រដ្ឋាភិបាល​អនុម័ត​សេចក្ដី​ព្រាង​គោលនយោបាយ​ជាតិ​ប្រជាជន​២០១៦-​២០៣០

​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា សម្រេច​អនុម័ត​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​ថា គោលនយោបាយ​ជាតិ​ប្រជាជន​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​២០០៣។ សេចក្ដី​ព្រាង​ថ្មី​នេះ ត្រូវ​បាន​រៀបចំឡើង​ដោយ​ទទួល​ស្គាល់ និង​គាំទ្រ​ចំពោះ​សិទ្ធិ​របស់​គូ​ស្វាមី​ភរិយា និង​បុគ្គល​ទាំង​អស់​ឲ្យ​មាន​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​សេរី និង​ដោយ​ទទួល​ខុស​ត្រូវ​លើ​ចំនួន​កូន និង​ការ​ពន្យារ​កំណើត ហើយ​ឲ្យ​មាន​លទ្ធភាព​ទទួល​បាន​នូវ​ព័ត៌មាន ការ​អប់រំ សេវា និង​មធ្យោបាយ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត។

សេចក្ដី​ព្រាង​នេះ ក៏​បង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ស្ថានភាព​ប្រជាសាស្ត្រ វិភាគ​អំពី​ផលវិបាក​ចម្បងៗ​ផ្នែក​ប្រជាសាស្ត្រ​មក​លើ​ការ​អភិវឌ្ឍ​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត ព្រម​ទាំង​កំណត់​នូវ​ការ​តម្រង់​ទិស​មួយ​ចំនួន​ដែល​មាន​លក្ខណៈ គោលនយោបាយ និង​កម្មវិធី។

គោលនយោបាយ​ជាតិ​ប្រជាជន ក៏​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណង​ទាក់ទង​រវាង​បម្រែបម្រួល​ប្រជាសាស្ត្រ និង​ការ​ធ្វើ​ផែនការ​អភិវឌ្ឍន៍ ដោយ​ផ្ដោត​លើ​វិស័យ​អាទិភាព​៤ គឺ​ការ​អភិវឌ្ឍ និង​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ការ​គ្រប់គ្រង​ទេសន្តរប្រវេសក៍ និង​នគរូបនីយកម្ម ការ​ពង្រីក​វិស័យ​កសិកម្ម ព្រមទាំង​ការ​វិនិយោគ​លើ​វិស័យ​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។