រដ្ឋាភិបាល​អនុម័ត​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​វិធានការ​ហាម​ជក់​បារី

រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា សម្រេច​អនុម័ត​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​វិធានការ​ហាម ការ​ជក់ ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែង​ធ្វើការ ឬ​កន្លែង​សាធារណៈ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​មាន ៧​ជំពូក និង ១៧​មាត្រា និង​មាន​គោលបំណង​សំខាន់ៗ​ដូចជា ការ​ចូលរួម​ការពារ​សុខុមាលភាព​របស់​ពលរដ្ឋ ការពារ និង​ទប់ស្កាត់​ការ​រង​ផ្សែង​ផលិតផល​ថ្នាំជក់​ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​សុខភាព​ដល់​អ្នក​នៅ​ជុំវិញ និង​បរិស្ថាន ព្រម​ទាំង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់។

​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ ក៏​មាន​ចែង​អំពី​ការ​ផាក​ពិន័យ​ដល់​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស​គឺ ២​ម៉ឺន​រៀល​ចំពោះ​អ្នក​ជក់​បារី​នៅ​កន្លែង​ហាមឃាត់ និង ៥​ម៉ឺន​រៀល ចំពោះ​ម្ចាស់​កន្លែង​ដែល​មិន​ព្រម​បិទ​សញ្ញា​ហាម​ជក់​បារី ឬ​នៅតែ​បន្ត​ដាក់​បង្ហាញ​ចាន​គោះ​បារី។

សេចក្ដី​ព្រាង​អនុក្រឹត្យ​ដែល​ត្រូវ​បាន​រៀបចំ​តាក់តែង​ឡើង​នៅ​ពេល​នេះ គឺ​អនុលោម​តាម​មាត្រា ១៩ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់​ដែល​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។