ឡៅ ចន្ទ្រា និង​ សូត្រ ប៊ុនធី រំពឹង​ឈ្នះ ​ថៃ និង​ឡាវ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​កម្ពុជា ឡៅ ចន្ទ្រា និង​សូត្រ ប៊ុនធី សុទ្ធ​តែ​បាន​បង្ហាញ​ភាព​ជឿ​ជាក់ ក្នុង​ការ​យក​ឈ្នះ​ទៅ​លើ​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ថៃ និង​អ្នក​ប្រយុទ្ធ​ដ៏​ខ្លាំង​របស់​ឡាវ ក្នុង​​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​លើ​សង្វៀន PNN នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ឡើង​ទៅ​ជួប​គ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រនៃ​ព្រឹត្តិការណ៍​សមរភូមិ​​ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៦០​គីឡូ​ក្រាម មួយនេះ។

boxing-matchនៅ​​ក្នុង​ការ​ប្រកួត​នេះជើង​ខ្លាំង ឡៅ ចន្ទ្រា របស់​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១ ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Sam A ខណៈ សូត្រ ប៊ុនធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​វិល​ទៅ​ជួប​ជើង​ខ្លាំង​របស់​ឡាវ Ha Chhlam ហើយ​អ្នក​ឈ្នះ​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់ អម​ដោយ​ទឹក​ប្រាក់​៥០០០​ដុល្លារ។

ចំពោះ ឡៅ ចន្រ្ទា ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាចនឹង​​មាន​លទ្ធ​ភាព​ក្នុង​ការ​យក​ឈ្នះ​លើ Sam A ព្រោះនៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​វិល​ជុំ ចន្ទ្រា ធ្លាប់​បាន​យក​ឈ្នះ​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ប្រទេស​ថៃ​ម្នាក់​នេះ​ដោយ​ពិន្ទុ​ម្តង​ហើយ ហើយ ចន្ទ្រា ក៏​បាន​ឈ្នះ​គ្រប់​ការ​ប្រកួត​ទៅ​លើ​កីឡាករ​ថៃ និង​ឡាវ​ផ្សេង​ទៀត​ផង​ដែរ។ ប៉ុន្តែ​ភាព​តាន​តឹង​វា​នឹង​នៅ​តែ​កើត​មាន​ឡើង ព្រោះ ក្រៅ​ពី​ចាញ់ ឡៅ ចន្ទ្រា និង សូត្រ ប៊ុនធី Sam A ​ធ្លាប់​​​ប្រកួត​​ស្មើ​ជាមួយ សែន រ៉ាឌី ឈ្នះ ឃីម បូរ៉ា និង​បាន​ទាត់​ឲ្យ សារឿន ច័ន្ទ ខូច​ដៃ​នៅ​ទឹក​ទី​៣។

យ៉ាង​ណា​ក៏​ដោយ លោក ហង្ស ស៊ឺន គ្រូ​បង្វឹក​ ឡៅ ចន្ទ្រា បាន​និយាយ​​ថា៖​«ខ្ញុំ​មាន​សង្ឃឹម​ខ្ពស់​​ទៅ​លើ ឡៅ ចន្ទ្រា ព្រោះ ចន្ទ្រា បាន​បង្កើន​ការ​ហ្វឹក​ហាត់​បាន​ពេញ​ល្អ​ណាស់ ហេតុ​នេះគេ​នឹងបន្ត​ឈ្នះ Sam A»។ ដោយ​ឡែក កីឡាករ សូត្រ ប៊ុនធី អាច​នឹង​ប្រឈម​នៅ​ការលំបាក​ច្រើន ព្រោះ Ha Chhlam ធ្លាប់​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​លើ​រូប​គេ​ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ម្តង​ហើយ។ បន្ថែម​លើ​នេះ Ha Chhlam ធ្លាប់​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ សេក គឹមផៃ មាន​របួស​រហូត​បោះ​បង់​ចោល​ការ​ប្រកួត​ត្រឹម​ពាក់​កណ្តាល​ទី ហើយ​ចុង​ក្រោយ​គេ​បាន​ទាត់ ឃីម បូរ៉ា ​ឲ្យ​ខូច​ជើង​ឆ្វេង​ត្រឹម​ទឹក​ទី​២ គឺ Ha Chhlam ធ្លាប់​ចាញ់​ពិន្ទុ ឡៅ ចន្ទ្រា តែ​ម្នាក់​គត់។

ទោះ​បី​ជា​យ៉ាង​ណា លោក សួន ប៊ុនសូត្រ ​ជា​គ្រូ​បង្វឹក និង​ជា​​ឪពុក​បង្កើត សូ​ត្រ ប៊ុនធី បាន​និយាយ​ថា៖​«​​ការ​ចាញ់ Ha Chhlam លើក​មុន​ដោយ​សារ ប៊ុនធី អស់​នៅ​​ទឹក​ទី​៤ និង​ទឹក​ទី​៥ ដោយ​សារ​គេ​លែង​សើច​ពេក មិន​សូវខំហ្វឹក​​ហាត់ ហើយ​ក្លិប​ខ្ញុំ​ពេលនោះ​ក៏​​លិច​ទឹក​គ្មាន​កន្លែង​ហាត់​សម​រម្យ​ទៀត ប៉ុន្តែ​​លើក​នេះ ប៊ុនធី បាន​ខិតខំ​ហ្វឹក​​ហាត់​ណាស់ ហេតុនេះ​ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​ឈ្នះ​នៅ​ក្នុងការ​ប្រកួតនេះ គឺ​គេ​មិន​អាច​ភ្លាត់​ស្នៀត​បាន​នោះ​ឡើយ ព្រោះ​នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​បំផុត ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ»៕