Mitt Romney៖ បើ​ដូ​ណា​ល់​ត្រាំ​ឈ្នះ​ការតែងតាំង​ពី​បក្ស ហ៊ី​ឡា​រី គ្លី​ន​តុ​ន ងាយ​ឈ្នះ​

​ចលនា​ប្រឆាំង​បេក្ខជន​នាំមុខ ដូ​ណា​ល់ ត្រាំ (Donald Trump) ក្នុង​បក្ស​សាធារណរដ្ឋ​ចាប់ផ្តើម​កើនឡើង​ខ្លាំង​ហួសការ​រំពឹងទុក​។ អតីត​បេក្ខជន​ប្រធានាធិបតី លោក Mitt Romney បាន​ចេញមុខ​វាយប្រហារ​សេដ្ឋី​អចលនទ្រព្យ ហើយ​លោក​ក៏​វាយតម្លៃ​ជាមុន​ថា បក្ស​សាធារណរដ្ឋ​នឹង​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី បើ​ដូ​ណា​ល់ ត្រាំ កា្ល​យ​ជា​បេក្ខជន​តំណាង​បក្ស​មែន​។ 

សូមស្ដាប់ព័ត៌មានលម្អិត៖

​បណ្តា​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​កំពុង​ព្រួត​គ្នា​ធ្វើយ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​សេដ្ឋី​អចល​ទ្រព្យ ដូ​ណា​ល់ ត្រាំ ឈ្នះ​ការតែងតាំង​ក្នុង​បក្ស​នៅពេល​ខាងមុខ​។ លទ្ធផល​បោះឆ្នោត​ថ្ងៃ Super Tuesday  កន្លងទៅ ដែល​ដូ​ណា​ល់​ត្រាំ ឈ្នះ​នៅ​រដ្ឋ ៧ ក្នុងចំណោម​រដ្ឋ ១១​នោះ កាន់តែ​ធ្វើ​ឲ្យ​អ្នក​សារ​ធារ​ណ​រដ្ឋ​បារម្ភ​កាន់តែខ្លាំង​។​

​ដោយ​មិនអាច​ទ្រាំ​បាន អ្នក​សាធារណរដ្ឋ និង​ជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ ២០១២ លោក Mitt Romney បាន​ចេញមុខ​ទិតៀន​លោក ដូ​ណា​ល់ ត្រាំ ហើយ​លោក​ក៏​ព្រមាន​ពី​គ្រោះថ្នាក់​សម្រាប់​បក្ស​បើសិន​បេក្ខជន​ម្នាក់នេះ​ទទួល​ការតែងតាំង​ពី​បក្ស​នៅពេល​ខាងមុខ​ដែរ​។​

​សម្រាប់​លោក Mitt Romney បេក្ខជន​ដូចជា ដូ​ណា​ល់​ត្រាំ នោះ​មិន​ស័ក្តិ​សមជា​អ្នកតំណាង​បក្ស​ឡើយ ហើយ​លោក​ក៏​ជឿជាក់​មាន​បេក្ខជន​ដែល​ប្រសើរ​ជាង​សេដ្ឋី​ដូ​ណា​ល់​ត្រាំ​ដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ អតីត​បេក្ខជន​ប្រធានាធិបតី​នេះ​បាន​ហៅ​លោក ដូ​ណា​ល់​ត្រាំ ចំៗ​ថា​ជាម​នុស្ស​ក្លែងក្លាយ បោកប្រាស់ និង គ្មាន​ការគិតគូរ​វែងឆ្ងាយ​។ លោក​ចាត់ទុកថា អ្វីដែល​លោក ត្រាំ យកមក​ឃោសនា​ជា​រឿង​ស្រមើស្រមៃ​ច្រើនជាង​ការពិត​ជាក់ស្តែង ហើយ​វា​ក៏​មិន​ឆ្លើយតប​បញ្ហា​ប្រឈម​អាមេរិក​បច្ចុប្បន្ន​ដែរ​។​

​លោក​ថា​៖« សំណើរ​គោលនយោបាយ​សំខាន់​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ​បច្ចុប្បន្ន​ច្រើនជាងគេ​គឺ​ចេញពី​បេក្ខជន​បីនាក់​មាន​លោក ម៉ា​កូ រ៉ូ​ប៊ី​យ៉ូ លោក ថេត គ្រុស និង​លោក ច​ន ខា​ស៊ី​ច​។ ដូច្នេះ​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងបី​គួរតែ​ជា​តំណាង​របស់​បក្ស​»​។ 

​គោលជំហរ​របស់លោក បង្ហាញ​ច្បាស់​ថា មេដឹកនាំ​បក្ស​សាធារណរដ្ឋ​គ្មាន​ទំនុកចិត្ត​លើ ដូ​ណា​ល់ ត្រាំ ឡើយ ហើយ​គេ​ក៏​រក​វិធានការ​ដើម្បី​កុំ​ឲ្យ​សេដ្ឋី​នេះ​ទទួល​ជ័យជម្នះ​រហូត​ឈ្នះ​ការតែងតាំង​ពី​បក្ស​ផងដែរ​។

​លោក Mitt Romney ក៏​ព្រលយ​ពាក្យ​ផង​ថា លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន អាច​នឹង​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ ៨​វិច្ឆិកា​ខាងមុខ បើសិន​ករណី ដូ​ណា​ល់ ត្រាំ ក្លាយជា​បេក្ខជន​តំណាង​បក្ស​មែន​នោះ​។ 

​ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ ឆ្លើយតប​វិញ​ផងដែរ ដោយ​លោក​ថា មានតែ​លោក​ម្នាក់​គត់​ដែល​អាច​ផ្តួល​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ដូចជា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ លោក​ថា​៖​​« ខ្ញុំ​តែ​ម្នាក់​គត់​ដែល​អាច​ឈ្នះ ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ ខ្ញុំ​មិនមែន Mitt Romney ដែល​មិនដឹង​ធ្វើ​យ៉ាងម៉េច​បានឈ្នះ​។ ចុះ​ហេតុអ្វី​បានជា Mitt Romney សុំ​ឲ្យ​ខ្ញុំ​ជួយ​គាំទ្រ​កាលពី​បួន​ឆ្នាំមុន​»​។ បេក្ខជន​ម្នាក់នេះ​រំលឹក​កាលពី​បួន​ឆ្នាំមុន នៅពេលដែល​លោក​ចេញមុខ​គាំទ្រ ពេល​លោក  Mitt Romney កំពុង​ប្រជែង​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។​

​កន្លងមក ប្រធានសភា​អាមេរិក លោក Paul Ryan ដែលជា​សមាជិក​បក្ស​សាធារណរដ្ឋ​ដែរនោះ ក៏បាន​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ដែរ​ចំពោះ​សកម្មភាព​របស់លោក ដូ​ណា​ល់ ត្រាំ ដូចគ្នា​។ លោក​ព្រមាន​ជាមុន​ថា លោក​នឹង​រិះគន់​និង​ប្រឆាំង​សកម្មភាព​ណាមួយ​ដែល​ប៉ះពាល់​ដល់​បក្ស​និង​ប្រទេសជាតិ​។ ក្រៅពីនេះ មេដឹកនាំ​បក្ស​សាធារណរដ្ឋ​ដែលមាន​ឥទ្ធិពល​ផ្សេងទៀត​នោះ ក៏​គ្រោង​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ដើម្បី​ប្រឆាំង​និង​ទម្លាក់​ប្រជាប្រិយភាព​លោក ដូ​ណា​ល់ ត្រាំ នាពេលខាងមុខ​ផង​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​