ទូរស័ព្ទ​ទំនើប Smartphone កាន់​តែ​សំខាន់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ

ទូរស័ព្ទ​ទំនើប Smartphone កាន់​តែ​សំខាន់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ

មនុស្ស​ម្នា​ពាក់​ឧបករណ៍ Samsung Gear VR នៅ​ពេល​ពួកគេ​ចូលរួម​កម្មវិធី​សម្ភោធ​ទូរស័ព្ទ Samsung S7 និង S7 edge ថ្មី​របស់​ក្រុមហ៊ុន Samsung នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​ទូរស័ព្ទ​ដៃ​ពិភពលោក​នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦។នៅ​​ក្នុង​ពិធី​តាំង​ពិព័រណ៍​ទូរស័ព្ទ​ដៃ​ដ៏​ធំ​ជាង​គេ​មួយ​ក្នុង​ពិភពលោក ​នៅ​ទីក្រុង Barcelona ​ប្រទេស​អេស៉្បាញ ​មហាក្រុមហ៊ុន​បច្ចេកវិទ្យា Facebook និង Samsung​ សុទ្ធ​តែ​មាន​ដំណឹង​ដ៏​អស្ចារ្យ​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​ពួកគេ។​ វ៉ាស៊ីនតោន—

បច្ចេកវិទ្យា​សម្រាប់​ទូរស័ព្ទ​ដៃ​និង​ឧបករណ៍​ចល័ត​កំពុង​តែ​អភិវឌ្ឍ​យ៉ាង​លឿន​ទៅ​មុខ។ នៅក្នុង​ពិធី​តាំង​ពិព័រណ៍​ទូរស័ព្ទ​ដៃ​ដ៏​ធំ​ជាង​គេ​មួយ​ក្នុង​ពិភពលោក ​នៅ​ទីក្រុង Barcelona ​ប្រទេស​អេស៉្បាញ ​មហាក្រុមហ៊ុន​បច្ចេកវិទ្យា Facebook និង Samsung ក៏​ដូច​ជា​គូប្រជែងធំៗ​របស់​ក្រុមហ៊ុន​ទាំង​២​នេះ​ សុទ្ធ​តែ​មាន​ដំណឹង​ដ៏​អស្ចារ្យ​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​ពួកគេ។​

ក្នុង​ពិធី​ Mobile World Congress ប្រចាំ​ឆ្នាំ​នៅ Barcelona ទូរស័ព្ទ smartphone​ នាំ​មុខ​គេ។

Shu On Kwok​ និពន្ធ​ជាន់​ខ្ពស់​នៃ​ AndroidPit ថ្លែង​ថា៖​

«Smartphone ​កាន់​តែ​មាន​ឥទ្ធិពល​និង​កាន់​តែ​ភ្ជាប់​ជាមួយ​នឹង​វត្ថុ​ទាំង​អស់​ដែល​អ្នក​មាន​នៅ​ផ្ទះ​ ឬ​នៅ​ជាមួយ​អ្នក​តែ​ម្តង​ ដែល​មាន​តាំង​ពី​កាស​ពាក់​ត្រចៀក​រហូត​ដល់​កាមេរ៉ា​សុវត្ថិភាព​ជាដើម‍»។ ​

ដូច្នេះ​យក​កុំព្យូទ័រចេញ​ទៅ​ព្រោះ​ Smartphone បាន​នាំ​មុខ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​យើង​ត្រួតត្រា​លើ​បណ្តាញ​នៃ​ឧបករណ៍​អ៊ីនធឺណិត​ (Internet of Things) ឬ​ ហៅ​កាត់​ថា​ IOT។ ​

Nirave Gondhia និពន្ធ​នៃ​ Android Authority ថ្លែង​ថា៖

​«IOT គឺ​ជា​ពាក្យ​ពេញ​និយម​ ប៉ុន្តែ​ន័យ​ពិតប្រាកដ​នោះ​គឺ​ថា​ Smartphone មិន​ត្រឹម​តែ​ជា​ចំណុច​ប្រសព្វ​នៃឧបករណ៍​ចល័ត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ភ្ជាប់​អ្វី​គ្រប់យ៉ាង​នៅ​ក្នុង​ផ្ទះរបស់​អ្នក‍»។ ​

ចំនួន​ឧបករណ៍​ទាំង​នោះ​កំពុង​កើន​ឡើង​ជា​លំដាប់ ចាប់​ពី​ច្រាស​ដុស​ធ្មេញ​អគ្គិសនី រហូត​ដល់​គ្រឿង​យន្ត​ដែល​បំពាក់​កាមេរ៉ា laser ​និង​ប្រព័ន្ធ​ចាប់​ចលនា sensor។

កាមេរ៉ា smartphone ក៏​កំពុង​តែ​រីកចម្រើន​ដែរ។ កាមេរ៉ា​មួយ​ចំនួន​អាច​ប្ដូរ​ចម្ងាយ focus បាន ហើយ​មួយ​ចំនួន​ទៀត​អាច​ថត​រូប​បាន​ច្បាស់​គ្រប់​ពេល​ឬ​មាន​កាមេរ៉ា​៣៦០ដឺក្រេ។

នាង Nicole Scott និពន្ធ​នៃ​ MobileGeeks និយាយ​ថា៖

«អញ្ចឹង​នៅ​បារ​ផឹក​ស្រា ​អាច​ selfie បាន​ច្រើន​នាក់‍»។​

ទូរស័ព្ទ G5 ​របស់ LG អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ថែម​គ្រឿង​ជាច្រើន​ក្នុង​ពេល​តែ​មួយ​ និង​អាច​ប្ដូរ​ថ្ម​បាន។

នៅ​មិន​ទាន់​អស់​ទេ! តាម​រយៈ​ការ​សហការ​រវាង​ Facebook និង​ Samsung ​ឆាប់ៗ​នេះ​យើង​នឹង​អាច​ទាក់ទង​ជាមួយ​មនុស្ស​ម្នា​នៅ​ក្នុង​ពិភព​និម្មិត​ (virtual reality) ជា​ជាង​ត្រឹម​តែ​ជួប​ជាមួយ​នឹង​មិត្ត​តាម​វីដេអូ​លើ​អ៊ីនធឺណិត។

កាមេរ៉ា​៣៦០​ដឺក្រេ​ទាំង​មុខ​និង​ក្រោយ​របស់ Samsung នឹង​ភ្ជាប់​ជាមួយ​នឹង​ទូរស័ព្ទ​ Samsung ​និង​កាស VR។

ប្រធាន​ក្រុមហ៊ុន Facebook លោក Mark Zuckerberg ថ្លែង​ថា៖

«ឆាប់ៗ​នេះ យើង​នឹង​អាច​ផ្សាយ​ផ្ទាល់​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ ដូច្នេះ​មិត្ត​ភក្តិ​ ក្រុម​គ្រួសារ និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើងនឹង​មាន​អារម្មណ៍​ថា ពួកគេ​ដូច​ជា​កំពុង​តែ​នៅ​ជាមួយ​យើង​អញ្ចឹង»។

ដូចឆ្នាំ​មុនៗ​ដែរ Apple មិន​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ទេ ប៉ុន្តែ​ផ្អែក​តាម​ពាក្យ​ចចាមអារ៉ាម ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ដាក់​លក់ iPad ថ្មី​ក្នុង​ខែ​មីនា៕​

ប្រែ​សម្រួល​ដោយ ហុង ចិន្តា