មន្ទីរពេទ្យ​កុមារ​អង្គរ​អំពាវនាវ​សប្បុរសជនឲ្យ​ជួយ​កុមារ​កម្ពុជា

សៀមរាប៖ មាន​មនុស្ស​ជាច្រើន​បាន​ស្គាល់​មន្ទីរពេទ្យ​កុមារ​អង្គរ នៅក្នុង​ខេត្តសៀមរាប។ ក្រោយ​បើក​ដំណើរ​ជាច្រើន​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​កុមារ​អង្គរ​បាននិងកំពុង​ជួយសង្គ្រោះ​ជីវិត​កុមារ​ជាច្រើន ជាពិសេស​កុមារ​ទីទាល់ក្រ។ ដោយសារ​កំណើន​នៃ​អ្នកជំងឺ​ចេះតែ​កើនឡើង​ឥតឈប់ឈរ ដូច្នេះ​មន្ទីរពេទ្យ​ត្រូវការ​ធនធាន​ហិរញ្ញវត្ថុ​កាន់តែច្រើន ដើម្បី​ផ្គត់ផ្គង់​រាល់​ការចំណាយ​របស់ខ្លួន។ ក្នុងន័យនេះ មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥតគិតថ្លៃ ស្នើ​ឲ្យ​សប្បុរសជន​ទាំងអស់ ជួយ​ដល់​មន្ទីរពេទ្យ ដើម្បី​ឲ្យ​មន្ទីរពេទ្យ​មានលទ្ធភាព​ជួយ​កុមារ​កម្ពុជា​តទៅទៀត។

មាន​ខាង​សណ្ឋាគារ ភោជនីយដ្ឋាន អង្គការ និង​ស្ថាប័ន​ក្រុមហ៊ុន​មួយចំនួន​នៅ​ខេត្តសៀមរាប បានរៀបចំ​ព្រឹត្តិការណ៍ ឫ​កម្មវិធី​សប្បុរសធម៌​ជាច្រើន ដើម្បី​រក​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ។ ក្រៅពីនេះ ខាង​មន្ទីរពេទ្យ​ផ្ទាល់ ក៏​ធ្លាប់​បានរៀបចំ​បុណ្យផ្កា​សាមគ្គី រក​ថវិកា​សម្រាប់​ទ្រទ្រង់ ដល់​មន្ទីរពេទ្យ​ខ្លួន​ផងដែរ។ សកម្មភាព​របស់​សប្បុ​រស​ជន​នានា ស​ឲ្យ​ឃើញថា ពួកគេ​ចាត់ទុក​កុមារ​កម្ពុជា ដូច​ក្រុមគ្រួសារ​ពួកគេ​ដូច្នោះ​ដែរ។ នេះ​ជាការ​លើកឡើង​របស់លោក វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា ប្រធាន​មន្ទីរពេទ្យ​កុមារ ហើយ​ដែល​លោក​លើកទឹកចិត្ត​ឲ្យ​សប្បុរសជន​ទាំងអស់ បន្តធ្វើ​សកម្មភាព​នេះ​តទៅទៀត។

នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ Siem Reap Tourism Clubដែលជា​ក្រុម​ទើបនឹង​កើតឡើង​ថ្មីថ្មោង បាន​នាំយក​ថវិកា​ពី​ការ​រៃអង្គាស​ក្នុង​សមាជិក​របស់ខ្លួន បានមក​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ។ បើតាម​ការលើកឡើងរ​ប​ស់លោក ចាន់ សុភា ថវិកា​ទាំងនោះ​កើតចេញពី​ទឹកចិត្ត​របស់​ក្រុម​លោក ក្នុង​បំណង​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា។ លោក ចាន់ សុភា បន្ថែមថា ជា​បន្តបន្ទាប់ លោក​នឹង​បង្កើត​ឲ្យ​មានកម្ម​វិធីផ្សេងៗ ដើម្បី​រក​ថវិកា​ជូន​ពេទ្យ​កុមារ​អង្គរ។

ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា បាន​កោតសរសើរ​ចំពោះ​ទឹកចិត្ត​របស់ Siem Reap Tourism Club។ លោក ច័ន្ទ​ភក្ត្រា សង្ឃឹមថា​ទឹកចិត្ត​នេះ​នឹង​បន្ត​មាន​ជា​រៀងរហូត ហើយ​ប្រជាជន​ខ្មែរ​ទាំងអស់ ត្រូវ​ចាត់ទុកថា​មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​មន្ទីរ​របស់​ពល​រដ្ឋ​ខ្មែរ​គ្រប់គ្នា ហើយ​វា​ក៏​ជាការ​ទទួលខុសត្រូវ​សម្រាប់​អ្នក​រាល់គ្នា​ផងដែរ។

គួរ​បញ្ជាក់ថា មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៩៩ បាន​ស្ថាបនិក លោក ខេន​រ៉ូ អី​ហ្ស៊ូ។ រយៈពេល១៧ឆ្នាំ​មកនេះ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ជួយ​ព្យាបាល​កុមារ​បាន​ចំនួន​ប្រមាណ ១លាន៥សែន​នាក់។ ក្នុង​មួយថ្ងៃ មាន​កុមារ​ចន្លោះ​ពី ៥០០ទៅ៦០០នាក់ ដែល​មក​ទទួល​សេវា​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​នេះ៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​