ព្រះសង្ឃ​ឥសី​ធុតង្គ​ចូល​សណ្ឋិត​ព្យាបាល​ជំងឺ​

6 Videos

​បើទោះបីជា​បច្ចេកទេស​ខាង​វិស័យ​សុខាភិបាល​រីកចម្រើន​ដល់​កម្រិត​ណាក៏ដោយក៏​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ភាគច្រើន​នៅតែ​ជឿជាក់​លើ​ការព្យាបាល​ជំងឺ​តាមបែប​បុរាណ​គ្រូខ្មែរដោយ​ប្រើ​ឱសថ​បុរាណ​ដូចជា មើម​ឈើ ឫស​ឈើ ជាដើម គួបផ្សំ​នឹង​បាលី​មន្តអាគម​ឧម​អាម​ដែល​បាន​សិក្សា​រៀនសូត្រ​តៗ​គ្នា​ពី​បុរាណ​មក ។

​ព្រះគ្រូ អឿង សំអាង ព្រះជន្ម ៤០ វស្សា ដែលជា​ព្រះចៅអធិការ​វត្ត​និង​ជា​ព្រះ បាឡាត់​គណ​ខេត្ត ដែល​គង់នៅ​ក្នុង​វត្ត​ពុទ្ធោ​ភាវនា ស្ថិត​ក្នុងភូមិ​ត្រពាំង​ត្រាវ ឃុំ​ត្រពាំង​ត្រាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុង​តែមាន​ភាពល្បីល្បាញ​ស្ទើរ​ពេញ​ទូទៅ​ទាំង​ខេត្ត ដោយសារតែ​ការមើល​ជំងឺ ទស្សន៍ទាយ ស្រោច​ទឹក​លើករាសី បង្រួបបង្រួម​ប្តី​ប្រពន្ធ ធ្វើ​ខ្សែ​គាថា ចារ​យ័ន្ត្រ អ្នក​ដែល​ទៅ​ពឹង​ពរ​ព្រះអង្គ​នោះបាន​ទទួលស្គាល់ថាពិតជា​ស័ក្តិសិទ្ធិ​មិន​ខុស​បំណង​ឡើយ ។

M88

ព្រះសង្ឃ​ឥសី​ធុតង្គ​ចូល​សណ្ឋិត​ព្យាបាល​ជំងឺ​

​ជា​រៀងរាល់ថ្ងៃ​មិន​ថា​ថ្ងៃ​ណា​ជា​ថ្ងៃ​ណា​ទេ​ជាពិសេស​នៅ​ថ្ងៃសីល ខែ​ដាច់ ពេញបូណ៌មី គេ​សង្កេតឃើញ​មាន​ទាំង​អ្នកជា​អ្នកមាន​ជំងឺ​ទាំង​ម៉ូតូ រថយន្ត​គ្រប់​ធុន​និង​អ្នក​ថ្មើរជើង​ធ្វើដំណើរ​ចេញចូល​វត្ត​ពុទ្ធោ​ភាវនា​នេះ​ជា​ហូរហែមិនដែល​ដាច់​ឡើយ ។ ភ្ញៀវ​ទាំងនោះ​មាន​គោលបំណង​តែមួយគត់​គឺ​ពឹង​ឱ្យ​ព្រះគ្រូ អឿង សំអាង ដែលមាន​មន្តអាគម​ខ្លាំងពូកែ​ដោយសារ​បារមី​«​លោកតា​ឥសី​ធុតង្គ​»​ចូល​សណ្ឋិត​ជួយ​ព្យាបាល​ជំងឺ​និង​ធ្វើ​ស្នេហ៍​ជួបជុំ​ប្តី​ប្រពន្ធ​ជួយ​ឱ្យ​រកស៊ី​មានបាន ជាដើម ។

ដោយនៅ​ថ្ងៃ​ដែល​អ្នកយកព័ត៌មាន​«​ប្រជាប្រិយ​»​ទៅនោះ​ជា​ថ្ងៃសីល​មាន​អ្នក​ទៅ​ពឹង​ពរ​ជាច្រើន​អង្គុយ​រង់ចាំ​តាម​លេខ​រៀង​មុន​ក្រោយ អស់ពី ម្នាក់​ចូល​ម្នាក់​តាំងពី​ព្រលឹម​រហូតដល់​ម៉ោង​ឆាន់ចង្ហាន់​ថ្ងៃត្រង់​ទើប​ព្រះគ្រូ​ឥសីធុតង្គ​សណ្ឋិត​អង្គ​នេះ​ឆ្លៀតពេល​សម្រាក​បន្តិច​បន្ទា​ប់​ពី​ឆាន់​រួចហើយ​ងាកមក​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង​ឱ្យដឹងពី​មូល​ហេតុដែល​ព្រះអង្គ​ចេះនិង​មាន​ឫទ្ធិ​បារមី​ខ្លាំងពូកែ​នេះ​ដោយ​ព្រះអង្គ​មាន​ថេរ​ដីកា​ថា​«​អាត្មា​បួស​តាំងពី​ឆ្នាំ ១៩៩២ មកម៉្លេះ ។ ដំបូង​ឡើយ​អាត្មា​គ្រាន់តែ​ជា​ព្រះសង្ឃ​មួយអង្គ​មិនចេះ​ទស្សន៍ទាយ​មើលជំងឺស្រោច​ទឹក​លើករាសី​អី​ទេ ។

ព្រះសង្ឃ​ឥសី​ធុតង្គ​ចូល​សណ្ឋិត​ព្យាបាល​ជំងឺ​

ក្រោយពី​ចូល​សាង​ផ្នួស​ក្នុង​វិស័យ​សាសនា​បាន​ប៉ុន្មាន​ឆ្នាំ​អាត្មា​បាន​និមន្ត​ទៅរៀន​ធម៌​វិន័យ​នៅ​ភ្នំពេញ​ក្រោយមក​ក៏​និមន្ត​ទៅធ្វើ​ធុតង្គ​នៅក្នុង​ព្រៃ​តាម​ជាយដែន​ខ្មែរ​-​ថៃ​អស់​រយៈពេល ១១ ឆ្នាំ ។ ដោយធ្វើ​ធុតង្គ​មិន​គិតពី​អ្វី​ក្រៅពី​ធ្វើខ្លួន​ឱ្យ​ស្អាតស្អំ​តាម​ធម៌​ព្រះពុទ្ធ​នោះយូរៗ​ទៅ​ក៏មាន​ឥសី​ធុតង្គ​នៅក្នុង​ព្រៃ​បាន​ចូល​សណ្ឋិត​ឱ្យ​ចេះ​មើលជំងឺ​សព្វបែបយ៉ាងស្រោច​ទឹក​លើករាសីចេះ​ទាំង​ចារ​ឱ្យ​ស្បែក​គង់​កាប់​មិន​មុត​ដុត​មិន​ឆេះ ។​ល​។ ក្រោយមក​ក្នុងឆ្នាំ ២០០៥ អាត្មា​ក៏បាន​ចូលក្នុង​ស្រុក​វិញ​ហើយក៏​ចាប់​ផ្តួចផ្តើម​កសាង​ទី​អារាម​មួយ​នៅក្នុង​ស្រុកភូមិ​នេះ​ដើម្បីឱ្យ​មានការ​ងាយស្រួល​ដល់​ពុទ្ធបរិស័ទ​ក្នុង​ការធ្វើ​បុណ្យទាន ដោយ​ដាក់ឈ្មោះ​ទី អារាម​ព្រះ​ពុ​ទ្វ​សាសនា​នេះ​ថា​«​ពុទ្ធោ​ភាវនា​» ។ ក្រៅពី​ប្រឹង​កសាង​វត្ត​នេះ​អាត្មា​តែងតែ​ធ្វើ​ធម៌​មិនដែល​ដាច់​ទេហើយ​ព្រះគ្រូ​ឥសី​នៅតែ​តាម​ចូល​សណ្ឋិត​ជា​រៀងរហូត​» ។​

​ព្រះគ្រូ​បន្តទៀតថា​«​ចាប់តាំងពី​មាន​វត្ត​នេះ​មក​ពុទ្ធបរិស័ទ​ចេះតែ​នាំគ្នា​ធ្វើបុណ្យ​និង​ពឹង​ឱ្យអាត្មា​ស្រោច ទឹក​លើករាសី​ឱ្យ ធ្វើ​ខ្សែ​គាថា​ឱ្យ ដោយពួកគាត់​ដឹងថា​អាត្មា​ជាស​ង្ឃ​ធុតង្គ​ពិតជា​ចេះ​រឿង​អស់ទាំង​នេះ លុះ​យូរៗ​ទៅ​ចេះតែមាន​អ្នក​មក​ពឹង​ពរ​ច្រើន​ទៅៗ​រហូតមកដល់​សព្វថ្ងៃ​នេះ ។​ ​សព្វថ្ងៃអាត្មា​ចេះ​មើលជំងឺ​ដូចជា ឈឺក្បាល ស្ពឹក​ស្រពន់ ងាប់​ដៃជើង និង ចេះ​ស្រោច​ទឹក​លើក រាសីបណ្តេញ​ខ្មោច​ព្រាយ​បិសាច ដោះ​អំពើចារ​យ័ន្ត្រ​ការពារ​ឱ្យ​ស្បែក​គង់​(​កាប់​មិន​មុត​ដុត មិន​ឆេះ​)​ធ្វើ​ស្នេហ៍​ឱ្យ​រកស៊ី​មានបាន​សម្រាប់​អ្នកលក់ដូរ បង្រួបបង្រួម​គូស្នេហ៍​ប្តី​ប្រពន្ធ​និង​វិធីសាស្ត្រ​ឆ្ពុង​ដោយ​ឱសថ​បុរាណ​ខ្មែរ​លាយ​ជាមួយ​ទឹកនោម​ព្រហ្មចារី​និង​ប្រហុក ។ ជំងឺ​ត្រូវ​អំពើគេ​ឬ​កម្ចាត់​ខ្មោច​ព្រាយ​បិសាច អាត្មា​តម្រូវឱ្យ​កោរសក់​សិន​ទើប​ព្យាបាល​តាម​ក្រោយ​» ។​

ព្រះសង្ឃ​ឥសី​ធុតង្គ​ចូល​សណ្ឋិត​ព្យាបាល​ជំងឺ​

​ព្រះគ្រូ​បញ្ជាក់ថា​«​សព្វថ្ងៃ​អាត្មា​រក​ពេល​សម្រាក​គ្មានទេ​រហូតដល់​អ្នក​មក​ពឹង​ពរមាន​ខ្លះត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​អ្នក​ដែល​មក​ពឹង​ពរ​ដូចជា​អាជីវករ​លក់ដូរអ្នករក​ស៊ីធំៗ​និង អ្នកចេញ​ចូលទៅ​រកស៊ី​នៅ​ថៃ​ជាដើម ។ ចំណែក​ទ្រនឹប​អាត្មា​មិនដែល​បង្គាប់​នោះទេចង់​ដាក់​ប៉ុន្មាន​ក៏បាន​ដែរអត់​ក៏បាន​ដែរ​» ។  ​កំពុងតែ​អង្គុយ​លើ​អង្រឹង​និង​អង្គុយ​ឆ្ពុង ប្អូនប្រុស ឃឹម រចនា អាយុ ២៦ ឆ្នាំ​បាន​ប្រាប់​ឱ្យដឹងថាប្អូន​ចេះតែមាន​អាការ​ឈឺក្បាល​ចុកចាប់​ពេញ​ខ្លួន​អស់​រយៈពេល​យូរ​មកហើយដោយ​ប្រើ​ថ្នាំពេទ្យ​ព្យាបាល​មិនជា​សោះ ។ ពេលនេះ​ប្អូន​បាន​មកឱ្យ​ព្រះគ្រូ​ព្យាបាល​ជិត​មួយអាទិត្យ​ហើយ​ឃើញថា​បាន​ធូរ ស្រឡះ​ក្បាល​ជាង​មុន​ឆ្ងាយ​ណាស់ ។​

​អ្នក​មីង ហ៊ុន ញឹម អាយុ ៤៨ ឆ្នាំ មកពី​ភូមិ​ទំនប់​អភិវឌ្ឍ ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះដែរ​បាន​ប្រាប់​ឱ្យដឹងថា គាត់​កំពុងតែ​អង្គុយ​បុក​ថ្នាំបុរាណ​គ្រប់មុខ​លាយ​បញ្ចូល​គ្នា​ឱ្យ​កូន​របស់គាត់​ហូប ដោយសារតែ​កូនស្រី​របស់គាត់​ឈ្មោះ សាន ធា​រី អាយុ ៣២ ឆ្នាំ ចេះតែ​ឈឺ​រវើរវាយ​ជិត​មួយឆ្នាំ​មកហើយ​មិន​ព្រម​បាត់​សោះ តែ​ឥឡូវ​គាត់​មាន​សង្ឃឹមថា​កូនស្រី​គាត់​ពិតជា​អាចជា​សះស្បើយ​ដូចដើម​ឡើងវិញ​បន្ទាប់ពីមកឱ្យ​ព្រះគ្រូ​ព្យាបាល ។​

​ដូនជី​ចាស់ៗ​បី​ទៅ​បួន​នាក់​ដែលជា​អ្នក​កាន់សីល​យ៉ាង​ខ្ជាប់ខ្ជួន​និងចេះ​ចាប់​សម្រួល​សរសៃ​បានឱ្យដឹងថា​សព្វថ្ងៃ​ព្រះគ្រូ អឿង សំអាង ឥតមាន​ពេលទំនេរ​ទេ ព្រោះ​មាន​អ្នក​មក​ពឹង​ពរ​ច្រើនជាពិសេស​អ្នក​មកពី​ខេត្តព្រះវិហារ អ្នក​ដែល​រកស៊ី​ចេញចូល​ស្រុកថៃ ។ អ្នក​ដែល​មក​ពឹង​ពរ​លោកគ្រូ​ពេល​ត្រឡប់ ទៅវិញ​សុទ្ធតែ​និយាយថា​បានទទួល​ជោគជ័យ​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​របស់​ពួកគេ ។​ ​កន្លង​ មក​មាន​គ្រូ​ទស្សន៍ទាយ ឬ គ្រូ​ព្យាបាល​ជំងឺ​មួយចំនួន​តែងតែ​លើកឡើងថា​អ្នកមាន​ឧ​ប និស្ស័យ​ជាមួយ​គ្រូ​ទើប​អាច​ព្យាបាល​ជាសះស្បើយ តែបើ​មិនមាន​ឧបនិស្ស័យ​ជាមួយ​គ្រូ​ទេ​គឺ​មិនអាច​ព្យាបាល​ជាសះស្បើយ​ឡើយ ។ នេះ​គ្រាន់តែ​ជាស​ម្តី​ដោះសា​របស់​គ្រូ​ទស្សន៍ទាយ​ឬ​គ្រូ​ព្យាបាល​ជំងឺ​ប៉ុណ្ណោះ តែ​ជឿ​ឬ មិន​ជឿ​វា​អាស្រ័យទៅលើ​បុគ្គល​សាមីខ្លួន​ប៉ុណ្ណោះ ៕ លី​លី​