មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សំបុក​ឃ្មុំ​ថ្មី​មួយ​ទៀត​លាលែង​ចេញ​ពី​តំណែង

អគ្គលេខា​ធិការ​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ លោក អ៊ុក ស៊ុយ បាន​​​លាលែងចេញ​​ពី​តំណែង​ជា​អគ្គលេខា​ធិការ​បក្ស នៅ​រសៀល​ថ្ងៃទី ៤ មីនា នេះ។

លោក អ៊ុក ស៊ុយ​ អះអាង​ថា ការ​លា​លែង​របស់​លោក​នេះ មិន​ជាប់​ពាក់​ព័ន្ធអ្វី​នឹង​លោក ម៉ម​ សូ​ណង់​ដូ ដែល​ជា​ប្រធាន​បក្ស​នោះ​ទេ ប៉ុន្តែ​មក​ពី​មាន​ការ​ជ្រៀត​ជ្រែក​ពី​អ្នកខាង​ក្រៅ។

ទោះ​ជា​យ៉ាង​ណា លោកសុំ​មិន​អធិប្បាយ​លម្អិត​អំពី​មូល​ហេតុ​នេះ​ទេ ដោយ​លោក​បញ្ជាក់​ថា នឹង​រៀបចំ​​សន្និសីទ​កាសែត​នា​ពេល​ឆាប់ៗ​ខាង​មុខ។

លោក អ៊ុក ស៊ុយ អះអាងថា នឹង​មាន​សមាជិក​គណបក្ស​សំបុក​ឃ្មុំជា​ច្រើន​រូប​ទៀត ចាប់​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន លាលែង​ដូច​លោក​ដែរ។ លើសពី​នេះ បើមាន​ការ​គាំទ្រ​ លោក​អាច​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ម៉ម សូណង់ដូ បញ្ជាក់ថា លោក​បាន​សម្រេច​តាម​ការ​ស្នើ​សុំ​លាលែង​​របស់​លោក​ អ៊ុក ស៊ុយ រួច​រាល់​ហើយ​នៅ​រសៀល​ថ្ងៃទី ៤ មីនា ដដែល​នេះ។ លោក ម៉ម សូណង់ដូ អះអាង​ថា ការ​ចាក​ចេញ​របស់​លោក​ អ៊ុក ស៊ុយ​ នៅ​ពេល​នេះ ជា​ការ​លាលែង​ដោយ​មិត្តភាព និង​សន្តិភាព មិនមាន​ទំនាស់​ណាមួយ​ឡើយ ហើយ​នឹង​ក្លាយ​ជា​គំរូ​ល្អ សម្រាប់​អ្នក​នយោបាយ​ផ្សេង​ទៀត។

លោក ម៉ម សូណង់ដូ ក៏​បានបន្ថែម​ទៀត​ថា លោក​មិន​មាន​ការ​ខ្វល់​ខ្វាយ​អ្វី​ឡើយ បើ​ទោះ​ជា​លោក​ អ៊ុក ស៊ុយ​ ទៅ​បង្កើ​តគណបក្ស​នយោបាយ​ថ្មីទៀត​ក៏​ដោយ ហើយ​ការ​ចាកចេញ​របស់​សមាជិក​បក្ស​ជា​បន្ត​បន្ទាប់​នេះ នឹង​ធ្វើ​ឱ្យ​បក្ស​របស់​លោក​កាន់​តែ​មាន​ភាព​បរិសុទ្ធ៕