ស្ត្រី​ឈឺ​ក្នុងពេល​រួមភេទ ដឹង​ថា​មកពី​ហេតុ​អ្វី​ទេ​?

ស្ត្រី​ឈឺ​ក្នុងពេល​រួមភេទ ដឹង​ថា​មកពី​ហេតុ​អ្វី​ទេ​?

​បញ្ហា​រោគ​ស្ត្រី មាន​ច្រើន​ប្រភេទ​ណាស់ ដែល​អាច​កើតឡើង ក្នុង​ជីវិត​ផ្លូវភេទ ជាពិសេស បណ្តាល​ឲ្យ​ឈឺចាប់ ក្នុងពេល​រួមភេទ​តែម្តង​។ ការឈឺចាប់​នោះ អាច​កើតឡើង នៅក្នុង​តំបន់​អាង​ត្រគាក ឬ​ឈឺ​នៅ​ជុំវិញ​ប្រដាប់ភេទ​។ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺថា ការឈឺចាប់ ដែល​បណ្តាល​មកពី​បញ្ហា​ផ្លូវចិត្ត គឺ​អាច​ខ្លាំង​ជាង​បញ្ហា​ផ្លូវកាយ​ទៅទៀត​។ ពេលខ្លះ ស្ត្រី​ភាគច្រើន សឹងតែ​មិន​អាច​ប្រាប់​បាន អំពី​បញ្ហា​នានា ដែល​ធ្វើឲ្យ​ពួកគេ​ឈឺចាប់ ក្នុងពេល​រួមភេទ​ទេ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី ការឈឺចាប់​ក្នុង​ទ្វារមាស​ស្ត្រី ដែល​នាំ​ឲ្យ​ពិបាក​រួមភេទ​។

ឈឺ​នៅ​បបេរ​ទ្វារមាស​
បបេរ​ទ្វារមាស ចែកចេញ​ជា​ពីរ​តំបន់ គឺ​បបូរ​ក្រៅ និង​បបេរ​ក្នុង ដោយ​មាន​សេរ​នៅ​កណ្តាល​។ ការឈឺចាប់​ក្នុង​តំបន់​នេះ ច្រើន​តែ​មាន​លក្ខណៈ​ក្រហាយៗ រមាស់ និង​ឈឺ​។ ពេលខ្លះ មូលហេតុ​របស់​វា អាច​បណ្តាលមកពី ៖

  • ​រលាក​បបេរ​ទ្វារមាស​
  • ​រលាក​បបេរ​ទ្វារ​មាសផង និង​ទ្វារមាស​ផង ដែល​បណ្តាល​មក​ពី​បាក់តេរី និង​ធ្វើឲ្យ​ទៅ​ជាហើម​
  • ​មាន​ជំងឺប៉េស​នៅ​ប្រដាប់ភេទ​
  • ​រលាក​បង្ហួរនោម​
  • ​ស្វិត​បបេរ​ទ្វារមាស​
  • ​ការឈឺចាប់​នៅ​បបេរ​ទ្វារមាស​ខ្លះ ក៏​អាច​បណ្តាលមកពី ពុំ​មាន​ទឹករំអិល​គ្រប់គ្រាន់ ក្នុងពេល​រួមភេទ​ផងដែរ​។

​ឈឺ​នៅ​ទ្វារមាស​
​ការឈឺចាប់​នៅ​តំបន់​មួយ​នេះ គឺជា​រឿង​កើតមាន​ជា​ញឹកញាប់​បំផុត ក្នុងពេល​រួមភេទ​។ ដោយសារ​តែ​ចុង​សរសៃប្រសាទ ស្ថិតនៅក្នុង​ទ្វារមាស​មាស មាន​រំញោច​ខ្លាំង​នោះ ទើប​ធ្វើឲ្យ​វា អាច​រង​នូវ​ការឈឺចាប់ ក្នុងពេល​ស៊ក​បញ្ចូល​លិង្គ​។ មូលហេតុ​របស់​វា មានដូចជា ៖

  • ​កង្វះ​ទឹករំអិល​ក្នុងពេល​រួមភេទ​
  • ​មាន​ការបង្ក​រោគ​
  • ​ទើប​តែ​ជា​ពី​ការ​កាត់​ប៉េ​រី​ណេ​
  • ​អា​លែ​ក​ស៊ី​នឹង​ស្រោមអនាម័យ ឬ​មាន​ការប៉ះទង្គិច​ផ្លូវភេទ​
  • ​ពេលខ្លះ ការឈឺចាប់ ក៏​អាច​បណ្តាលមកពី អារម្មណ៍​ឈឺចាប់ ក្នុងពេល​រួមភេទ​ដែរ​។

Deep Dyspareunia
​ការឈឺចាប់​ប្រភេទ​នេះ កើតឡើង​ដោយសារតែ មានការ​ស៊ក​បញ្ចូល​លិង្គ​ជ្រៅ ក្នុងពេល​រួមភេទ​។ ការឈឺចាប់​ចាប់ផ្តើម នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ចង់ និង​ពេល​ឈាន​ដល់​ចំណុចកំពូល នៃ​ភាព​រ៉ូ​មែនទិច​។ វា​អាច​ជា​រឿង​ធ្ងន់ធ្ងរ​បំផុត ដែល​តម្រូវ​ឲ្យ​អ្នក បញ្ឈប់​ការ​រួមភេទ នៅ​ពាក់កណ្តាល​ទី​។ មូលហេតុ​របស់​វា អាច​មាន​ដូចជា ៖

  • ​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​
  • ​ជំងឺ​អង់ដូម៉ែ​ត្រ​
  • ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត្រ​
  • ​មាន​ដុំ​សាច់​ក្នុង​ស្បូន​
  • ​គីស​ក្នុង​ក្រពេញ​អូវ៉ែ​ជាដើម​។​

​បើសិន​ជា​អ្នក ធ្លាប់​មាន​ការឈឺចាប់ ក្នុងពេល​រួមភេទ​នោះ ចូរ​ព្យាយាម​ស្វែងយល់​ពី​វា​ឲ្យបាន​ច្រើន​។ ចូរ​ប្រាប់​រឿងនេះ ទៅ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី ដើម្បី​ដោះស្រាយ​។ ការពិនិត្យ​រាងកាយ​ពេញលេញ និង​ការ​ប្រាប់​អំពី​បញ្ហា​ផ្លូវចិត្ត អាច​ជួយ​ដល់​គ្រូពេទ្យ ស្វែងរក​ការព្យាបាល​ដែល​ត្រឹមត្រូវ​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។