គណៈរដ្ឋមន្ត្រី បានសម្រេច អនុម័ត លើសេចក្តីព្រាង គោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០

ភ្នំពេញ៖ ជាងមួយទស្សវត្សរ៍ កន្លងទៅ គិតចាប់តាំងពី ឆ្នាំ២០០៣មក ដែលគោលនយោបាយ ជាតិប្រជាជនត្រូវបាន ដាក់ឲ្យប្រើប្រាស់ ហើយរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង យ៉ាងខ្លាំងជាលក្ខណៈពហុវិស័យ ក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងឡាយ ដែលពាក់ព័ន្ធនឹងប្រជាជន និងការអភិវឌ្ឍ។

សេចក្តីព្រាងព្រាងគោល នយោបាយជាតិប្រជាជន២០១៦-២០៣០ថ្មីនេះ ត្រូវបានលើកមកពិនិត្យ និងឆ្លងយោបល់ក្នុងកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៤ ខែមីនាឆ្នាំ២០១៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាវិមានសន្តិភាព ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នេះដែរក៏បានឆ្លងសេចក្តីព្រាង អនុក្រឹត្យ ស្តីពី វិធានការហាម ការជក់ ឬការបង្ហុយផ្សែងផលិតផល ថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសារធារណៈ និងបញ្ហាផ្សេងៗ មួយចំនួនទៀត។  

យោងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យ ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានឲ្យដឹង ថា ”វឌ្ឍនភាពគួរឲ្យកត់សម្គាល់ជាច្រើន ដែលសម្រេចបាន រហូតមកទល់ពេលនេះ គឺការធ្វើឲ្យប្រសើរឡើង នូវគុណភាពនៃជីវិតរបស់ប្រជាជន ជាពិសេស អាយុកាលសង្ឃឹមរស់ (កើនឡើងពី៥៨ឆ្នាំ សម្រាប់បុរស និង៦៤ឆ្នាំ សម្រាប់ស្រ្តី នៅឆ្នាំ២០០៤ ដល់ ៦៧ឆ្នាំ សម្រាប់បុរស និង៧១ឆ្នាំសម្រាប់ស្រ្តី នៅឆ្នាំ២០១៣)”។

លើសពីនេះក៏បាន បង្ហាញពីស្ថានភាព សុខភាពរបស់ មាតា ទារក និងកុមារ មានភាពប្រសើរឡើង ជាលំដាប់ ដែលស្តែងឡើងតាមការ ធ្លាក់ចុះយ៉ាងច្រើន នៃអត្រាមរណៈភាពមាតា ទារក និងកុមារ។ ការទទួលបានការអប់រំ បានប្រសើរឡើងជាលំដាប់ ទាំងបរិមាណ ទាំងគុណភាពដោយបានកាត់បន្ថយ ទាំងគម្លាតរវាង តំបន់ទីប្រជុំជន និងតំបន់ជនបទ ទាំងយុគភាពយេនឌ័រ ក្នុងវិស័យអប់រំ។ សេដ្ឋកិច្ចជាតិមានការរីកលូតលាស់ យ៉ាងឆាប់រហ័ស ទាំងបរិមាណ ទាំងគុណភាព។
ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ជាច្រើនត្រូវបានបង្កើតឡើង ដោយបានជំរុញឲ្យមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស (ផ.ស.ស. ក្នុងប្រជាជនម្នាក់បានកើនឡើង ពី៣៦៧ដុល្លារ ក្នុងឆ្នាំ២០០៣ ដល់១១៣៦ដុល្លារ ក្នុងឆ្នាំ២០១៤)និង២២១៧ដុល្លារ ក្នុងឆ្នាំ២០១៥ និងដែលបានបង្កើត ការងារជាច្រើនថែមទៀត ហើយបានរួមចំណែក យ៉ាងច្រើន ក្នុងការកាត់បន្ថយភាពក្រីក្រ (អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ២២,៩ភាគរយក្នុងឆ្នាំ២០០៩ មកនៅជុំវិញ១៤ភាគរយក្នុងឆ្នាំ ២០១៤)។

សេចក្តីប្រកាស ដដែលបញ្ជាក់ថា គោលនយោបាយ ជាតិប្រជាជន២០១៦-២០៣០ រៀបចំឡើងដោយក្រសួងផែនការ ផ្តោតលើ ក្របខ័ណ្ឌទស្សនៈពីរ គឺ ១-បន្តឈរលើគោលការណ៍ ដែលមានចែងនៅក្នុងគោល នយោបាយ ជាតិប្រជាជនឆ្នាំ២០០៣ ដោយទទួលស្គាល់និងគាំទ្រ ចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឲ្យមានសិទ្ធិ ជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត ហើយឲ្យមានលទ្ធភាព ទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ ។ ២-បង្ហាញអំពីស្ថានភាពបច្ចុប្បន្ន នៃការអភិវឌ្ឍនសេដ្ឋកិច្ច និងស្ថានភាព ប្រជាសាស្រ្ត វិភាគអំពីផលវិបាកចម្បងៗ ផ្នែកប្រជាសាស្រ្តមកលើការ អភិវឌ្ឍក្នុងពេលបច្ចុប្បន្ន និងអនាគត, កំណត់នូវការតម្រង់ទិសមួយចំនួន ដែលមានលក្ខណៈ គោលនយោបាយ និងកម្មវិធី។

គួបញ្ជាក់ផងដែរថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ បានផ្តោតការយកចិត្តទុកដាក់ លើចំណងទាក់ទងគ្នា រវាងបម្រែបម្រួល ប្រជាសាស្រ្ត និងការធ្វើផែនការអភិវឌ្ឍន៍ ដោយផ្តោតលើវិស័យអាទិភាពបួនគឺ ការអភិវឌ្ឍនិងការពង្រីក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត,ការគ្រប់គ្រង ទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម, ការពង្រីកវិស័យកសិកម្ម និងសកម្មភាពពាក់ព័ន្ធ, និងការវិនិយោគ លើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស៕

គណៈរដ្ឋមន្ត្រី បានសម្រេច អនុម័ត លើសេចក្តីព្រាង គោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០

គណៈរដ្ឋមន្ត្រី បានសម្រេច អនុម័ត លើសេចក្តីព្រាង គោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០

គណៈរដ្ឋមន្ត្រី បានសម្រេច អនុម័ត លើសេចក្តីព្រាង គោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០