ទូតខ្មែរនៅម៉ាឡេស៊ី ជួយពលករ-ពលការី៤រូប ដែលជួបការលំបាកក្នុងការងារ ឲ្យវិលមកប្រទេសវិញ

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ-ពលការីនីកម្ពុជាចំនួន ៤រូប ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុងការងារ ឲ្យបានវិលត្រឡប់មកមាតុប្រទេសវិញ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលករ-ពលការិនី ៤រូបនោះ ទី១.ណន គុណធួន ភេទស្រី អាយុ ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិវៀង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សុំឲ្យជួយទាមទារប្រាក់ខែពីថៅកែ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនីរូបនេះ បានទទួលប្រាក់ខែគ្រប់ចំនួន ហើយថៅកែបានបង់ថ្លៃពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ព្រមទាំងទិញសំបុត្រយន្តហោះឲ្យ ក្រោយពីការអន្តរាគមទាមទារដ៏ស្វិតស្វាញរបស់ស្ថានទូត, ទី២.ឈ្មោះ ម៉ន ស្រីស្រស់ ភេទស្រី អាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនី ម៉ន ស្រីស្រស់ ត្រូវបានស្ថានទូត ចេញលិខិតធ្វើដំណើរបណ្តោះឲ្យ, ទី៣.ឈ្មោះ ថាំង ប៉ុម ភេទស្រី អាយុ ២៨ ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៦ សុំឲ្យជួយទាមទារប្រាក់ខែពីក្រុមហ៊ុន GPGC International PTE.LTD និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រុមហ៊ុនបានផ្តល់ប្រាក់ខែឲ្យពលការិនី ថាំង ប៉ុម បន្ទាប់ពីស្ថានទូតបានធ្វើការអន្តរាគមន៍ទៅក្រុមហ៊ុន និងទី៤.ឈ្មោះ ឡេះ យ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅភូមិអូរក្រី ឃុំជីយោ ស្រុកចំការលើ ខេត្តកំពង់ចាម បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ ធ្វើការនៅកសិដ្ឋានដាំដំណាំ និងបានមកស្ថានទូត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

លោក ជុំ សុន្ទរី បានបញ្ជាក់បន្ថែមថា កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូប- ចុកជូន ហើយដល់ពលករ-ពលការិនីទាំង ៤រូប នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៧៖៥០នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦។

លោក ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយបញ្ហាពលការិនីនៅម៉ាឡេស៊ី និងបញ្ហាស្រ្តីខ្មែរទៅរៀបការប្តីនៅប្រទេសចិន នៅតែ បន្តកើតមានជាបន្តបន្ទាប់ សឹងតែរៀងរាល់ថ្ងៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ សូមធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់ឪពុក - ម្តាយ អាណាព្យបាល និងនារីគ្រប់រូបទាំង អស់ សូមបង្កើនការប្រុងប្រយ័ត្នចំពោះឧបាយកលបោកប្រាសរបស់មេខ្យល់ ហើយត្រូវជៀស វាងការធ្វើដំណើរខុសច្បាប់ទៅកាន់ប្រទេសទាំងនោះ ដែលកន្លងមកបានបង្ហាញឲ្យឃើញថា ពោរពេញដោយហានិភ័យ៕