ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​​ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​​ស្ត្រី​ម្នាក់​​បាន​​សម្រេច តែ​ជួប​គ្រោះថ្នាក់​ចរច​រាណ៍​ ត្រូវ​​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌឬ​ស្សីកែវ​​ចាប់​បាន ដែល​ហេតុ​ការ​នេះ​​​កើតឡើង​ កាលពី​វេលា​ម៉ោង១០​ព្រឹក​ថ្ងៃ​ទី០៤ ​មីនា ២០១៦ ស្ថិត​នៅ​ចំណុច​​ក្នុង​ផ្សារ​​ច្រាំង​ចំរេះ​​២ ​ក្នុង​ភូមិ​ខ​១ ក្រុម​ទី​២ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឬស្សីកែវ ។

ជន​សង្ស័យ​ទាំង​​២​នាក់​ ម្នាក់​ឈ្មោះហ៊ូ​ សុធា ​អាយុ​២០​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​​៦ ខណ្ឌឬស្សីកែវ និង​​ម្នាក់​ទៀត​​ឈ្មោះ​អឿ​ន មក​រា​ អាយុ​១៩​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​ព្រែក​តា​ពេន ស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំណែក​វត្ថុ​តាង​​ដក​ហូត​​មាន ម៉ូតូ​មួយ​គ្រឿង ម៉ាក Let's ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DE-0443 និង​​ទូរស័ព្ទ​ដៃ​របស់ជនរងគ្រោះ​ម៉ាកIphone 6 Plus មួយ​គ្រឿង ពណ៌​ទឹកមាស ។ ​ស្ត្រី​​រង​គ្រោះ​​ឈ្មោះ​ម៉េ​ង សុភា ភេទ​ស្រី អាយុ៤៤​ឆ្នាំ ជា​លក់ដូរ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ត្រូវ​​កម្លាំង​កង​​រាជ​អាវុធ​ប្រគល់​ទូរស័ព្ទ​​ឱ្យ​ទៅ​ជន​រង​គ្រោះ​វិញ ។

ប្រភព​ពី​សាក្សី​​ប្រាប់​ថា មុន​ដំបូង​ ​ស្ត្រី​រង​គ្រោះ​កំពុង​តែ​ឈរ​​និយាយ​ទូ​ស័ព្ទ​នៅ​មុខ​ផ្ទះ ស្រាប់តែ​​មាន​ជនសង្ស័យ​​២​នាក់​​​ ជិះ​ម៉ូតូ​មក​ជិត ហើយ​​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​រង​គ្រោះទៅបាត់​ ។ ក្រោយ​ពី​ជនសង្ស័យ​ឆក់​រួច ​បាន​ជិះ​គេចខ្លួន​ ខណៈ​នោះ​ក៏​មាន​កម្លាំង​​អាវុធហត្ថ​​ដេញ​តាម​ពីក្រោយ ធ្វើ​ឱ្យ​​ក្រុម​​ចោរ​នោះជិះ​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង ​​បណ្តាលឱ្យ​​ដួល ក៏​ត្រូវ​កម្លាំង​​ឃាត់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន​ ជន​សង្ស័យ​ទាំង​២​នាក់ ត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌឬស្សីកែ​វកំពុង​​កសាង​​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។