ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

មនុស្ស​ទីក្រុង​ភ្នំពេញ​ស្ទើរ​ទាំងអស់ ​កាន់​ស្មា​ត​ហ្វូ​ន​​ដោយ​ធ្វើ​​ឱ្យ​វា​ក្លាយទៅជា​មិត្ត​ដ៏​ជិត​ស្និទ្ធិ​​របស់​មនុស្ស​ ។ តើ​ស្មា​ត​ហ្វូ​ត ​មាន​ឥ​ទ្ធិ​​ពល​ដល់​​កម្រិត​ណា ​ចំពោះ​ជីវិត​​រស់នៅ​​របស់​មនុស្ស​យើង​?

សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​ប្រកាស​ថា ស​ម្តេច​មាន​ស្មា​ត​ហ្វូ​ន​រហូត​ដល់​៥​គ្រឿង​ ដើម្បី​តាមដាន​ព័ត៌មាន ដើម្បី​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​របស់​សម្តេច ដើម្បី​ទំនាក់ទំនង​ជាមួយ​មហាជន​ តាម​រយ​:​បណ្តាញ​សង្គម​ជាដើម​ ។ សម្តេច​បាន​លើកទឹកចិត្តឱ្យ​
មន្ត្រី​ទាំងអស់​ ត្រូវ​តែ​ទាញ​យក​ប្រយោជន៍​​អំពី​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​​បានដឹង​រហ័ស​អំពី​បញ្ហា​របស់​ប្រជាជន ​និង​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ទាន់​​ពេល​វេលា​ ។

ដោយសារ​តែ​សារសំខាន់​នៃ​ទូរស័ព្ទ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នោះ ការ​អង្កេត​មួយ​របស់​មូលនិធិ​អាស៊ី (Asia Foundation) បាន​រក​ឃើញ​ថា មនុស្ស​ជាង​៩៤% ​ដែល​បាន​ស្ទង់​មតិ​បាន​ឆ្លើយ​ថា ​ពួក​គេ​មាន​កាន់​ទូរស័ព្ទ ​។ ចំណែក​ចំនួន​៣៩,៥ នៃ​អ្នក​ប្រើ​ទូរស័ព្ទ​ដៃ ​គឺ​មាន
​ស្មា​ត​ហ្វូ​ន ​។ ការ​សិក្សា​ស្រាវជ្រាវ​ដដែល​ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ​នៅ​ឆ្នាំ​២០១៥​ មនុស្ស​ស្ទើរតែ​ម្នាក់​ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា
​បី​នាក់ ​គឺ​មាន​ល​ទ្ធ​ភាព​ប្រើប្រាស់​អ៊ី​ន​ធើ​រណេត ​និង​ហ្វេ​ស​ប៊ុ​ក ​។ ដោយឡែក​ កាលពី​ឆ្នាំ​២០១៤ អ្នកមាន​​ស្មា​ត​ហ្វូ​ន ​មាន​ត្រឹមតែ​
២៦,១​%​​ប៉ុណ្ណោះ​ ។

នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ គេ​ឃើញ​មនុស្ស​គ្រប់​វ័យ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ក្នុង​គោលបំណង​ផ្សេង​ៗ​គ្នា​ ។ ខ្លះ​ប្រើ​វា ​ដើម្បី​ទំនាក់ទំនង​តាម​អ៊ី​ម៉ែល​ឱ្យ​​បាន​លឿន ខ្លះ​ប្រើ​វា​​មើល​ព័ត៌មាន ខ្លះប្រើ​វា​មើល​ហ្វេ​ស​ប៊ុ​ក ខ្លះ​ប្រើ​វា​លេង​ហ្គេ​ម ខ្លះ​ប្រើ​វា​ ដើម្បី​ធ្វើ​ជំនួញ​។​ល​។ ​និង
​។​ល​។ និយាយ​ជា​រួម ស្មា​ត​ហ្វូ​ន​អាច​នៅ​ជិត​មនុស្ស​ច្រើន​ជាង​គូ​​ស្នេហ៍ ​ឬ​ក៏​ប្តី​-ប្រ​ព​ន្ធ​ទៅ​ទៀត ​ក៏​មាន ​។ ទាំង​នេះ ​ក៏​ព្រោះតែ​ម្នាក់​ៗ​
សុ​ទ្ធ​​តែ​យល់​ថា​ វា​មាន​ប្រយោជន៍​​សម្រាប់​ការងារ ការ​សិក្សា ទំនាក់ទំនង និង​កម្សាន្ត​ជាដើម​ ។

មាន​មនុស្ស​តិច​ណាស់​ បាន​នាំ​គ្នា​និយាយ​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​របស់​វា​ចំពោះ​​មនុស្ស ​។ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​ប្រៀប​បីដូច​ជា​​កាក់​មួយ​ដែល​ម្ខាង​​វិជ្ជមាន ​និង​ម្ខាង​ទៀត​អវិជ្ជមាន​ ។ ដូច្នេះ​ តើ​អ្វី​ទៅ​ជា​ផល​អាក្រក់​របស់​ស្មា​ត​ហ្វូ​ន​ចំពោះ​មនុស្ស?

ដូច​ជា​ផលប្រយោជន៍​ដែរ ស្មា​ត​ហ្វូ​ន ​ក៏​មានគុណ​វិបត្តិ​មួយ​ចំនួន ​សម្រាប់​ជីវិត​រស់នៅ​ និង​ការងារ​របស់​មនុស្ស ​។ ដូច្នេះ​វា​ចាំបាច់​ណាស់​ ដែល​ត្រូវ​ចៀសវាង​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ​ដែល​នាំ​ដល់​​ផល​អាក្រក់​សម្រាប់​មនុស្ស​ ។

រឿង​សំខាន់​មួយ​នោះ​ គឺ​នៅ​ពេល​ដែល​វា​បាន​ភ្ជាប់​​ទំនាក់ទំនង​មនុស្ស​ដែល​នៅ​ឆ្ងាយ​ពី​គ្នា ស្មា​ត​ហ្វូ​ន​បាន​ធ្វើ​ឱ្យ​​ដាច់​ទំនាក់ទំនង​ផ្ទាល់​រវាង​មនុស្ស ​និង​មនុស្ស ​។ តើ​អ្នក​មាន​ធ្លាប់​ឃើញ​ទេ​ថា ​នៅ​តុ​បាយ​មួយ ​ឪពុក​និង​ម្តាយ អង្គុយ​ឈ្ងោក​​ចុច​ទូរ​សព្ទ័​ ហើយ​កូន​ៗ​ក៏​នាំ​គ្នា​ចុច​ទូរស័ព្ទ​ដូច​គ្នា ​ដោយ​ធ្វើឱ្យ​​យើង​មើលទៅ​ ហាក់ដូច​គ្មាន​ទំនាក់ទំនង​នឹង​គ្នា​សោះ​ ។ ដូច្នេះ ​វា​ធ្វើ​ឱ្យ​​មនុស្ស​ជំនាន់​ថ្មី​ មិនសូវ​មាន​ជំនាញ​ នៅ​ក្នុង​ការ​ទំនាក់ទំនង​មនុស្ស​នៅ​ក្នុង​សង្គម ​ឬ​ក៏​វា​ធ្វើ​ឱ្យ​​ទំនាក់ទំនង​គ្រួសារ​មិនសូវ​រឹង​មាំ​ជា​ដើម ​។

ចំណុច​មួយទៀត​នោះ​ គឺ​វា​ធ្វើ​ឱ្យ​​មនុស្ស​បាត់បង់​ការ​ផ្ចង់ស្មារតី​ ហើយ​អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​​ក៏​មាន ​។ អ្នក​ធ្លាប់​ខឹង​នឹង​មនុស្ស​ប្រើ​ទូរស័ព្ទ​នៅ​ពេល​បើកបរ ដើម្បី​ទូរស័ព្ទ​ក៏​បញ្ជូន​សារ​ដែរ​ឬទេ? រឿង​នេះ​ពិតជា​បាន​កើត​មាននៅ​ក្នុង​សង្គម​រស់នៅ​របស់​យើង ​។

មិន​ទាន់​អស់​ទេ​ ​ស្មាន​ហ្វូ​ន​ក៏​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ផង​ដែរ នៅ​ពេល​ដែល​​វា​ត្រូវ​បាន​ប្រើ​យ៉ាង​​វក់វី​​នោះ​ ។ គ្រូពេទ្យ​ឯក​ទេស​រក​ឃើញ​ថា​ ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ច្រើន​ហួសហេតុ​ បង្ក​បញ្ហា​សុខភាព​ជា​ច្រើន​ដល់​មនុស្ស ​។ ក្នុង​ចំណោម​បញ្ហា​ទាំងនោះ​ មាន​ដូច​ជា​ការ​ដេក​មិន​លក់ ការ​ធ្វើឱ្យ​​ប្រាជ្ញា​ចុះ​ថយ ​ដោយសារ​ខួរក្បាល​កាន់តែ​​ស្ទក់ ការ​ឈឺ​សាច់ដុំ​.ក និង​ការ​ប៉ះពាល់​ភ្នែក​ជាដើ​ម​ ។

ដូច្នេះ​ តើ​យើង​គួរ​នាំ​គ្នា​ឈប់​ប្រើ​ស្មា​ត​ហ្វូ​ន​ឬទេ? យើង​ត្រូវ​តែ​ប្រើ​វា ​ប៉ុន្តែ​ប្រើ​វា​​ឱ្យ​​បាន​ត្រឹម​ត្រូវ និង​កុំឱ្យ​​ហួសហេតុ​ពេក​ ។

ចុះ​អ្នក​អាន​កោះសន្តិភាព​​យល់​ឃើញ​យ៉ាងណា ​អំពី​ផលប្រយោជន៍​ និង​គុណវិបត្តិ​របស់​ស្មា​ត​ហ្វូ​ន? សូម​ជួយ​ផ្តល់​យោបល់​​ផ្ទាល់ខ្លួន​និង​ជួយ​ Share អត្ថបទ​នេះ ​ទៅ​កាន់​មិត្ត​របស់​អ្នក ​ដើម្បី​ផលប្រយោជន៍​ទាំងអស់​គ្នា​ ។

ដោយ ៖ រ័ត្ន ធីយ៉ា