ពលរដ្ឋ​២៥​គ្រួសារ​យល់​ព្រម​យក​សំណង​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​សេសានក្រោម២

ប្រជាពលរដ្ឋ​ប្រមាណ ២៥​គ្រួសារ រស់​នៅ​ភូមិ​ក្បាលរមាស ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង យល់​ព្រម​ទទួល​យក​គោលនយោបាយ​សំណង​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បន្ទាប់​ពី​តវ៉ា​អស់​រយៈពេល​ពីរ​ថ្ងៃ ខណៈ​អនុ​គណៈកម្មការ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ចុះ​ធ្វើ​បញ្ជី​ទទួល​សំណង​របស់​ពលរដ្ឋ។

ប្រជាពលរដ្ឋ​ភូមិ​ក្បាលរមាស ប្រមាណ ២៥​គ្រួសារ​បន្ថែម​ទៀត បាន​ផ្តិត​មេដៃ​ទទួល​សំណង​ផល​ប៉ះពាល់​​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដើម្បី​រុះរើ​លំនៅឋាន​ចេញ​ទៅ​​តំបន់​តាំង​ទី​លំនៅ​ថ្មី។

អនុ​គណៈកម្មការ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ស្ដីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម​ពីរ នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា បាន​ចុះ​ទៅ​ធ្វើបញ្ជី​ទទួល​គោលនយោបាយ​​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ បន្ទាប់​ពី​អ្នក​ភូមិ​ទទួល​យក​គោលនយោបាយ​អភិវឌ្ឍន៍​របស់​​រាជរដ្ឋាភិបាល ក៏ប៉ុន្តែ​អ្នក​ភូមិ​ជាង ២៥​គ្រួសារ​តវ៉ា​មិន​យល់​ព្រម​ផ្ដិត​មេដៃ​លើ​ឯកសារ​ទទួល​​សំណង​នោះ​ទេ ដោយសារ​តែ​អ្នក​ភូមិ​មិន​យល់​ស្រប​ទៅ​នឹង​គោលការណ៍​មួយ​ចំនួន​ពាក់ព័ន្ធ​ការ​ផ្ដល់​សំណង​នោះ។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មីនា អ្នក​តវ៉ា​បាន​ជួបជុំគ្នា​ជាថ្មី​នៅ​វត្ត​ក្បាលរមាស ដើម្បី​បន្ត​ការ​ទាមទារ ក៏ប៉ុន្តែ​ពួកគេ​បាន​យល់​ព្រម​វិញ​បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​ព្យាយាម​ពន្យល់​ពួកគាត់​ពី​ភាព​មិន​ត្រឹមត្រូវ​នៃ​ការ​តវ៉ា​ផ្ទុយ​គោលការណ៍​ផ្ដល់​សំណង​ដែល​បាន​កំណត់។

អ្នក​តវ៉ា​មួយ​ចំនួន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​បន្ថែម​សម្រាប់​ការ​បំបែក​គ្រួសារ​ក្នុង​បញ្ជី​អ្នក​​​មាន​ឈ្មោះ​ទទួល​សំណង។ អ្នក​បំបែក​សមាជិក​គ្រួសារ​តវ៉ា​ទាមទារ​សំណង​មាន​ចំនួន​ស្មើ និង​គ្រួសារ​ដែល​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​របស់​គណៈកម្មការ​ផ្ដល់​សំណង។ ដោយ​ឡែក​អ្នក​តវ៉ា​ខ្លះ​ទៀត​មិន​បាន​ស្នាក់នៅ​ជាក់លាក់ និង​គ្មាន​ឯកសារ​បញ្ជាក់​កម្មសិទ្ធិ ឬ​ការ​រស់​នៅ​ជាក់លាក់​នៅ​មូលដ្ឋាន​មុន​ពេល​គណៈកម្មការ​ដោះស្រាយ​សំណង​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពិតប្រាកដ​ក៏​ទាមទារ​គោលការណ៍​ផ្ដល់​សំណង​ដូចគ្នា​ដែរ៖ «ដប់​ឆ្នាំ​បាន​ខ្ញុំ​ឲ្យ​កូន​ប្រសា​ខ្ញុំ​ចេញ មិន​ឲ្យ​ខ្ញុំ​ខឹង​យ៉ាង​ម៉េច បើ​មិន​បាន​ខ្ញុំ​សុខ​ចិត្ត​ស្លាប់»

របាយការណ៍​ប្រជាពលរដ្ឋ​ភូមិ​ក្បាលរមាស ជាង ១៤០​គ្រួសារ ដែល​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ថា ជា​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់។ ក្នុង​នោះ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ យល់​ព្រម​ទទួល​គោលការណ៍​ផ្ដល់​សំណង​ពី​ក្រុមហ៊ុន និង​ជាង ៤០​គ្រួសារ​ទៀត​បដិសេធ​មិន​ទទួល​យក​សំណង និង​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ។

មេ​ឃុំ​ក្បាលរមាស លោក វឿន សម្បត្តិ បញ្ជាក់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជាង ២៥​គ្រួសារ​ដែល​តវ៉ា​នេះ​ ​គឺ​ជា​សមាជិក​គ្រួសារ​ដែល​បាន​ទទួល​យក​សំណង​ផល​ប៉ះពាល់​រួច​ហើយ ក៏ប៉ុន្តែ​ពួកគេ​បំបែក​គ្រួសារ និង​អ្នក​ខ្លះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ផ្ដល់​សំណង ហេតុ​នេះ​គណៈកម្មការ​ផ្ដល់​សំណង​មិន​យល់ព្រម​តាម​ការ​ទាមទារ​នោះ​ទេ។ លោក​បន្ត​ថា ការ​តវ៉ា​បាន​បញ្ចប់​ហើយ​បន្ទាប់​ពី​អ្នក​តវ៉ា​យល់ព្រម​ទទួល​​​យក​គោលនយោបាយ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ពីរ​ហិកតារ​សម្រាប់​អ្នក​បំបែក​គ្រួសារ​គ្មាន​ដី​បង្ក​​​បង្កើន​ផល៖ «សំណង​នេះ​ខ្ញុំ​ឃើញ​ថា សមរម្យ​ហើយ ដី​បងប្អូន​តិចតួច​ក៏​បាន ៥​ហិកតារ​ដែរ។ ផ្ទះ​បងប្អូន​តូច​ក៏បាន ៨០​ម៉ែត្រការ៉េ​ដែរ។ ទន្ទឹម​នឹង​មាន​គោលនយោបាយ​សំណង​ចិញ្ចឹម​មួយ​ឆ្នាំ និង​មាន​របប​ពលកម្ម​​អាយុ ១៥​ឆ្នាំ​ឲ្យ​កម្លាំង​ពលកម្ម​ម្នាក់ ២០០​ដុល្លារ»

​ចំណែក​តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់ លោក អ៊ុំ ប៊ុនរេត ថ្លែង​កត់សំគាល់​ថា ក្រុមហ៊ុន​អនុវត្ត​គោលការណ៍​ផ្ដល់​សំណង​ជាក់លាក់​ចំពោះ​ប្រជាពលរដ្ឋ​បាន​ចុះ​បញ្ជី​អ្នក​រង​ផល​ប៉ះពាល់​ជាក់ស្ដែង ដែល​មន្ត្រី​មូលដ្ឋាន និង​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​បាន​ចុះ​ស្រង់​ស្ថិតិ​រួច​ហើយ។ លោក​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​យល់​ព្រម​ទទួល​យក​គោលនយោបាយ​សំណង​រួច​ហើយ។ រី​ឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​ព្រម​ទទួល​សំណង​ក្រុមហ៊ុន រួម​ទាំង​គណៈកម្មការ​ដោះស្រាយ​សំណង​នឹង​បន្ត​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ស្ម័គ្រចិត្ត​ចូលរួម​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​នេះ៖ «យើង​ចុះ​ផ្សព្វផ្សាយ​បន្ថែម យើង​ព្យាយាម​ជួប​គាត់​ផ្ទាល់ យើង​ស្ដាប់​សំណូមពរ​គាត់។ ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​យើង គឺ​គាត់​អត់​មក​ចូលរួម​ការ​ផ្សព្វផ្សាយ»

​ទាក់ទិន​ការ​តវ៉ា​នេះ​ដែរ អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​ទន្លេបី លោក មៀច មាន ថ្លែង​បញ្ជាក់​ថា បាតុភាព​ដែល​កើត​ឡើង​នេះ​ដោយសារ​តែ​អ្នកភូមិ​មិន​មាន​ព័ត៌មាន​ជាក់លាក់។ លោក​អំពាវនាវ​សុំ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ទាក់ទិន​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ចៀសវាង​ការ​យល់​ច្រឡំ៖ «មាន​តែ​ការ​សិក្សា និង​ពិភាក្សា​គ្នា​ឡើង​វិញ​បាន​ចៀស​ផុត​ពី​ទំនាស់​និង​ខុស​ឆ្គង»។

​តាម​ការ​គ្រោង​ទុក ទំនប់​វារីអគ្គិសនី​សេសានក្រោម​ពីរ និង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៧។

​រហូត​ពេល​នេះ ប្រជាពលរដ្ឋ​នៅ​ភូមិ​ភ្លុក និង​ភូមិ​ស្រែស្រណុក មួយ​រយ​ភាគរយ​ទទួល​យក​សំណង។ចំណែក​ប្រជាពលរដ្ឋ​បី​ភូមិ រួម​មាន ស្រែគរ១ និង​ស្រែគរ២ ប្រមាណ ៥០​ភាគរយ​ទៀត​មិន​ទាន់​សម្រេច​ចិត្ត​ជាក់លាក់​ទទួល​សំណង​ផល​ប៉ះពាល់ និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលរមាស ជាង ៣០​ភាគរយ​ទៀត​​បដិសេធ​មិន​ទទួល​សំណង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។