ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

 រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​ចេញ ពី​ចំណត​ផ្សារ​អូ​ឡាំ​ពិ​ក មិនដឹង​មូលហេតុ​អ្វី​បានជា​ជ្រុល​ល្បឿន​ទៅ​បុក រះ​រថយន្ត និង​ម៉ូតូ​ខូចខាត​អស់​ចំនួន​៧​គ្រឿង រុញ​ខ្ទប់​ទៅ​នឹង​ស្នាក់​ការ​ប៉ូ​លី​ស សណ្តាប់ធ្នាប់​ដែល​មាន​គោលដៅ​នៅ​ជាប់​ផ្សារ ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​ន​ណា​ម្នាក់​រង​របួស​នោះ​ទេ​។ គ្រោះថ្នាក់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី ក្នុង​ចំណត​ផ្ញើ​ឡាន​ផ្សារ​អូ​ឡាំ​ពិ​ក​ខាងជើង​ឆៀង​ខាងលិច ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

ស្ត្រី​អ្នកបើកបរ​រថយន្ត​បង្ក មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​បាន​ចេញពី​ផ្សារ​អូ​ឡាំ​ពិ​ក​ដើរ​ឆ្ពោះទៅ​កាន់​រថយន្ត​ម៉ាស​ស្តា របស់​ខ្លួន​មាន​ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2 AG-7099  ហើយ​បើករថយន្ត​ចេញ ប៉ុន្តែ​មិនដឹង​ថា​មូលហេតុ​អ្វី​រថយន្ត​បាន​ស្ទុះ​ល្បឿន​ជ្រុល​ទៅ​បុក​ខាងក្រោយ​រថយន្ត​៧​គ្រឿង​បន្ត​គ្នា​ក្នុង​នោះ​មាន​ម៉ូតូ​មួយ​គ្រឿង​ដែល​ចត​ក្បែរ​ស្នាក់​ការ​សណ្តាប់ធ្នាប់​រុញ​ត​ៗ​គ្នា ហើយ​រថយន្ត​កាម​រី​បា​ឡែ​ន ក៏​ជ្រុល​ទៅ​បុក​ខ្ទប់​និង​របង ស្នាក់​ការ​សណ្តាប់ធ្នាប់  បណ្តាល​ឲ្យ​បាក់​ជញ្ជាំង​អស់​មួយ​ផ្ទាំង ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​ន​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ គឺ​ខូចខាត​តែ​រថយន្ត និង​ម៉ូតូ​តែ​ប៉ុណ្ណោះ ។

ចំពោះ​ករណី​នេះ​រថយន្ត​កណ្តាល​និង​ខាង​មុខ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ ។ ប្រភព​ដដែល​បន្ត​ថា​ក្រោយ​ពី​កើតហេតុ​ភាគី អ្នក​បើករថយន្ត​បង្ក​មិន​បាន​រត់គេច​ទៅ​ណា​ទេ ដោយ​ទទួលស្គាល់​កំហុស របស់​នាង​ក៏​ចេញ​មុខ​មក​សម្របសម្រួល​ជាមួយ​ភាគី​រថយន្ត និង​ម៉ូតូ ដើម្បី​បញ្ចប់រឿង ។ ដោយ​មានការ​សម្របសម្រួល​ព្រម​ចេញ​សង​ថ្លៃ​ការ​ខូចខាត ភាគី​រថយន្ត និង​ម៉ូតូ​បាន​ព្រម​ទទួលយក​សំណង​ជួសជុល ដើម្បី​បញ្ចប់រឿង​ប៉ុន្តែ​គេ​មិនដឹង​ថា អស់​ចំនួន​ប៉ុន្មាន​នោះ​ទេ ។