​តំណាង​និស្សិត​៖ និស្សិត​៥​នាក់ ត្រូវ​អង្គរក្ស​លោក​កឹម សុខា ចាប់ខ្លួន ខណៈពេលដែល​ព្យាយាម ឲ្យ​បកស្រាយ​ការពិត​

ភ្នំពេញ​: ក្រុមយុវជន និង​និស្សិត​ប្រមាណ​ជា ៣០​នាក់ បាននាំគ្នា​ទៅ​ទាមទារ​ឲ្យ​លោក កឹម សុខា ប្រធានស្តីទីគណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​បកស្រាយ និង​បញ្ជាក់​ការពិត រឿង​បែកធ្លាយ​សម្លេង​សន្ទនា សាសង​ស្នេហា​ជាមួយ​ស្រីក្មេង ដែល​ត្រូវបាន​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​បន្តបន្ទាប់​។​
​    ​
​ការនាំគ្នា​ទៅ​ទាមទារ ឲ្យ​ធ្វើការ​បកស្រាយ បញ្ជាក់​ការពិត​រឿង សម្លេង​សន្ទនា​ស្នេហា​នេះ គឺ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ ខណៈពេលដែល​លោក កឹម សុខា កំពុងតែ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​នៅ​អូរ​តាប៉ាង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​    ​
​ការព្យាយាម​ស្វែងរក ការជួប​ជាមួយ​លោក កឹម សុខា ដើម្បី​ឲ្យ​បកស្រាយ​ការពិត​នោះ ត្រូវបាន​ក្រុម​សន្តិសុខ និង​ក្រុមយុវជន គណបក្ស​សង្គ្រោះ​ជាតិ រារាំង​មិន​ឲ្យ​ចូលទៅ​ជួប​លោក កឹម សុខា នៅក្នុង​វេទិកា​នោះទេ​។ បើទោះបីជា​ក្រុមយុវជន និង​និស្សិត ទាមទារ​ឲ្យ​បកស្រាយ​ការពិត យ៉ាងណាក៏ដោយ ក៏​លោក កឹម សុខា មិនបាន​ចេញមក​ជួប ដើម្បី​ធ្វើការ​ពន្យល់​បកស្រាយ ការពិត​រឿង​បែកធ្លាយ សម្លេង​សាសង​ស្នេហា​នោះទេ​។​
​    ​
​ពាក់ព័ន្ធ​ករណីនេះ លោក ប៉េង ភី​រេ​ន តំណាង​យុវជន និង​និស្សិត មកពី​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ការទាមទារ​នេះ យុវជន​ចំនួន​៥​នាក់ ដែលជា​មេក្រុម ដែល​បាន​ដឹក​នាំទៅ ត្រូវបាន​ក្រុម​អង្គ​រក្សា​លោក កឹម សុខា ចាប់​ឃាត់ខ្លួន ដោយ​សង្កត់​ឲ្យ​អង្គុយ នៅមុខ​វេទិកា ហើយ​ក្រុមយុវជន​ជាង ២០ នាក់​ទៀត កំពុងតែ​ស្រែក​តវ៉ា​ឲ្យ​ដោះលែង តំណាង​៥​នាក់​នោះ​។ ហើយ​ក្រុមយុវជន​ផ្សេងទៀត ត្រូវបាន​រារាំង និង​បំបែក មិន​ឲ្យ​ចូលទៅ​ខាងក្នុង​វេទិកា​ឡើយ​។
​    ​
​លោក ប៉េង ភី​រេ​ន បាន​បញ្ជាក់ថា ក្នុង​សកម្មភាព​ទាមទារ​នេះ ក៏មាន​ការប្រតាយប្រតប់​គ្នា បណ្តាល​ឲ្យ​ក្រុមយុវជន រងរបួស​ខ្លះ​ផងដែរ​៕V/S

​តំណាង​និស្សិត​៖ និស្សិត​៥​នាក់ ត្រូវ​អង្គរក្ស​លោក​កឹម សុខា ចាប់ខ្លួន ខណៈពេលដែល​ព្យាយាម ឲ្យ​បកស្រាយ​ការពិត​

​តំណាង​និស្សិត​៖ និស្សិត​៥​នាក់ ត្រូវ​អង្គរក្ស​លោក​កឹម សុខា ចាប់ខ្លួន ខណៈពេលដែល​ព្យាយាម ឲ្យ​បកស្រាយ​ការពិត​