មេដឹកនាំកូរ៉េខាងជើង ចេញបញ្ជាឲ្យ យោធាត្រៀមខ្លួន បាញ់ក្បាលគ្រាប់ នុយក្លេអ៊ែរ

ព្យុងយ៉ាង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ផ្លូវការនៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា ថ្នាក់ដឹកនាំកំពូល របស់កូរ៉េ ខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យ កម្លាំងយោធារបស់ខ្លួន ត្រៀមខ្លួន គ្រប់ពេលទាំងអស់ ក្នុងការ ប្រើប្រាស់ អាវុធនុយក្លេអ៊ែរ និងត្រូវរៀបច សម្រាប់ការវាយប្រហារ ជាមុនប្រឆាំងនឹង សត្រូវរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នេះដោយដកស្រង់ប្រភពពី ទីភ្នាក់ងារមជ្ឈឹមកូរ៉េ ដែលគ្រប់គ្រងដោយ រដ្ឋកូរ៉េខាងជើងលើកឡើង សម្ដីលោក គីម បន្ដទៀតថា  “ឥឡូវនេះគឺជាពេលវេលា សម្រាប់ពួកយើង ដើម្បីប្រើប្រាស់ឥទ្ធិពល យោធាចំពោះមុខសត្រូវ គ្រប់ទិដ្ឋភាពមុនទាំងអស់”។

លោក គីម ជុងអ៊ុន បានបន្ដទៀតថា មធ្យោបាយតែមួយគត់ សម្រាប់ការការពារ អធិបតេយ្យភាពប្រជាជាតិ និងសិទ្ធិរបស់យើង ក្រោមស្ថានភាព ធ្ងន់ធ្ងរបច្ចុប្បន្ននេះ គឺជំរុញឲ្យយើង បង្កើន កម្លាំងនុយក្លេអ៊ែរ ទាំងគុណភាព និងបរិមាណ។

សម្ដីរបស់លោក គីម ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ កាលពីថ្ងៃពុធ បានអនុម័ត សំណុំ នៃការដាក់ទណ្ឌកម្ម ថ្មីយ៉ាងតឹងរឹងលើ កូរ៉េខាងជើង ការធ្វើតេស្ត នុយក្លេអ៊ែរ លើកទី៤ កាលពីថ្ងៃទី០៦ ខែមករា និងប្រហែលមួយខែក្រោយមក បានបាញ់គ្រាប់រ៉ុក្កែត រយៈចម្ងាយឆ្ងាយ ដោយប្រើ បច្ចេកវិទ្យា មីស៊ីលឆ្លងទ្វីប ថែមទៀត ដែលទាំងពីរនេះ បាន រំលោភលើសេចក្តី សម្រេច របស់ពិភពលោក៕

មេដឹកនាំកូរ៉េខាងជើង ចេញបញ្ជាឲ្យ យោធាត្រៀមខ្លួន បាញ់ក្បាលគ្រាប់ នុយក្លេអ៊ែរ