ចែ​ទូច ហៅ​ចែ​០២ វិលត្រឡប់​ទៅរក​មុខរបរ​នាំចូល​ប្រេងសាំង​គេចពន្ធ​នៅ​ខេត្ត​ព្រះសីហនុ

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​នៅ​ទំនប់រលក ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ឈ្មួញ​ឈ្មោះ កែវ ទូច ហៅ​ចែ​ទូច​ឬ​ចែ​០២ បាន​វិលត្រឡប់​ទៅរក​ស៊ី​មុខរបរ​នាំចូល​ប្រេងសាំង​គេចពន្ធ​នៅ​ខេត្ត​ព្រះសីហនុ​វិញ​ហើយ​។ តាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ចែ​ទូច ដែលជា​ប្អូនស្រី​របស់លោក កែវ សុខ​ឃាង អតីត​មេ​គយ​ចល័ត កំពុង​រកស៊ី​មុខរបរ​ចាស់​ដដែល គឺ​ដឹកជញ្ជូន​ប្រេង​គេចពន្ធ​ពី​សៀម​តាម​ទូក​ចូល​ខេត្ត​ព្រះសីហនុ​តាម​អំពើ​ចិត្ត ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ទេ​។ នៅពេលដែល​ចែ​ទូច ចាប់ផ្ដើម​មុខរបរ​ចាស់​ឡើងវិញ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​សប្បាយចិត្ត​យ៉ាងខ្លាំង​ព្រោះ​ពួកគេ​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​រូបនេះ​។

​តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា ទូក​ដឹក​ប្រេង​គេចពន្ធ​របស់​ចែ​ទូច បាន​ទៅយក​ប្រេង​ពី​ទូក​សៀម​នៅ​លំហ​សមុទ្រ​ក្បែរ​កោះ​ស្ដេច ហើយ​មក​ឡើង​នៅ​ផែ​ក្នុង​តំបន់​ទំនប់រលក យ៉ាង​រលូន​។ ប្រេង​គេចពន្ធ​ទាំងនោះ​ត្រូវបាន​ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត​ជាដើម ដោយ​មានការ​ការសម្របសម្រួល​ពី​សមត្ថកិច្ច​ពុករលួយ​។ ក្នុងនោះ​គយ​ចល័ត​ក៏មាន​ចំណែក​ជួយ​បិទបាំង​រឿង​ចែ​ទូច នាំចូល​ប្រេងសាំង​គេចពន្ធ​តាម​សមុទ្រ​ផងដែរ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទំនប់រលក បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​ទូក​ដឹក​ប្រេងសាំង​គេចពន្ធ​របស់​ចែ​ទូច ហៅ​ចែ​០២ ជាច្រើន​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់ផែ មុនពេល​ផ្ទេរ​ដាក់​រថយន្ត​ទៅ​ចែកចាយ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ម​យ​ជាច្រើន​កន្លែង​។ ប្រការនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ការដែល​ចែ​ទូច ហៅ​ចែ​០២ នាំចូល​ប្រេងសាំង​គេចពន្ធ​នៅ​ខេត្ត​ព្រះសីហនុ បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ការដែល​ចែ​ទូច អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត ដូច្នេះ​ក្រសួង​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​តទៅទៀត​ទេ​៕

image398-1024x576 image395-1024x576 image396-1024x576