ក្មេង​ទំនើង​មក​អុកឡុក​គម្រាម​សម្លាប់ អ្នកស្រុក​ភូមិ​សិរី ប្រជាពលរដ្ឋ​សម្តែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព ព្រោះ​គ្មាន​អ្នកណា​ជួយ​ដោះស្រាយ​អោយ​


​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​រស់នៅក្នុង ភូមិ​សិរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ បានអោយ ដឹងថា កាលពី​យប់​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​៦​នាក់ ក្នុង​នោះគេ​ស្គាល់ ២​នាក់​ជា​កូនលោក​មេ​នគរបាល​ប៉ុស្តិ៍​ខុន​រ៉ង បាន​កាន់​ដាវ កាំបិត ដំបង និង​ច្រ​វ៉ា​ក់ ម៉ូតូ ទៅ​បង្ក​ការ​អុក ឡុ​ក​ដល់ផ្ទះ របស់​ពួកគាត់​ដោយ​បោះ​ពាក្យសំដី​ថា​៖ អា​អ្នកភូមិ​សិរី មិនអោយរ​ស់បាន​សុខ​ទេ នឹងមាន អាណា​មួយ​ងាប់​មិន​ខាន​។ ក្រោយពេល​កើតហេតុ​ពួកគាត់​បាន​ប្តឹងទៅ​នគរបាល​ប៉ុស្តិ៍​ហើយ​ដែរ តែ​មកដល់​ថ្ងៃទី​០៣ ខែ​មិនា នេះ​ពុំមាន​អ្នកណា​ដោះស្រាយ​ឡើយ ធ្វើអោយ​ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​

បងប្អូន​ប្រជាពលរដ្ឋ​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មិនា នេះ​ថា​៖ នៅ​យប់​ថ្ងៃទី​២៩ ខែ​កុ​ម្ភះ ម៉ោងជាង​៩​យប់ មាន​ម៉ូតូ​៣​គ្រឿង ជិ​៖​គ្នា​៦​នាក់ បាន​បើក​មកដល់​តូប​លក់ដូរ​មួយកន្លែង ក្នុងស្ថានភាព ស្រវឹង​ជោគជាំ​គ្រប់ៗ​គ្នា ហើយ​បាន​រោទ៍​សម្លេង​ម៉ូតូ​ខ្លាំង ដោយមាន​កាន់​ដាវ កាំបិត ច្រ​វ៉ា​ក់​ម៉ូតូ និង​ដំបង និង​បាន​សួររក​ទិញ​ស្រា​ពី​អ្នកលក់ តែ​អ្នកលក់​គាត់​មិន​លក់​អោយ​ដោយ​និយាយថា​៖ រោទ៍​ម៉ូតូ​អី​ប្អូន​យប់ ជ្រៅ​ហើយ ខ្ញុំ​បិទទ្វារ​មិន​លក់​អោយ​ទេ​។ បន្ទាប់មក​ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​ជិះ ម៉ូតូ​ទៅផ្ទះ ស្ត្រី ឈ្មោះ ឌៀវ មុំ និង​បាន​រោទ៍​ម៉ូតូ​ទៀត ហើយ​បាន​ដើរ​ចូលទៅ​ក្រោមផ្ទះ ដេញ​វាយ​ឆ្កែ ព្រូស​ពេញ​ទ្រហឹង ឃើញបែបនេះ​ស្ត្រី​ម្ចាស់ផ្ទះ​បាន​សួរ មានរឿង​អី ហើយ​ម៉េច​ធ្វើ​អញ្ចឹង ពេលនោះ​ក្រុម​ក្មេង​ទាំង​នោះបាន គម្រាមថា កុំ​ចេះ​នៅ​អោយ​ស្ងៀម ខ្ញុំ​រកតែ​អា​អ្នក​មានរឿង​ជាមួយ​ទេ ! ។ ស្ត្រី​ខាងលើ​បាន​បន្តថា ប្តី​គាត់​នៅលើផ្ទះ​មិន​ហ៊ាន​ធ្វើ​អី​ទេ ព្រោះ​ឃើញ​គេ​មាន កាំបិត ដាវ ដំបង និង​ច្រ​វ៉ា​ក់​ម៉ូតូ គ្រប់​ដៃ ។

​ប្រជាពលរដ្ឋ​បាន​អោយដឹងទៀតថា​៖ បន្ទាប់មក​ក្រុម​ក្មេង​ទាំងនោះ បាននាំគ្នា​ទៅផ្ទះ ស្ត្រី​ឈ្មោះ គិត សិន ហើយ​បាន​នាំ​កាប់បំផ្លាញ​ទ្រុងមាន់​របស់គាត់​ខ្ទេចខ្ទី​អស់ ដែល​គ្រួសារ​គាត់​ជា​ជនក្រីក្រ ត្រូវបាន​អង្ក ការ អោយ​ទន់​ចិញ្ចឹម​មាន់ ។ នៅ​យប់កើតហេតុ​នោះ ពួកគាត់​បាន​ទូរ​សព្ទ័​ទៅ​នគរបាល​ប៉ុស្តិ៍​ដែរ តែ​គេ​មិន​លើក ហើយ​ស្អែក​ឡើង​បាននាំគ្នា​ប្តឹងទៅ​នគរបាល​ប៉ុស្តិ​ដែរ តែ​មកដល់ពេលនេះ​មិនទាន់បាន​ដោះ ស្រាយ​បែបណា​នៅឡើយ​ទេ​ហើយ​ក្នុងចំណោម​ក្មេង​ទាំងនោះ​មាន​២​នាក់ គឺជា​កូនលោក​មេ​ប៉ុស្តិ៍​។

​លោក ទឹម សុផាន ជា​នាយ​នគរបាល​ប៉ុស្តិ៍​ខុន​រ៉ង បានអោយដឹងថា​៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មិនា​ពួក គាត់​បាន​ទៅ​ស្រាវជ្រាវ​រឿងនេះ​ហើយ​ដែរ គឺ​ពីដំបូង​ឡើង ក្រុម​ក្មេង​ទាំងនោះ​បាន​ទៅ​ទិញ​អី​ហូប​នៅ​ភូមិ​នោះ ហើយក៏​ស្រាប់​តែមាន​ក្មេង​ក្នុងភូមិ បាន​លួច​បាញ់​ជំ​ពាម​កៅស៊ូ មកលើ​ក្រុម​ក្មេង​ទាំងនោះ ទើប​ពួកគេ​ដេញតាម​ទៅ​ឃើញ​រត់​ចូល​ក្រោមផ្ទះ ទើប​ពួកគេ​តាមបែប​នេះ ហើយ​រឿងនេះ សមត្ថកិច្ច​នឹងធ្វើ​ការ​ប្រជុំ​ដោះស្រាយ​គ្នា នៅ​ព្រឹក​ថ្ងៃទី ០៤ ខែ​មិនា ស្អែក​នេះ ហើយ​គាត់​ក៏បាន​បញ្ជាក់ដែរថា នៅក្នុង​ចំណោម​ក្មេង​ទាំងនោះ ក៏មាន​កូនប្រុស​គាត់​២​នាក់​ពិតមែន ។

​លោក លី វីរៈ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា​៖ រឿងនេះ លោក​បានអោយ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្រាវជ្រាវ​ហើយ នឹងធ្វើ​ការដោះស្រាយ​គ្នា​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៦​នេះ ។​ ចំពោះ​ការដោះស្រាយ​បាន​លទ្ធផល​បែបណា​នោះ​យើង​នឹង​ជូនដំណឹង​បន្តទៀត ៕ រិ​ទ្ធិ ជ័យ

KA-04-02-2016-06 KA-04-02-2016-07 KA-04-02-2016-08