នាវាមួយគ្រឿង ដឹកភ្ញៀវទេសចរ បរទេសជិត ១០០០នាក់ ចូលចតកំពង់ផែ ព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍ មួយគ្រឿង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ បាននាំភ្ញៀវ ទេសចរចម្រុះជាតិ សាសន៍ចំនួនជិត ១០០០នាក់ ធ្វើដំណើរចូលចត នៅកំពង់ផែស្វយ័ត អន្តរជាតិខេត្តព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅកម្ពុជារយៈពេល១ថ្ងៃ។ នេះបើយោងតាម ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP។

លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរ បាលច្រកទ្វារ កំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុបានថ្លែថា "នាវាទេសចរណ៍ SEABOURN SOJOURN ដែលមានបណ្តោយ ១៩៨ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងជម្រៅទឹក ៦.៤ម៉ែត្រ បាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ជិត ១០០០នាក់ ក្នុងនោះភ្ញៀវទេសចរ មានចំនួន ៤៣៦នាក់ ស្រី ២១៤នាក់ ព្រមទាំងមាន ២១សញ្ជាតិផ្សេងគ្នា និងមាននាវិកសរុប ៣៥៥នាក់ ក្នុងនោះស្រី៩៩នាក់ មាន ៥៤សញ្ជាតិ បានធ្វើដំណើរតាម នាវាទេសចរណ៍ SEABOURN SOJOURN មកពី ប្រទេសថៃចូលចត កំពង់ផែ អន្តរជាតិខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ២០១៦ ក្នុងដំណើរទស្សនាចរនៅ ក្នុងព្រះរាជាណាចក្រ កម្ពុជារយៈពេលមួយថ្ងៃ មុននឹងឆ្ពោះ ទៅកាន់ប្រទេសថៃ នៅល្ងាចថ្ងៃដដែលនេះ "។

លោកវរសេនីយ៍ឯក ស៊ាង ឡេង បានឱ្យដឹងបន្តទៀតថា ភ្ញៀវទេសចរដែលធ្វើដំណើរ តាមនាវាទេសចរណ៍ SEABOURN SOJOURN មានជាច្រើនសញ្ជាតិ ហើយភ្ញៀវដែល មានសញ្ជាតិច្រើនជាង គេមានដូចជា អាម៉េរិកមានចំនួន ១៥៧នាក់ អង់គ្លេស ១១២នាក់ និងអូស្ត្រាលី ៤៨នាក់។ ភ្ញៀវទេសចរដែលបាន ធ្វើដំណើរ តាមនាវា SEABOURN SOJOURN ភាគច្រើនជាមនុស្ស ដែលមានវ័យចំណាស់។

ប្រធានប៉ុស្តិ៍នគរបាល ច្រកទ្វារកំពង់ផែ ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅ ដើមឆ្នាំ២០១៦នេះ កំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ទទួលបាននាវាទេសចរណ៍ បរទេសចូលចតជាច្រើន គ្រឿងរួចមកហើយ និង បាននាំភ្ញៀវទេសចរ បរទេសចម្រុះជាតិ សាសន៍ ចូលមកទស្សនាចរនៅ ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ខេត្តព្រះ សីហនុ ទទួលបានភ្ញៀវទេសចរ បរទេសជាច្រើន នេះបញ្ជាក់ឱ្យឃើញនូវ ការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់។ ការធ្វើដំណើរតាមផ្លូវ ទឹកក៏ជាការពេញនិយម សម្រាប់ភ្ញៀវទេសចរបរទេស ក៏ដូចជាភ្ញៀវ ទេសចរក្នុង ស្រុកផងដែរ ដែលបានធ្វើដំណើរមក កម្សាន្តនៅព្រះរាជាណា ចក្រកម្ពុជាមានការកើនឡើង ជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជា ក្លឹបឆ្នេរស្អាតលើពិភពលោក នៅឆ្នាំ២០១១មកម៉្លេះ ដែលជាកត្តាក្នុងការ ទាក់ទាញភ្ញៀវទេសចរ បរទេសមកលេងកម្សាន្ត កាន់តែច្រើន ឡើងថែមទៀត៕