ប្រឹង​អ៊ុត​ទូរសព្ទ​ទាំង​ពពោះ​៦ខែ​ក្បែរ​ផ្សារ​សូរិយា ដើម្បី​សន្សំ​ប្រាក់​ទុក​សម្រាល​កូន

កំពុង​អង្គុយ​មុខ​ផ្សារ​ទំនើប​សូរិយា ដៃ​ម្ខាង​កាន់​ទូរសព្ទ និង​ម្ខាង​ទៀត​កាន់​ដែកកេះ​ដុតរោល​ស្កុត​បិទ​ទូរសព្ទ ចិន្តា​ជា​ជាង​អ៊ុត​ទូរសព្ទ​ខំប្រឹង​ដើម្បី​បន្ត​ក្តី​សង្ឃឹម​បាន​ប្រាក់​ទុក​សម្រាល​កូន។

 

ចិន្តា​ដែល​ជា​ជាង​អ៊ុត​ទូរសព្ទ​រយៈ​ពេល​ច្រើន​ឆ្នាំ​បាន​និយាយ​ប្រាប់ Sabay ទាំង​ទឹក​មុខ​ស្ងួត​ដូច្នេះ​ថា ព្រោះ​តែ​ចង់​សន្សំ​ប្រាក់​មួយ​ចំនួន​ទុក​ពេល​សម្រាល​កូន ទើប​ខ្លួន​ប្រឹង​មក​អង្គុយ​ម៉ង់ៗ​អ៊ុត​ទូរសព្ទ​ទាំង​កំពុង​ព​ពោះ ៦ខែ។

 

ប្រឹង​អ៊ុត​ទូរសព្ទ​ទាំង​ពពោះ​៦ខែ​ក្បែរ​ផ្សារ​សូរិយា ដើម្បី​សន្សំ​ប្រាក់​ទុក​សម្រាល​កូន

 

ស្រ្តី​រូប​នេះ​ថា ខ្លួន​និង​ស្វាមី​សុទ្ធ​តែ​ជា​ជាង​អ៊ុត​ទូរសព្ទ​ដូច​គ្នា។ កាល​ដំបូង​ឡើយ ទាំង​ពីរ​នាក់​ស៊ី​ឈ្នួល​អ៊ុត​ម៉ូតូ​នៅ​ហាង​មួយ​កន្លែង​នៅ​ភ្នំ​ពេញ តែ​ដោយ​ការងារ​ធ្វើ​ការ​ឱ្យ​គេ​បែប​នេះ​លំបាក​ត្រូវ​ប្រើ​កម្លាំង​ច្រើន​ហើយ​បាន​កម្រៃ​តិច ទើប​ទាំង​ពីរ​នាក់​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​របរ​មក​ធ្វើ​ជាង​អ៊ុត​ទូរសព្ទ​ជំនួស​វិញ ដោយ​សង្ឃឹម​ថា​ឯករាជ្យ​និង​បាន​កម្រៃ​សម​ល្មម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

 

ដោយ​គិត​ថា​បើ​នៅ​តែ​ផ្ទះ​មិន​ដឹង​បាន​ចំណូល​ពី​ណា​ដើម្បី​ជួយ​សម្រួល​បន្ទុក​ស្វាមី​ដែល​ជា​ជាង​អ៊ុត​ទូរសព្ទ​ដូច​គ្នា ម្ល៉េះ​ហើយ​ចិន្តា​ក៏​ខំ​ប្រឹង​អង្គុយ​អ៊ុត​ទូរសព្ទ​តាំង​ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៧យប់ ដោយ​មួយ​ថ្ងៃ​បាន​កម្រៃ​ខ្ទង់​ប្រហែល​ជាង ១០ដុល្លារ ​តែ​ថ្ងៃ​ខ្លះ​តិច​ជាង​នេះ​ក៏​មាន។

 

ទូរសព្ទ​ខ្លះ​ចិន្តា​យក​ថ្លៃ​អ៊ុត​ពី ២០០០រៀល ទៅ ៥០០០រៀល​ទៅ​តាម​ប្រភេទ​ទូរសព្ទ​ធំ​តូច តែ​យ៉ាង​ណា​ចិន្តា​ថា​បើ​អ៊ុត​ស្គ្រីន​​អាច​បាន​កម្រៃ​ច្រើន​និង​ងាយ​ជាង​ការ​អ៊ុត​ជ័រ​ប្លាស្ទិក ព្រោះ​ត្រូវ​ដុត​ដែកកេះ​ក្តៅ​ម្រាម​ដៃ។

 

រាល់​ថ្ងៃ​ចិន្តា​ត្រូវ​ជួល​កន្លែង​មួយ​នៅ​ម្តុំ​ផ្សារ​ទំនើប​សុរិយា​​មួយ​ខែ​ថ្លៃ ៥០ដុល្លារ ដើម្បី​រង់​ចាំ​អ៊ុត​ស្មាតហ្វូន​ជូន​អតិថិជន ខណៈ​ស្វាមី​ធ្វើ​ជាង​អ៊ុត​ទូរសព្ទ​ស៊ី​ប្រាក់​ខែ​នៅ​ហាង​លក់​ទូរសព្ទ​មួយ​នៅ​ម្តុំ​គិរីរម្យ។

 

ចិន្តា​បន្ត​ថា ពេល​ខ្លះ​ត្រូវ​អង្គុយ​អ៊ុត​យូរ ចុក​ចង្កេះ​ខ្នង និង​ចុក​ជើង តែ​យ៉ាង​ណា​ស្រ្តី​រូប​នេះ​ប្រហែល​ត្រូវ​នៅ​ទ្រាំ​អង្គុយ​អ៊ុត​ទូរសព្ទ​រហូត​ដល់​ជិត​គ្រប់​ខែ​ក៏​មិន​ដឹង ដោយ​សម្អាង​ថា​មក​អ៊ុត​ទូរសព្ទ​នៅ​ម្ដុំ​សូរិយា​នេះ​ក្បែរ​ពេទ្យ និង​ងាយ​ទៅ​ពិនិត្យ​ពេល​មាន​បញ្ហា​អ្វី​មួយ។

 

“​ពេល​ខ្លះ​ចុក​ចង្កេះ​ខ្លះ​ដែរ​ព្រោះ​ត្រូវ​អង្គុយ​យូរ តែ​ចេះ​តែ​ទ្រាំ​ដើម្បី​លុយ។ ការងារ​នេះ​​ប្រហែល​ត្រូវ​បន្ត​​​ធ្វើ​រហូត​ដល់​ជិត​គ្រប់​ខែ (ខែ​ឧសភា) ​ដើម្បី​សន្សំ​ប្រាក់​បាន​ច្រើន តែ​​ក៏​មិន​ដឹង​ថា​​អាច​ទ្រាំ​​អង្គុយ​អ៊ុត​បាន​ប៉ុន្មាន​ខែ​ទៀត​​ដែរ។

 

អនាគត​ចិន្តា​ថា​បើ​មាន​លទ្ធភាព​ខ្លួន​និង​ស្វាមី​ចង់​បើក​កន្លែង​អ៊ុត​ម៉ូតូ​មួយ​សម​ល្មម​​ផ្ទាល់​ខ្លួន​ឬ​បើក​តូប​លក់​ឥវ៉ាន់​ចាប់ហួយ​​ ដើម្បី​បន្ត​ជីវភាព​ទៅ​ថ្ងៃ​ក្រោយ៕

 

អត្ថបទ៖ ប៉ែត ផាន់និត