ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ចាម​ ៖  រថយន្ត​ជា​ច្រើន​គ្រឿង​បាន​កកស្ទះ  ចម្ងាយ​ប្រហែល​ជាង​២​គីឡូម៉ែត្រ ដោយសារ​តែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​លើ​ស្ពាន​គី​ហ្ស៊ូ​ណា ។ ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៤ ខែមីនា នៅ​លើ​ស្ពាន​គី​ហ្ស៊ូ​ណា ដោយសារ​តែ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​ដំឡូង​មី បាន​បុក​រះ​រថយន្ត​ចំនួន​៧​គ្រឿង ថែម​ទាំង​រុញ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ថា​រី​ជ្រុល​ទៅ​បុក​បាក់​បង្កាន់ដៃស្ពាន ហើយ​រថយន្ត​បង្កហេតុ​បាន​ក្រឡាប់ចាក់​ដំឡូង​រាយ​ប៉ាយ និង​សង្កត់​លើ​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​ផង​ដែរ ។

សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៏​ប្រាប់​ឲ្យ​ដឹង​ថា រូប​លោក​បាន​ជិះ​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​ចេញពី​ត្រើយ​ខាងលិច​ឆ្ពោះទៅ​ត្រើយ​ខាងកើត ឆ្លងស្ពាន​គី​ហ្ស៊ូ​ណា ដើម្បី​ទៅ​ចូលរួម​មង្គលការ​គេ ពេល​កំពុង​តែ​បើកបរ​រថយន្ត ស្រាប់តែ​រថយន្ត​ធុន​យក្ស​ដឹក​ដំឡូង​មី​មួយ​គ្រឿង​ពេញ​សណ្តោង​រ៉ឺ​ម៉ក ស្រប​ទិស​គ្នា​ក្នុង​ល្បឿ​លឿន មក​កៀរ​រថយន្ត​របស់​គាត់ និង​បាន​បើក​វ៉ា​គេឯង​ថែម​ទៀត ។ សាក្សី​បាន​ប្រាប់​បន្ត​ថា បន្ទាប់​មក​រថយន្ត​ដឹក​ដំឡូង​បាន​បុក​រះ រថយន្ត តូច​ធំ រហូត​ដល់​ទៅ​៧​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ថា​រី  ឲ្យ​ទៅ​បុក​បង្កាន់ដៃស្ពាន​គី​ហ្ស៊ូ​ណា​បាក់​ថែម​ទៀត សំណាងល្អ​រថយន្ត​មិន​បាន​ធ្លាក់​ចុះ​ក្រោម ។

ហើយ​រថយន្ត​បង្ក​បាន​បន្ត​បុក​រះ​ទៅ​ខាង​មុខ​ទៀត ស្រាប់តែ​ក្រឡាប់​ត្រង់​ចំណុច​ក្បាលស្ពាន​ត្រើយ​ខាងកើត  ក៏​ធ្លាក់​ដំឡូង​មី​សង្កត់​លើ​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង ។ សមត្ថកិច្ច​ដែល​ការពារ​ស្ពាន​គី​ហ្ស៊ូ​ណា ប្រាប់​ឲ្យ​ដឹង​ថា រហូត​មក​ដល់​វេលា​ម៉ោង​៩​យប់ ចរាចរ​នៅ​លើ​ស្ពាន​គី​ហ្ស៊ូ​ណា​នូវ​តែ​មាន​ភាព​កកស្ទះ  ជាមួយ​នោះ​សមត្ថកិច្ច​ក៏​បាន​ស្ទូច​យក​រថយន្ត​ដឹក​ដំឡូង​ឡើង​វិញ ទើប​អាច​ដំណើរការ​ជា​ធម្មតា​វិញ ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម  មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តី​រាយ ការណ៍​ពី​សមត្ថកិច្ច​ការពារ​ស្ពាន​គី​ហ្ស៊ូ​ណា ភ្លាម​ៗ​នោះ​រូប​លោក​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​មានការ​ចូលរួម​ពី​ស្ថាប័ន​កងរាជអាវុធហត្ថ ក៏​បាន​ឃាត់ខ្លួន​អ្នកបើកបរ​២​នាក់ ម្នាក់​ជា​អ្នក​បើក រថយន្ត​ដឹក​សាំង និង​ម្នាក់​ទៀត​ជា​អ្នក​បើករថយន្ត​ដឹក​ដំឡូង ។ កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុង កំពង់ចាម  និង​នគរបាល​ចរាចរ​ស្រុក​ត្បូងឃ្មុំ  បាន​ជួយ​សម្រួល​ចរាចរ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ភាព​កកស្ទះ ៕