ជប៉ុនផ្អាក បណ្តោះអាសន្ន ក្នុងការផ្លាស់ប្តូរ មូលដ្ឋានទ័ព អាមេរិកនៅលើកោះ Okinawa

លោកនាយករដ្ឋមន្ត្រី ជប៉ុន Shinzo Abe នាពេលថ្មីៗនេះ បានយល់ព្រមនៅក្នុង ការបញ្ឈប់ជា បណ្តោះអាសន្ន ការងារការដ្ឋាន សម្រាប់ផ្លាស់ប្តូរ ទីតាំងមូលដ្ឋានទ័ព របស់អាមេរិក នៅលើកោះ Okinawa របស់ខ្លួន។

ប្រភពព័ត៍មានរបស់BBCដែលបានចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា លោក Abe បាននិយាយថា រូបលោកបាន ទទួលយកនូវ សំណើរចេញពី តុលាការ ដែលបានដោះស្រាយ និងសម្របសម្រួល  នូវការភាពប្រឆាំងគ្នា រវាងរដ្ឋាភិបាល ជាមួយនឹងអជ្ញាធរ ក្នុងស្រុកទាក់ទង ទៅការងារ ផ្លាស់ប្តូរទីតាំង មូលដ្ឋានទ័ពអាមេរិក។ រដ្ឋាភិបាលមាន បំណងចង់ រើទីតាំងទ័ពអាកាស Futenma ពីតំបន់ដែលមាន ប្រជាជនរស់នៅ ច្រើនទៅកាន់តំបន់ ដាច់ស្រយាល ប៉ុន្តែអជ្ញាធរក្នុងស្រុក និងប្រជាពលរដ្ឋ បានប្រឆាំងជំទាស់ និងចង់ឲ្យធ្វើការ ផ្លាស់ប្តូរទីតាំង ទាំងមូលតែម្តង។

ការថ្នាំងថ្នាក់គ្នារវាងវត្តមានរបស់កងទ័ពអាមេរិក និងប្រជាជន ដែលរស់នៅ លើកោះនេះ បានចាប់ផ្តើមកើន កំដៅឡើងចាប់តាំង ពីឆ្នាំ១៩៩៥ នៅពេលដែលក្មេងស្រី អាយុ១២ឆ្នាំ ម្នាក់ ត្រូវបានចាប់រំលោភ ដោយទាហាន អាមេរិកជាច្រើននាក់។

គួររំលឹកដែរថាប្រទេសជប៉ុន មានទាហាន អាមេរិកប្រមាណ ២៦០០០នាក់ ដែលបានបោះទីតាំង ច្រើនកន្លែងនៅលើកោះ Okinawa ដែលជាផ្នែកមួយ នៃការចងភ្ជាប់គ្នា នៃសន្តិសុខរវាង ប្រទេសទាំងពីរ ចាប់តាំងពីចុងបញ្ជប់ នៃសង្គ្រាមលោកលើក ទី២មកម្ល៉េះ៕