​ពង្រឹង​យ៉ាង​ខ្លាំង​នូវ​កងទ័ព​របស់​ខ្លួន​រួម​ដៃ​ជាមួយ​កង​យោធា​អា​េ​ម​រិ​ក ក៏​ប៉ុន្តែ​វោហា​សាស្ត្រ គ្រាន់តែ​ជា​ការ​បំផ្លាញ​ខ្លួនឯង​រយៈពេល​យូរ​ប៉ុណ្ណោះ ។

ប្រព័ន្ធ​រ៉ុក្កែត​ហ្វូង LRM នេះ​ដែល​បាញ់​សាក​ដោយ​កូរ៉េ​ខាងជើង ហាក់ដូចជា​ប្រើប្រាស់​ក្នុង​ការ​បាញ់​កាលពី​ថ្ងៃ​ទី​៣ មីនា ទៅ​កាន់​សមុទ្រ​ខាងកើត ។

KCNA គូសបញ្ជាក់​ថា នេះ​ជា​ប្រព័ន្ធ​ដែល​អាច​បាញ់ប្រហារ​លើ​គ្រប់​គោលដៅ​ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​កូរ៉េ​ខាងត្បូង ដោយ​អាច​បាញ់​ត្រង់​បំផុត ។ លោក​គី​ម ជុង​អ៊ុ​ន បាន​ដឹកនាំ​ការ​បាញ់​សាកល្បង​ប្រព័ន្ធ LRM មាន​គ្រាប់​ទំហំ​ធំ​នេះ​ចំនួន​១៣​លើក ហើយ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ៕