ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​បង្កការមន្ទិល​ដល់​ការ​ប្តេជា​របស់​កម្ពុជា

ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​បង្កការមន្ទិល​ដល់​ការ​ប្តេជា​របស់​កម្ពុជា

សៀវភៅ​ធ្វើ​តេស្ត​ឈាម និង​តាម​ដាន​ស្ថាន​ភាព​សុខភាព​សម្រាប់​ប្រជាជន​ភូមិ​ពាម​ដែល​មក​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ កាលពី​ថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ​២០១៦។ (រូបថត៖ អូន ឆេងប៉រ/VOA)បន្ទាប់​ពី​ក្រសួង​សុខា​ភិបាល​អះអាង​ថា ​មិន​មាន​ការ​ផ្ទុះ​មេរោគ​អេដស៍​ក្នុង​ខេត្ត​កណ្តាល​នោះ ​ប្រធាន​គណៈ​កម្មការ​ទី​៨​នៃ​​រដ្ឋសភា​ ​​បង្ហាញ​ពី​មន្ទិល​សង្ស័យ​ចំពោះ​​ជោគ​ជ័យ​នៃ​ការ​លុប​បំបាត់​​ការ​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​ឲ្យ​បាន ​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​ខាង​មុខ។​ ភ្នំពេញ—

បន្ទាប់​ពី​ក្រសួង​សុខា​ភិបាល​អះអាង​ថា ​មិន​មាន​ការ​ផ្ទុះ​មេរោគ​អេដស៍​ក្នុង​ខេត្ត​កណ្តាល​នោះ ​ប្រធាន​គណៈ​កម្មការ​ទី​៨​នៃរដ្ឋសភា​ បង្ហាញ​ពី​មន្ទិល​សង្ស័យ​ចំពោះជោគ​ជ័យ​នៃ​ការ​លុប​បំបាត់ការ​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​ឲ្យ​បាន ​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​ខាង​មុខ។​

រដ្ឋាភិបាល​កម្ពុជា​ ​មាន​ទិស​ដៅ​លុប​បំបាត់​ឲ្យ​បាន​ ​នូវ​ការ​ឆ្លង​ថ្មី​នៃ​មេរោគអេដស៍​នៅ​ឆ្នាំ​២០២៥​ខាង​មុខ​។​ ​ក៏​ប៉ុន្តែ​ទិសដៅ​នេះ​ទំនង​ជា​ស្ថិត​ក្រោម​ការ​សង្ស័យ​នៅ​ឡើយ​ ​ក្រោយ​ពេល​មាន​ករណី​ផ្ទុះ​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំរការ​ខេត្ត​បាត់ដំបង​ ​និង​ករណី​សង្ស័យឆ្លង​មេរោគ​អេដស៍ក្នុង​ឃុំ​សំបួរ​មាស​ ​ខេត្ត​កណ្តាល​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ ​ជា​ពេល​ដែល​គេ​បញ្ជាក់​ថាមាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៤នាក់​នៅ​ក្នុង​ភូមិ​តែមួយ។​

កាល​ពី​ថ្ងៃ​ទី២៤ខែកុម្ភៈ​កន្លង​ទៅ​នេះ ​ក្រសួង​សុខាភិបាល​កម្ពុជា​ និង​អង្គការ​សុខភាព​ពិភពលោក​ ​ដែល​ជា​ផ្នែក​មួយ​អង្គការ​សហ​ប្រជា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​បញ្ជាក់​ថា​ ​ករណី​សង្ស័យ​ឆ្លង​មេរោគ​អេដស៍ក្នុង​ឃុំ​សំបួរមាស​ ​ខេត្ត​កណ្តាល​នេះ​ ​មិន​មែន​ជា​ករណី​ខុស​ប្រក្រតី​ ​ដូច​ការ​ឆ្លង​រាល​ដាល​មេរោគ​អេដស៍​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នោះ​ទេ។​ ​សេចក្តី​សន្និដ្ឋាន​ដែលថា​មាន​អ្នក​ភូមិ​៤រូបឆ្លង​មេរោគ​អេដស៍ក្នុង​ខេត្ត​កណ្តាល​ ​គឺ​ជា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ដោយ​ស្ម័គ្រ​ចិត្តចំនួន​២៧៩​នាក់។​

លោក​ស្រី​ កែ សុវណ្ណរ័ត្ន​ គឺ​ជា​ប្រធាន​គណៈ​កម្មការ​សុខា​ភិបាល​នៃ​រដ្ឋសភា​កម្ពុជា​បាន​ចេញ​លិខិត​ ​ទទូច​ឲ្យ​ក្រសួង​សុខា​ភិបាល​កម្ពុជា​បន្ត​ធ្វើ​ការ​តាម​ដាន​ ​លើ​ករណី​សង្ស័យ​ឆ្លង​មេរោគ​អេដស៍ក្នុង​ឃុំ​សំបួរមាស​ ​ខេត្ត​កណ្តាល​បន្ត​ទៀត។​ ប្រធាន​គណៈ​កម្មការ​ទី៨​នៃ​រដ្ឋសភា​ ​ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ឲ្យ​ដឹង​ថា ​លោក​ ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ ​ម៉ម ប៊ុន​ហេង​ ​មិន​ទាន់​មាន​ជា​ការ​ឆ្លើយ​តប​ណា​មួយ មក​លោក​ស្រី​វិញ​នោះ​ទេ។​

យ៉ាង​ណា​ក៏ដោយ​ ​លោក​ស្រី​លើ​កឡើង​ថា​ ​ដើម្បី​ឲ្យ​មាន​ការ​សន្និដ្ឋាន​ពីមូល​ហេតុឲ្យ​កាន់​តែ​ច្បាស់​លាស់​នោះ​ ​លុះត្រា​តែ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូម​ពាម​ ​ខេត្ត​កណ្តាល​ ​បាន​ពិនិត្យ​ឈាម​រក​លទ្ធផល​របស់​ខ្លួន​គ្រប់ៗ​គ្នា។​

«យើង​ឃើញ​ថា​លទ្ធផល​ធ្វើ​តេស្ត​ហ្នឹង​បាន​តែ​១ភាគ​៤ទេ​។ ការ​ធ្វើ​តេស្ត​តែ​ពាក់​កណ្តាល​មិន​មែន​ជា​មូលដ្ឋាន​ពិត​ប្រាកដទេ​ គឺ​យើង​ត្រូវ​ធ្វើ​តេស្ត​ឲ្យ​មាន​លក្ខណៈទូលំទូលាយ​ជាង​ហ្នឹង​ ទើប​យើង​អាច​សន្និដ្ឋាន​បាន​។ ពីព្រោះ​ជំងឺ​អេដស៍​វា​ឆ្លង​ បើ​យើង​អត់រកឃើញ​បញ្ហា​ទាំង​អស់​ ​ថា​តើ​វា​ឆ្លង​ប៉ុន្មាន​នាក់ ដើម្បី​យើង​ចាត់​វិធានការ​ក្នុង​ការ​ជួយ​ព្យាបាល​គាត់។ ទី២​យើង​ទប់ស្កាត់ ទី៣​យើង​លើក​ទឹក​ចិត្ត​គាត់»។

លោក​ស្រី​បន្ថែម​ទៀត​ថា​ បើ​ចង់​ឲ្យ​សម្រេច​បាន​នូវ​ការ​លុប​បំបាត់​ការ​ឆ្លង​ថ្មី​ ​នៃ​មេរោគ​អេដស៍​ ក៏​ដូច​ជា​ពង្រឹង​វិស័យ​សុខាភិបាល​ជា​រួមនោះ ​កម្ពុជា​ចាំ​បាច់​ត្រូវធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នៃ​ប្រព័ន្ធ​សុខា​ភិបាល​របស់​ខ្លួន​ឡើងវិញ។

«ដើម្បី​ឲ្យ​ទៅ​ជា​ប្រព័ន្ធ​ ដើម្បី​ឲ្យ​កាត់​បន្ថយ​បញ្ហា​ មិន​មែន​តែ​រឿង​អេដស៍​ទេ បញ្ហា​ផ្សេងៗ​ច្រើន​ណាស់​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​ ព្រោះ​វិស័យ​សុខាភិបាល​ជា​វិស័យ​អាយុជីវិត​ របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ម៉េច​រៀប​ចំប្រព័ន្ធសុខាភិបាល។ វា​បាត់​បង់ជំនឿ​ ប្រជាពលរដ្ឋ​ភាគ​ច្រើន​រត់​ទៅរក​ការព្យាបាល​ដោយខ្លួន​ឯង​ ដោយសារភាព​យឺត​យ៉ាវ​ការ​ផ្តល់សេវា​ ការ​មិន​គោរព​ក្រមសីលធម៌​របស់​គ្រូពេទ្យ​មួយ​ចំនួន។ សូម្បី​តែ​វេជ្ជ​បណ្ឌិត​មួយ​ចំនួន​ គ្រួសារ​គាត់​ក៏​ចេញ​ទៅមើល​ក្រៅ​ដែរ»។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ ​មន្ត្រី​សុខាភិបាល​កម្ពុជា​នៅ​តែ​មាន​ជំនឿ​ចិត្ត​ ​និង​ការ​ពារ​វិធានការ​ដែល​នឹង​អាច​ឈាន​ដល់​ការ​លុប​បំបាត់​ការ​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​នា​ពេល​ខាង​មុខ។​

លោក​ លី ពេញ​ស៊ុន​ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ​ថ្លែង​ការពារ​ចំណាត់​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​៖

«យើង​សង្ឃឹម​ថា​នឹង​អាច​ធ្វើបាន​ ដោយសារ​ថា​បច្ចុប្បន្ន​នេះ ​អ្នក​ដែល​យើង​បាន​ផ្តល់​សេវា​ព្យាបាល​ហ្នឹង​សឹង​តែ​ជាង​៨០%​ ហើយ​យើង​ហ្នឹង​បន្ត​ទៅ​រក​ថែម។ នៅ​មាន​ប្រហែល​១ម៉ឺន​នាក់​ទៀត​ដែល​គាត់​ផ្ទុក​ហើយ​ តែ​គាត់​អត់​ដឹង។ យើង​ត្រូវ​ប្រញាប់​ហៅ​គាត់​មក​ធ្វើ​តេស្ត​ មក​ប្រញាប់​ព្យាបាល​កុំ​ឲ្យ​គាត់​ឆ្លង​តទៅ​ទៀត»។​

លោក​ អ៊ុក ស៊ីថា​ ប្រធាន​កម្មវិធី​ប្រយុទ្ធ​ជំងឺអេដស៍​ កាមរោគ​ខេត្ត​កណ្តាល​ ​ដែល​ធ្វើការ​ផ្ទាល់​ជា​មួយ​ភូមិពាម ​សំបួរ​មាស ​បញ្ជាក់​ប្រាប់​ VOA​ ថា​ ​ក្រុម​ការងារ​សុខាភិបាល​ នៅ​តែ​បន្ត​ផ្តល់​សេវា​ ប្រឹក្សា​ និង​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍​នេះ​ជា​បន្ត​បន្ទាប់​ទៀត​ផង​ដែរ​ ​ហើយគិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ ​មាន​អ្នក​ភូមិ​ប្រមាណ​១០០​នាក់​ផ្សេងទៀត​បាន​មក​ពិនិត្យ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​។​ ដោយ​ឡែក ​ជា​លទ្ធផល​ពុំ​មាន​រក​ឃើញ​អ្នក​មាន​មេរោគ​អេដស៍​ណាមួយ​នោះ​ទេ​។

នៅ​ក្នុង​របាយ​ការណ៍​អង្កេត​មួយ​ចេញ​ដោយ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៃ​ក្រសួង​សុខា​ភិបាល​កម្ពុជា​ក្នុង​ខែ​ឩសភា​ឆ្នាំ​២០១៥​ឲ្យ​ដឹង​ថា​ ​អត្រានៃ​ការ​ឆ្លង​មេរោគ​អេដស៍​ក្នុង​ចំ​ណោម​មនុស្ស​ទូទៅ​ ​បាន​ធ្លាក់​ចុះ​ពី​០.៤៨%​ នៅ​ឆ្នាំ​២០១០​ មក​ត្រឹម​០.២៨%​ ក្នុង​ឆ្នាំ​២០១៤៕