​រាជរដ្ឋាភិបាល​អនុម័ត​សេចក្តីព្រាង គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ផ្តោតលើ​គោលការណ៍​សំខាន់​៤​ចំណុច​

ភ្នំពេញ: ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ ២០១៦ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើការ​ពិភាក្សា​អនុម័ត នូវ​សេចក្តីព្រាង​គោលនយោបាយ ជាតិ​ប្រជាជន ២០១៦-២០៣០ ដែល​ផ្តោត​ការយកចិត្តទុកដាក់​លើ​ចំណងទាក់ទង​គ្នា​រវាង​បម្រែបម្រួល​ប្រជាសាស្ត្រ និង ការធ្វើផែនការ​អភិវឌ្ឍន៍​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា  
​ជាង​មួយ​ទសវត្សរ៍​កន្លងទៅ​គិត​ចាប់តាំងពី​ឆ្នាំ ២០០៣ មក ដែល​គោលនយោបាយ​ជាតិ​ប្រជាជន​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​រាជ​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ជា​លក្ខណៈ​ពហុ​វិស័យ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ប្រជាជន​និង​ការអភិវឌ្ឍ​។​

​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ជាច្រើន​ដែល​សម្រេចបាន​រហូតមក​ទល់​ពេលនេះ គឺ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ជីវិត​របស់​ប្រជាជន ជាពិសេស​អាយុកាល​សង្ឃឹម​រស់​(​កើនឡើង​ពី​៥៨​ឆ្នាំ​សម្រាប់​បុរស និង​៦៤​ឆ្នាំ​សម្រាប់​ស្ត្រី​នៅ​ឆ្នាំ ២០០៤ ដល់​៦៧​ឆ្នាំ​សម្រាប់​បុរស និង​៧១​ឆ្នាំ​សម្រាប់​ស្ត្រី​នៅ​ឆ្នាំ​២០១៣)​។​

​ស្ថានភាព​សុខភាព​របស់​មាតា ទារក និង កុមារ មាន​ភាពប្រសើរ​ឡើងជា​លំដាប់​ដែល​ស្តែងឡើង​តាម​ការធ្លាក់ចុះ​យ៉ាងច្រើន​នៃ​អត្រា​មរណភាព​មាតា ទារក និង កុមារ​។ ការទទួលបាន​ការអប់រំ​បាន​ប្រសើរ​ឡើងជា​លំដាប់ ទាំង​បរិមាណ ទាំង​គុណភាព ដោយបាន​កាត់បន្ថយ​ទាំង​គម្លាត​រវាង​តំបន់​ទីប្រជុំជន និង តំបន់​ជនបទ​ទាំង​យុគ​ភាព​យេនឌ័រ​ក្នុង​វិស័យ​អប់រំ​។ សេដ្ឋកិច្ចជាតិ​មានការ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​ទាំង​បរិមាណ ទាំង​គុណភាព​។ ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាច្រើន​ត្រូវបាន​បង្កើតឡើង​ដោយបាន​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស (​ផ​.​ស​.​ស ក្នុង​ប្រជាជន​ម្នាក់​បាន​កើនឡើង​ពី ៣៦៧​ដុល្លារ ក្នុង​ឆ្នាំ​២០០៣ ដល់ ១១៣៦​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ និង ២២១៧​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥) និង​ដែល​បាន​បង្កើត​ការងារ​ជាច្រើន​ថែមទៀត​ហើយ​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ (​អត្រា​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​ពី ២២,៩​ភាគរយ ក្នុង​ឆ្នាំ​២០០៩ មក​នៅ​ជុំវិញ​១៤​ភាគរយ​ក្នុង​ឆ្នាំ ២០១៤)​។​

​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ប្រជាជន (២០១៦-២០៣០) រៀបចំឡើង​ដោយ​ក្រសួងផែនការ​ផ្តោតលើ​ក្របខ័ណ្ឌ​ទស្សនៈ​ពីរ​៖​ទី​១-​បន្ត​ឈរលើ​គោលការណ៍​ដែល​មានចែង​នៅក្នុង​គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២០០៣ ដោយ​ទទួលស្គាល់ និង គាំទ្រ​ចំពោះ​សិទ្ធិ​របស់​គូ​ស្វាមីភរិយា និង បុគ្គល​ទាំងអស់​ឱ្យមាន​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​ដោយ​សេរី និង ដោយ​ទទួលខុសត្រូវ​លើ​ចំនួន​កូន​និង​ការ ពន្យារកំណើត ហើយ​ឱ្យមាន​លទ្ធភាព​ទទួលបាន​នូវ​ព័ត៌មាន​ការអប់រំ សេវា និង មធ្យោបាយ ដើម្បី​ធ្វើការ​សម្រេចចិត្ត​នេះ និង ទី​២-​បង្ហាញ​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង ស្ថានភាព​ប្រជាសាស្ត្រ​,​វិភាគ​អំពី​ផលវិបាក​ចម្បងៗ​ផ្នែក​ប្រជាសាស្ត្រ​មកលើ​ការអភិវឌ្ឍ​ក្នុងពេល​បច្ចុប្បន្ន និង អនាគត​, កំណត់​នូវ​ការតម្រង់ទិស​មួយចំនួន​ដែលមាន​លក្ខណៈ​គោលនយោបាយ​និង​កម្មវិធី​។
​គោលនយោបាយ​ជាតិ​ប្រជាជន​(២០១៦-២០៣០)​នេះ​ក៏បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ចំ ណង​ទាក់ទង​គ្នា​រវាង​បម្រែបម្រួល​ប្រជាសាស្ត្រ និង ការធ្វើផែនការ​អភិវឌ្ឍន៍​ដោយ​ផ្តោតលើ​វិស័យ​អាទិភាព​បួន​៖ ១-​ការអភិវឌ្ឍ​និង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​, ២-​ការគ្រប់គ្រង​ទេសន្តរប្រវេសន៍ និង នគរូបនីយកម្ម​, ៣-​ការពង្រីក​វិស័យ​កសិកម្ម​និង​សកម្មភាព​ពាក់ព័ន្ធ និង ៤- ការវិនិយោគ​លើ​វិស័យ​សង្គមកិច្ច និង ការអភិវឌ្ឍ​មូលធន​មនុស្ស​៕

​រាជរដ្ឋាភិបាល​អនុម័ត​សេចក្តីព្រាង គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ផ្តោតលើ​គោលការណ៍​សំខាន់​៤​ចំណុច​