ដណ្តឹង​បង ជិត​ចូល​រោង​ការ​ ពង្រត់​ប្អូន​

ខេត្តព្រៃវែង ៖ រឿងរ៉ាវ​​ស្នេហា​របស់​មនុស្សលោក មាន​ច្រើន​បែប ច្រើន​សណ្ឋាន និង​ច្រើន​រសជាតិ​ខ្លាំង​ណាស់ ដោយ​អ្នកខ្លះ​ស្រលាញ់​មិត្តភក្តិ​​ឯង អ្នកខ្លះ​ស្រលាញ់​សង្សារ​គេ ឯ​អ្នកខ្លះ​ទៀត​​ស្រលាញ់​បងថ្លៃ​ឯង ឬ​ប្អូនថ្លៃ​ឯង​ជាដើម ។ ហើយជា​​លទ្ធផល​នៃ​សេចក្តី​ស្នេហា​នោះ អ្នកខ្លះ​​ក៏​​ជួប​គ្នា អ្នកខ្លះ​ក៏​បែកបាក់​គ្នា អាស្រ័យ​ទៅ​តាម​កត្តា​​ផ្សេង​ៗ​នៅ​ជុំវិញ​ពួក​គេ ជា​ពិសេស​គឺ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ផ្ទាល់​ ។

ជាក់ស្តែង ​ដូច​ជា​រឿងរ៉ាវ​ស្នេហា​របស់​យុវជន​​១គូ ស្ថិត​នៅ​​ភូមិ​​សន្លុង ឃុំ​​រកា ស្រុក​​ពា​រាំង ខេត្តព្រៃវែង ឪពុក​ម្តាយ​​បាន​ទៅ​ដណ្តឹង​កូន​ក្រមុំ​​ឱ្យ​ និង​ជិត​​ដល់​ថ្ងៃ​ចូល​រោងការ​​ទៅ​ហើយ​នោះ ស្រាប់តែ​សាមីខ្លួន​ខាង​កូន​ប្រុស ដឹក​ដៃ​អនាគត​ប្អូនថ្លៃ​ដែល​ជា​គូសង្សាររត់​ចោល​រោងការ ​ទៅ​រួមរស់​ជាមួយ​គ្នា​តាម​បំណងប្រាថ្នា​យ៉ាង​មាន​ក្តី​សុខ ដោយ​មិន​ខ្វល់​ពី​អារ​ម្ម​ណ៍​​អ្នកណា​ទាំងអស់​។

ធ្វើ​ឱ្យ​​ឪពុក​ម្តាយ​ខាង​ស្រី ក្តៅ​ក្រ​ហាយ​​ទ្រាំ​មិន​បាន នាំ​គ្នា​​ទៅ​ដាក់​ពាក្យ​ប្តឹង​សុំ​ឱ្យ​​សមត្ថកិច្ច​តាម​រក​ចាប់​​កូន​ស្រី និង​​កូនប្រុស​​មក​​វិញ ព្រោះ​​ធៀប​ការ​​អញ្ជើញ​ភ្ញៀវ​អស់ហើយ​ ។

ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​នគរបាល​ស្រុក​ពារាំង​បាន​ឱ្យ​​ដឹង​ថា កាលពី​ថ្ងៃ​ទី០១ ​មី​នា ២០១៦ ឱ​ពុក​ម្ដាយ​ខាង​កូនស្រី បាន​មក​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​ថា កូនស្រី​របស់​​គាត់​​ឈ្មោះ​ទូច វ៉ា​ន់ អាយុ​១៤​ឆ្នាំ បាន​​បាត់​ពី​ផ្ទះ​​ចំនួន​មួយ​ថ្ងៃមួយ​យប់​​ ដោយ​មិនដឹង​ថា ​បាត់​ទៅ​ណា​នោះ​ទេ និង​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជួយ​តាម​រក​ផង ​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នេះ សមត្ថកិច្ច​ក៏​ចាប់ផ្តើម​ចុះ​ស្រាវជ្រាវ​តាម​រក​អស់​រយៈពេល​១​ថ្ងៃ​ ១​យប់ ទើប​​មាន​​ដំណឹង​ថា យុវតី ទូច វ៉ា​ន់ មិន​​បាន​​បាត់​ទៅ​ណា​ទេ គឺ​គេ​បានរ​ត់ទៅ​តាម​គូស្នេ​ហ៍​​ឈ្មោះ​រួន វ​ណ្ណា អាយុ​​២២​​ឆ្នាំ ដែល​ត្រូវជា​គូ​​ដណ្តឹង​​របស់​បងស្រី​​ខ្លួន ហើយ​​បច្ចុប្បន្ន​កំពុង​​​រស់នៅ​ និង​ធ្វើការ​នៅ​ទីក្រុង​​ភ្នំពេញ ​។

ជុំវិញ​រឿងរ៉ាវ​នៃ​​ការ​ពង្រត់​គ្នា​នេះ ត្រូវ​បាន​លោក ឃុន ថន មេឃុំ​រកា​ប្រាប់​​ឱ្យ​​ដឹង​​ថា គូ​ស្នេ​ហ៍១​គូ​នេះ​ បាន​លួច​ស្រលាញ់​គ្នា​​យូរ​មក​ហើយ ប៉ុន្តែ​ចាស់​ៗ​ទាំង​សងខាង​មិន​បាន​ដឹង ហើយ​ពេល​ដែល​ដឹង​​ថា ឪពុក​ម្តាយ​បាន​មក​ដណ្តឹង​​ឈ្មោះ ទូច រ៉ា​ន់ ដែល​ត្រូវជា​បងស្រី​របស់​គូស្នេ​ហ៍​​ខ្លួន​នោះ យុវជន រួន វ​ណ្ណា ក៏​មិន​បាន​ប្រាប់​ពី​រឿង​ស្នេហា​របស់​ខ្លួន​ទៀត គឺ​នាំ​គ្នា​លាក់​រៀងខ្លួន រហូត​ដល់​ពេល​ដែល​ឪពុក​ម្តាយ​ទាំង​សងខាង ចាប់ផ្តើម​ដើរ​ចែក​ធៀប​ការ ទើប​យុវជន រួន វ​ណ្ណា និង​យុវតី ទូច វ៉ា​ន់ ជា​គូស្នេ​ហ៍​សម្រេចចិត្ត​ដឹក​ដៃ​គ្នារ​ត់ទៅ​សាង​​ទ្រនំ​ស្នេ​ហ៍ ដោយ​មិន​ខ្វល់​ពី​ការ​សើចយំ​របស់​អ្នកស្រុក​អ្វី​ទាំងអស់ ទោះបី​ដឹង​ថា​ ការ​ធ្វើ​បែប​នេះ ​វា​ខុសឆ្គង​នឹង​ប្រពៃណី និង​ធ្វើ​​ឱ្យ​អាប់អោន​កិត្តិយស​គ្រួសារ​យ៉ាងណា​ក៏​ដោយ​ ។

​​នៅ​ថ្ងៃ​ទី​២ មីនា ខណៈ​ពេល​តាម​​ទៅ​រក​គូ​ស្នេហ៍​១​គូ​​នេះ​ដល់​រាជធានី​ភ្នំពេញ លោក​មេឃុំ​បាន​ជួប​អ្នក​ទាំង​២​​តាម​ទូរ​ស័ព្ទ​ ហើយ​គេ​បាន​ប្រាប់​ថា ពួក​គេ​បាន​រួមរស់​ជាមួយ​គ្នា​ជា​លក្ខណៈ​ប្តី​ប្រពន្ធ​ហើយ ព្រមទាំង​មានការ​ងារ​ធ្វើ​ទាំង​២​នាក់​​ហើយ​ដែរ ដូច្នេះ ​សូមកុំបារម្ភ​​ចំពោះ​​ពួក​គេ​​អី ហើយ​ក៏​មិនបាច់​តាម​រក​​ពួក​គេ​ដែរ ​។

លោកនាយ​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​រកា​បាន​បញ្ជាក់​​ថា ភ្លេង​ការ​ដែល​គ្រោង​នឹង​​បន្លឺ​ឡើង នៅ​ថ្ងៃ​ទី​២០ មីនា ​ខាង​​មុខ​​នេះ ត្រូវ​បាន​លុប​ចោល​វិញ​​ហើយ ហើយ​ឪពុក​ម្តាយ​សាមីខ្លួន​ទាំង​សង​ខាង ក៏​បាន​ដើរ​សំពះសុំទោស​ភ្ញៀវ​ពេញ​ភូមិ​ផង​ដែរ ព្រោះ​កម្មវិធី​ត្រូវ​លុប​ចោល​វិញ​។

ទោះជា​យ៉ាងណា​ក៏​​ដោយ ឪពុក​ម្តាយ​របស់​អ្នក​ទាំង​២ ពិសេស​ខាង​កូនស្រី​​​អះអាង​ថា មិន​ប្តឹងប្តល់​ និង​​មិន​ប្រកាន់​ទោស​​​អូស​ដំណើរ​អ្នក​ទាំង​២​នោះ​ទេ ធ្វើ​ម៉េច​បើ​កូន​ទាំង​២សម្រេច​ចិត្ត​ជ្រើស​ផ្លូវ​បែប​នេះ​ហើយ គឺ​ទុក​​ឱ្យ​វា​ទៅ​តាម​ដំណើរ​​​ទៅ​ចុះ​៕

ដណ្តឹង​បង ជិត​ចូល​រោង​ការ​ ពង្រត់​ប្អូន​
ដណ្តឹង​បង ជិត​ចូល​រោង​ការ​ ពង្រត់​ប្អូន​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត