ប្រធានាធិបតី​កូរ៉េខាងត្បូង​៖ កូរ៉េ​ខាង​ជើង​នឹង​មិន​អាច​បន្ត​ទៅ​ទៀត​បាន​ទេ​ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ

ប្រធានាធិបតី​កូរ៉េខាងត្បូង​៖ កូរ៉េ​ខាង​ជើង​នឹង​មិន​អាច​បន្ត​ទៅ​ទៀត​បាន​ទេ​ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ

លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​អបអរ​សាទរ​ខួប​នៃ​ចលនា​ឯករាជ្យ​ឆ្នាំ១៩១៩ ប្រឆាំង​ការ​ត្រួតត្រា​របស់​ជប៉ុន នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦។

លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye បាន​មាន​ប្រសាសន៍​ថា កូរ៉េ​ខាង​ត្បូង​ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​កូរ៉េ​ខាង​ជើងនឹងមិន​អាច​បន្ត​ទៅ​ទៀត​បាន​នោះ​ទេ ប្រសិន​បើ​ប្រទេស​នេះ​មិន​ព្រម​បោះបង់​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ​

លោក​ស្រី​ប្រធានាធិបតី​ Park បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សុន្ទរកថាលើ​កញ្ចក់​ទូរទស្សន៍ទៅ​កាន់កងកម្លាំង​យោធា​ពិសេស​ថ្មី​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង​គឺ​លោក Kim Jong Un បាន​បញ្ជា​ឲ្យ​កងយោធា​របស់​លោក​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​គ្រប់​ពេល​វេលា​ទាំង​អស់។
លោក​ស្រី Park បាន​មាន​ប្រសាសន៍​ថា លោកស្រី​រំពឹង​ថា​នឹង​មាន​ការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ជាង​មុន​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ថ្មី​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដែល​ត្រូវ​បាន​គេ​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ និង​បង្ក​ឲ្យមាន​ការ​គំរាមកំហែង​ថ្មី​ពី​កូរ៉េ​ខាង​ជើង។

នៅ​ថ្ងៃ​សុក្រ​នេះ នាវា​ដឹក​ទំនិញ​មួយ​របស់​កូរ៉េ​ខាង​ជើង​បាន​ឈប់​នៅ​ប្រទេស​ហ្វីលីពីន​បន្ទាប់ពី​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ដែល​តម្រូវ​ដោយ​ទណ្ឌកម្ម​ថ្មី បាន​រក​ឃើញ​ថា​មាន​បំពាន​ដល់​សុវត្ថិភាព​មួយ​ចំនួន។

នាវា​ MV Jin Teng ត្រូវ​បាន​ចាប់​ទុក​នៅ​ Subic Bay ក្នុង​ប្រទេស​ហ្វីលីពីន​ នៅ​ថ្ងៃ​សុក្រ​នេះ។ សេចក្តីរាយការណ៍​មួយ​ទៅ​កាន់​ឆ្មាំ​ល្បាត​បាន​ឲ្យ​ដឹង​ថា មន្រ្តី​អធិការកិច្ច​មិន​បាន​រក​ឃើញ​ទំនិញ​អ្វី​ដែល​គួរឲ្យ​សង្ស័យ​នោះ​ទេ ប៉ុន្តែ​មាន​ការ​បំពាន​ដល់​សុវត្ថិភាព​មួយ​ចំនួន​ ដូចជា​បាត់បង់​ ឬ​បាក់បែក​ឧបករណ៍ ដែល​ត្រូវ​កែកុន​ជាមុន​សិន ​មុន​នឹង​នាវា​នោះ​អាច​ចាកចេញ​ពី​កំពង់ផែ​បាន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ជិត​ចំនួន​៦​គ្រាប់​នៅ​ឆ្នេរ​សមុទ្រ​ប៉ែក​ខាង​កើត​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ក្រសួង​ការពារ​ប្រទេស​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល ដែល​បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​នោះ​បាន​ហោះ​ក្នុង​ចម្ងាយ​រហូត​ដល់​១៥០​គីឡូម៉ែត្រ​មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ។

ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាង​ជើង​ក៏​បាន​ស្រង់​សម្តី​របស់​លោក Kim នៅ​ថ្ងៃ​សុក្រ​នេះ ដែល​បាន​គំរាម​ធ្វើ​ការ​វាយប្រហារ​មុន​ទៅ​លើ​សត្រូវ​របស់​កូរ៉េ​ខាងជើងទាំង​អស់។

កូរ៉េ​ខាង​ជើង​ជារឿយៗ​គំរាម​ធ្វើ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​ក្នុង​អំឡុង​ពេល​ដែល​ភាព​តានតឹង​កើន​ឡើង។ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ជំនាញការ​បាន​ចោទ​ជា​សំណួរ​ថា តើ​កូរ៉េ​ខាង​ជើង​មាន​លទ្ធភាព​ក្នុង​ការ​ច្នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទៅ​ជា​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ដែរ​ឬ​យ៉ាង​ណា៕