មន្ត្រី​យោធា​ឈ្មោះ ស៊ី​នឿន ល្បី​ខាង​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅ​ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី

​លោក កែប កត់ នៅពេល​ចូលកាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់​វិធា​នា​ការទប់ស្កាត់​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ ហើយ​ឈ្មួញ​មួយចំនួន​នៅតែ​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត​យ៉ាង​រលូន​ដដែល​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា លំនៅដ្ឋាន​របស់​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ស៊ី​នឿន ធ្វើការ​នៅ​ការិយាល័យ​ទី​២(​ដឺ​បេ​)​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ប្រចាំការ​នៅ​ខេត្តរតនគិរី មាន​ស្តុក​ឈើ​ប្រណីត​ជាច្រើន​ដុំ​។ លំនៅដ្ឋាន​របស់​មន្ត្រី​យោធា​ឈ្មោះ ស៊ី​នឿន នៅក្នុង​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

ប្រជា​សហគមន៍​នៅក្នុង​ឃុំ​ប៉ុង បាន​ឲ្យ​ដឹងថា មុនពេល​ឈ្មោះ ស៊ី​នឿន ចូល​ធ្វើជា​យោធា​គឺ​គាត់​ជា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ជា​យូរ​មកហើយ​រហូត​មាន​លុយ​ទិញ​ស័ក្តិ​៣​យោធា​ពាក់​លើ​ស្មា​បង្អួត​អ្នកភូមិ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ឈ្មោះ ស៊ី​នឿន តែង​នាំ​ឈ្មួញ​យួន​ដើរ​ទិញ​ប្រណី​តដល់​ក្នុងព្រៃ​នៃ​ស្រុក​វ៉ើ​ន​សៃ​តែម្តង ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បង្ក្រាប​នោះទេ​។ ជាក់ស្តែង​ក្រោយពេល​លោក កែប កត់ ទៅកាន់​តំណែង​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គឺ​មន្ត្រី​យោធា​ឈ្មោះ ស៊ី​នឿន នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត​មក​ស្តុក​ទុក​ក្នុង​លំនៅដ្ឋាន​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ បាន​សង្ស័យថា លោក ជា កុ​ណា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វ៉ើ​ន​សៃ ទំនង​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​ឈ្មោះ ស៊ី​នឿន ទើប​បណ្ដោយ​ឲ្យ​មន្ត្រី​យោធា​រូបនេះ បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរពិនិត្យមើល​បទល្មើស​របស់​មន្ត្រី​យោធា​ឈ្មោះ ស៊ី​នឿន ផងដែរ​ដើម្បី​កុំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ប្រណីត​ក្នុងស្រុក​វ៉ើ​ន​សៃ​តទៅទៀត​។ ជាពិសេស​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល​៕

V-0744 V-0743 dsds-321