អនុក្រឹត្យ អ្នក​ជក់បារី នៅ​ទីសាធារណៈ នឹងត្រូវ​ផាកពិន័យ ២​ម៉ឺន​រៀល​

ភ្នំពេញ: ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានអនុម័ត​លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី វិធាន​ការហាម​ការជក់ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ ដែល​សេចក្តីព្រាង អនុក្រឹត្យ​ក៏បាន​ចែង​អំពី​ការផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ២ ម៉ឺន​រៀល ចំពោះ​អ្នក​ប្រព្រឹត្តល្មើស​និង​ពិន័យ​៥​ម៉ឺន​រៀល ចំពោះ​ម្ចាស់​ហាង​ដែល​មិន​បានដាក់​ស្លាក​ហាម​ជក់បារី​។

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ទីស្តីការ គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា នេះ សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​វិធាន​ការហាម​ការជក់ ឬ ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ​ឬ​កន្លែង​សាធារណៈ​។ សេចក្តីព្រាង​អនុក្រឹត្យ​នេះ​មាន​៧​ជំពូក និង​១៧​មាត្រា ត្រូវបាន​អនុម័ត​ជា​ផ្លូវការ ក្នុង​គោលបំណង​សំខាន់ៗ​ចូលរួម​ក្នុងការ​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ការពារ​និង​ទប់ស្កាត់​ការរង​ផ្សែង​ផលិតផល​ថ្នាំជក់​ដែល​បង្កឱ្យមាន​ហានិភ័យ​សុខភាព ដល់​អ្នក​នៅ​ជុំវិញ​និង​បរិស្ថាន និង​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​។​

​នៅក្នុង​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​ក៏មាន​ចែង​អំពី​ការផាកពិន័យ​កម្រិត​ស្រាល​ដល់​បុគ្គល​ដែល​ប្រព្រឹត្តល្មើស​គឺ ២០.០០០​រៀល (​ពីរម៉ឺន​រៀល​) ចំពោះ​អ្នក​ជក់បារី​នៅ​កន្លែង​ហាមឃាត់ និង ៥០.០០០​រៀល (​ប្រាំ​ម៉ឺន​រៀល​) ចំពោះ​ម្ចាស់​កន្លែង​ដែល​មិន​ព្រម​បិទ​សញ្ញា​ហាម​ជក់បារី ឬ នៅតែ​បន្ត​ដាក់​បង្ហាញ​ចាន​គោះ​បារី​។ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ទំហំ​នៃ​ប្រាក់​ពិន័យ​នេះ​មាន​លក្ខណៈ​អនុគ្រោះ​ជាងគេ ក្នុង​គោលបំណង​ជំរុញ​ការចាប់អារម្មណ៍​និង​ដើម្បី​អប់រំ​ដល់​ប្រជាជន​អំពី​គ្រោះថ្នាក់​នៃ​ការជក់បារី​។​

​សូមបញ្ជាក់ថា កន្លែង​សាធារណៈ​ដែល​ត្រូវ​ហាម​ការជក់បារី​មានដូចជា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា កន្លែង​សាធារណៈ គ្រឹះស្ថាន​សាសនា សួន​កុមារ សារមន្ទីរ និង រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ជាដើម​។​

​ក្រសួងសុខាភិបាល​បានរៀបចំ​តាក់តែង​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តីពី​វិធានការ​ហាមឃាត់​ការជក់ ឬ​ការ​បង្ហុយផ្សែង​ផលិត​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ​ដោយ​អនុលោម​តាម​មាត្រា​១៩ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៥ ដែល​បាន​ចែងថា វិធានការ​ហាមឃាត់​ការជក់ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​ទីសាធារណៈ​ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​៕​

អនុក្រឹត្យ អ្នក​ជក់បារី នៅ​ទីសាធារណៈ នឹងត្រូវ​ផាកពិន័យ ២​ម៉ឺន​រៀល​