មេដឹកនាំ​អឺរ៉ុប​ប្រាប់​ជនភៀសខ្លួន​កុំ​ឲ្យ​មក​អឺរ៉ុប​ទៀត​

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ដូ​ណា​ល់ ទូ​សក៍ បានប្រកាស​ព្រមាន​ជនភៀសខ្លួន​ទាំងអស់ កុំ​ឲ្យ​ប្រថុយ​ជីវិត​ឬ​ចំណាយលុយ​អត់​ប្រយោជន៍​ដើម្បី​ធ្វើដំណើរ​មកកាន់​តំបន់​អឺរ៉ុប​។ លោក ដូ​ណា​ល់ ទូ​ស​ក៏ បាន​ប្រាប់​ទៅ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​ត្រូវ​បញ្ឈប់​សកម្ម​ភាពជា​ឯកតោភាគី ក្នុងការ​ទប់ស្កាត់​ជនភៀសខ្លួន ស្រប​ពេលដែល​អឺរ៉ុប​កំពុង​បញ្ចេញ​ថវិកា​ច្រើន​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក តន ចាន់​រិ​ទ្ធា​រ៉ា​៖

​ខណៈពេលដែល​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​កំពុង​សម្រុកចូល​អឺរ៉ុប ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដូ​ណា​ល់ ទូ​សក៍ (Donald Tusk) បាន​ផ្ញើ​សារ​គ្រោតគ្រាត​មួយ​ទៅ​ជនភៀសខ្លួន​ទាំងនោះ​។ លោក​បាន​ប្រាប់​ជនភៀសខ្លួន​មិនត្រូវ​ចំណាយ​ជីវិត​ឬ​លុយ​ដើម្បី​មក​អឺរ៉ុប​ទេ ព្រោះ​ពួកគេ​ទាំងនោះ​អាច​នឹង​មិនបាន​អ្វី​ទាំងអស់​។ លោក ទូ​សក៍ ដែល​កំពុងតែ​ធ្វើដំណើរ​ទៅ​ប្រទេស​តំបន់​បាល់​កង់ ក្រិ​ក និង​តួ​ក​គី បាន​បញ្ចុះបញ្ចូល​ឲ្យ​មាន​វិធានការ​តឹងរឹង​ក្នុងការ​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន ដែល​ភាគច្រើន​មកពី​មជ្ឈិមបូព៌ា​។​

​បើតាម Reuters ក្រិ​ក​និង​តួ​ក​គី ជា​ប្រទេស​ជួរមុខ​ពីរ ដែលជា​ទ្វារ​ឆ្លងកាត់​ទៅ​ប្រទេស​អឺរ៉ុប​ជឿនលឿន​ដទៃទៀត របស់​លំហូរ​ជនភៀសខ្លួន​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​សង្គ្រាមលោកលើកទីពីរ​ម​ក​។ ជនភៀសខ្លួន​រាប់ពាន់​បានធ្វើ​ដំណើរ​ឆ្លងកាត់​សមុទ្រ​អេ​ជែ​ន​ទៅ​តួ​ក​គី​និង​ក្រិ​ក ដោយ​សង្ឃឹមថា នឹងមាន​សំណាង​បាន​បន្តជីវិត​ប្រសើរ​នៅ​អឺរ៉ុប​។

​យ៉ាងណាមិញ នៅ​ទីក្រុង​អាថែន លោក ដូ​ណា​ល់ ទូ​សក៍ និយាយថា កុំ​ជឿ​ពួក​រត់ពន្ធ​ឲ្យ​សោះ ហើយ​កុំ​ប្រថុយ​ជីវិត​និង​លុយ វា​គ្មាន​បាន​អ្វី​មកវិញ​ទេ​។ ជាមួយគ្នានេះ លោក ទូ​សក៍ ក៏បាន​បញ្ជាក់​ពី​គោលបំណង​របស់​អឺរ៉ុប គឺ​ត្រូវតែ​បំបាត់​លំហូរ​ជនភៀសខ្លួន​ខុសច្បាប់​ដែល​ធ្វើដំណើរ​ពី​តួ​ក​គី​ទៅ​ក្រិ​ក​។ 

១. រដ្ឋ​អឺរ៉ុប ត្រូវ​បញ្ឈប់​សកម្មភាព​ឯកតោភាគី​ក្នុងការ​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​
​នៅឯ​ទីក្រុង​អាថែន ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​រូបនេះ​ក៏​ឆ្លៀត​រិះគន់​ដល់​សកម្មភាព​ប្រទេសមួយ​ចំនួន​ដែល​បាន​បិទ​ឬ​រឹតបន្តឹង​ព្រំដែន​របស់ខ្លួន​។ លោក ដូ​ណា​ល់ ទូ​សក៍ ចាត់ទុក​សកម្ម​ភាពជា​ឯកតោភាគី​នេះ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាមគ្គីភាព​របស់​អឺរ៉ុប​។ លោក​ទូ​សក៍ លើកឡើង​ដូចនេះ ក្រោយ​ពេលដែល​អូទ្រីស​និង​ប្រទេស​តំបន់​បាល់​កង់​មួយចំនួនទៀត បានចាប់ផ្ដើម​ពង្រឹង​ច្រកចូល​ព្រំដែន​។
    
​វិធានការ​ពង្រឹង​ច្រកព្រំដែន​របស់​ប្រទេស​ទាំងនេះ បាន​បន្សល់ទុក​ជនភៀសខ្លួន​រាប់ពាន់នាក់​កំពុង​ជាប់គាំង​នៅ​ព្រំដែន​រវាង​ក្រិ​ក​និង​ម៉ា​សេ​ដ្វា​ន ដ្បិត​ម៉ា​សេ​ដ្វា​ន​បានអនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​តិចតួច​ប៉ុណ្ណោះ​ឆ្លងកាត់​ព្រំដែន​របស់ខ្លួន​។ នេះ​ជា​បន្ទុក​ដ៏​ធ្ងន់​របស់​រដ្ឋាភិបាល​ក្រិ​ក ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់​បើទោះជា​កំពុង​រងគ្រោះ​បញ្ហា​សេដ្ឋកិច្ច​ក៏ដោយ​។ 

​ក្នុង​សន្និសីទ​ជាមួយ​លោក ទូ​សក៍ នាយករដ្ឋមន្ត្រី​ក្រិ​កលោក អា​ឡិច​ស៊ី​ស ត្ស៊ី​ប្រាស់ ចង់​ឲ្យ​អឺរ៉ុប​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ជា​សមាជិក​ដែល​មិន​គោរព​ការសម្រេចចិត្ត​របស់​អឺរ៉ុប​។ នេះ​ប្រហែលជា​លោក ត្ស៊ី​ប្រាស់ ចង់​ឲ្យ​ប្រទេស​ទាំងនោះ​ទទួលយក​ជនភៀសខ្លួន ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ខ្លួន ដែល​កំពុង​រង​វិបត្តិ​បំណុល​មិនទាន់​ដាច់ស្រេច​ផង​នោះ​។ 

២. អឺរ៉ុប​បញ្ចេញ​លុយ​៧៦០​លាន​ដុល្លារ ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន 
​ក្នុង​គោលបំណង​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ដែល​នៅតែ​មិនទាន់​ដាចស្រេច អឺរ៉ុប​បាន​បញ្ចេញ​កញ្ចប់​ទឹកប្រាក់​ជាង​៧៦០​លាន​ដុល្លារ ទៅ​ឲ្យ​ក្រិ​ក​និង​ប្រទេស​មួយចំនួនទៀត ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​នេះ​។ ក្រិ​ក​ដែល​កំពុង​ជួបប្រទះ​បញ្ហា​សេដ្ឋកិច្ច​ខ្លួនឯង​ផង​នោះ កំពុងតែ​ចាត់វិធានការ ដោះស្រាយ​លំហូរ​ជនភៀសខ្លួន​ដែល​ហូរ​ចូល​យ៉ាងគំហុក ក្រោយ​ពេលដែល​ប្រទេស​តំបន់​បាល់​កង់​បាន​រឹតបន្តឹង​ព្រំដែន​របស់ខ្លួន​។​

​ក្រិ​ក​ស្ថិតនៅ​ចំ​ចំណុចកណ្ដាល​នៃ​លំហូរ​ជនភៀសខ្លួន មុននឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ក្នុង​គោលបំណង​ស្វែងរក​ជីវិត​ល្អប្រសើរ​។ ជនភៀសខ្លួន​ច្រើនជាង​១​លាន​នាក់​បាន​ទៅដល់​ក្រិ​ក ចាប់តាំងពី​ឆ្នាំ​២០១៥​មក នៅពេលដែល​ជនភៀសខ្លួន​ជាច្រើន​ចាក​ចេញពី​សង្គ្រាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ជាដើម​។

​ទឹកប្រាក់​៧៦០​លាន​ដុល្លារ​នេះ នឹងត្រូវ​ចែកជា​បី​ដំណាក់កាល​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ​។ ហើយ​បើតាម​លោក Christos Stylianides ដែលជា​ស្នងការ​ទទួលបន្ទុក​ជំនួយ​មនុស្សធម៌​របស់​អឺរ៉ុប ជំនួយ​ភាគច្រើន​នឹងត្រូវ​ផ្ដល់​ទៅ​ឲ្យ​ក្រិ​ក ជាទី​ដែលមាន​វិបត្តិ​ជនភៀសខ្លួន​ធ្ងន់ធ្ងរ​ជាងគេ​។ ក្រិ​ក​បានស្នើ​ជំនួយ​ទឹកប្រាក់​៥២០​លាន​ដុល្លារ សម្រាប់​ផ្ដល់ជំនួយ​ក្នុង​ការសង់​ទីជម្រក​ដល់​ជនភៀសខ្លួន​មួយ​សែន​នាក់​៕  

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​