លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ការតស៊ូ​ប្រឆាំង​អំណាច​ផ្តាច់ការ​

ថ្មីៗ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ពន្យល់ថា​អ្នកខ្លះ​តែងតែ​សួរ ថា សម័យ​ខ្មែរក្រហម​លោក​នៅឯណា ហើយ​ធ្វើ​អ្វី​? លោក សម រង្ស៊ី បាន​បញ្ជាក់ថា កាលពី​ឆ្នាំ ១៩៧៥ លោក​ទើបតែ​រៀន​ចប់​នៅ​ប្រទេស​បារាំង ហើយ​ចាប់ផ្តើម​ធ្វើការ​នៅ​ធនាគារ​មួយ​នៅ​ទីក្រុង​ប៉ារីស​។ ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ លោក​ឆ្លៀតពេល ក្រៅ​ម៉ោង​ធ្វើការ​ចិញ្ចឹមជីវិត ដើម្បី​សរសេរ ចាត់ចែង និង​ផ្សព្វផ្សាយ​ព្រឹត្តិបត្រ​ព័ត៌មាន​មួយ​ឈ្មោះ សេរីកា សម្លេង​កម្ពុជា​សេរី​ក្នុង​គោលបំណង លាតត្រដាង​ស្ថានការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា ឲ្យ​អន្តរជាតិ​បាន​ដឹងឮ ព្រមទាំង​ប្រឆាំង​ពួក​ខ្មែរក្រហម​ប្រល័យពូជសាសន៍ តាមផ្លូវ​នយោបាយ និង​ផ្លូវ​ការទូត​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កន្លងមក​បាន​ថ្លែងថា មាន​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បានធ្វើ​ការផ្លាស់​ប្តូរ​មេដឹកនាំ​ជា​បន្តបន្ទាប់​រាប់ទាំង​ប្រទេស​កាន់​របប​កុ​ម្មុយ​និ​ស្ត​ផងដែរ តែ​ប្រទេស​កម្ពុជា​មិនមាន​ការផ្លាស់ប្តូរ​មេ​ដឹក​នោះទេ​ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក សម រង្ស៊ី បាន​ពន្យល់ថា មានតែ​ការផ្លាស់ប្តូរ​អ្នកដឹកនាំ​បែបនេះ​ទេ ដែល​ធ្វើ​ឲ្យ​ប្រទេស​នីមួយៗ មាន​លក្ខណៈ​ជឿនលឿន​។ ដោយសារតែ​គ្មាន​ការផ្លាស់ប្តូរ​ក្នុង​រយៈពេល​ប្រមាណ​ជិត ៤០ ឆ្នាំ​មកហើយ​បានជា​ប្រទេស​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​អន់ថយ​ជាងគេ ក្រីក្រ​ជាងគេ និង ផ្តាច់ការ​ជាងគេ ក្នុង​ពិភពលោក​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ថ្លែងថា ចំនួន​តំណាងរាស្ត្រ ប្រឆាំង​របប​ផ្តាច់ការ ក្នុង​រដ្ឋសភា​កើនឡើង​ជានិច្ច​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា​ចំនួន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងនឹង​បន្ត​កើនឡើង​នៅ​អាណត្តិ​ក្រោយ​ទៀត​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា អ្នកខ្លះ​សួរថា​ហេតុអ្វី​បានជា​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា​? ចម្លើយ ៖ គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា គឺ​ដើម្បី​ឡើង​ពី ៥៥ កៅអី​អាណត្តិ​នេះ ដល់​ទៅ​យ៉ាងតិច ៦២ កៅអី នៅ​អាណ​ត្ដិ​ក្រោយ ដែល​នឹង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​ប្រទេស​កម្ពុជា​។​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ដែរថា​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រជាធិបតេយ្យ​ពិតប្រាកដ ព្រោះ​យន្តការ​នៅក្នុង​គណបក្ស និង​រាល់​សេចក្តីសម្រេចចិត្ត​សំខាន់​ផ្សេងៗ​របស់​គណបក្ស​ត្រូវបាន​ធ្វើឡើង​តាមបែប​ប្រជាធិបតេយ្យ និង​មាន​តម្លាភាព​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា បើទោះជា​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មានការ​ប្រែប្រួល ឬ​ជួប​ឧបសគ្គ​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​គោលជំហរ​ដដែល នោះ​គឺ​ការជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​ដោយ​សន្តិវិធី​៕

12042737_1054993581224041_4398983002548961034_n 12809543_1054993577890708_8330394605633077539_n 12814727_1054993624557370_3608769829720355900_n