អាជ្ញាធរ៖ ដី​ព្រៃ​ប្រមាណ​៣០០​ហិកតារ​នៅ​ពោធិ៍សាត់​ត្រូវ​ជនល្មើស​ឈូស​បំផ្លាញ

អាជ្ញាធរ​ភូមិ-​ឃុំ នៃ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ អះអាង​ថា ផ្ទៃដី​ព្រៃ​ប្រមាណ ៣០០​ហិកតារ​ត្រូវ​ជនល្មើស​បញ្ជា​គ្រឿងចក្រ​ឈូស​បំផ្លាញ។ អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​លូកដៃ​ដោយ​រង់ចាំ​មើល​ចំណាត់​ការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ថ្នាក់​លើ​ដោះស្រាយ ព្រោះ​ពេល​ទៅ​សួរ​នាំ​ម្ចាស់​គ្រឿង​ចក្រ​ប្រាប់​ថា គេ​ឈូស​ព្រៃ​នេះ​តាម​បញ្ជា​របស់​មេ។

មេ​ភូមិ​សាយ និង​មេ​ឃុំ​ព្រងិល នៃ​ស្រុក​ភ្នំក្រវាញ ខ្លបខ្លាច​នឹង​បុគ្គល​មិន​បង្ហាញ​អត្តសញ្ញាណ​ដែល​ប្រើ​ពាក្យ "មេ" ដើម្បី​ផ្លាញ​ព្រៃ​របស់​រដ្ឋ ខណៈ​រឿង​រ៉ាវ​នេះ​បាន​រាយការណ៍​ដល់​អាជ្ញាធរ​ស្រុក​ហើយ។

មេ​ឃុំ​ព្រងិល លោក អោក ឆឹម មាន​ប្រសាសន៍​ថា ផ្ទៃ​ដី​ព្រៃ​ប្រមាណ ៣០០​ហិកតារ នៅ​ភូមិ​សាយ ត្រូវ​ជនល្មើស​ឈូស​បំផ្លាញ ប៉ុន្តែ​មិន​ទាន់​ដាំ​របង​សម្គាល់​ព្រំ ឬ​ដាំ​ដើម​ឈើ​អ្វី​នៅ​ឡើយ​ទេ។

លោក​បាន​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ស្រុក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​វិធានការ ឬ​ចាប់​អ្នក​ឈូស និង​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ៖ «ដល់​ប្រជាជន​ទៅ​សួរ​អ្នក​ដែល​ឈូស​ហ្នឹង​គេ​ថា ប៉ុន្តែ​គេ​មិន​ប្រាប់​ថា មេ​ខាង​ណា​ខ្ញុំ​អត់​ដឹង​ដែរ។ (ជិន ជេដ្ឋា៖ ប៉ុន្តែ​សម្រាប់​ពូ​នៅ​មូលដ្ឋាន​ផ្ទាល់​គិត​ថា​នឹង​មាន​វិធានការ​អ្វី​បឋម​ទេ​មុន​នឹង​ចំណាត់​ការ​ពី​អាជ្ញាធរ​ខេត្ត ឬ​ស្រុក?) ខ្ញុំ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ យើង​ទៅ​សួរ​គេ​ហើយ គេ​ថា មេ​មួយ​ម៉ាត់​ហើយ​ទៅ​ធ្វើ​អី​ចេញ មិន​ដឹង​មេ​ណា​មួយ​មេ​ស្រុក​ក៏​មិន​ដឹង មេ​ខេត្ត​ក៏​មិន​ដឹង»

ចំណែក​មេភូមិ​សាយ​លោក ផៃ ផង់ បញ្ជាក់​ថា សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​នេះ ក៏​បាន​ប៉ះពាល់​ដល់​ដី​ព្រៃ​បម្រុង​ទុក​ធ្វើ​សហគមន៍​ព្រៃឈើ​នៅ​ចំណុច​ច្រក​ពង្រ និង​ភ្នំស្រួច​ប្រហែល​ពីរ ឬ​បី​ហិកតារ​ដែរ។

ទាក់ទង​បញ្ហា​នេះ​អភិបាល​ស្រុក​ភ្នំក្រវាញ លោក សូរ សាហុង មិន​ទាន់​ជឿ​ថា មាន​ការ​ឈូស​បំផ្លាញ​ដី​ព្រៃ​របស់​រដ្ឋ​រហូត​ដល់ ៣០០​ហិកតារ​នោះ​ទេ ព្រោះ​ទីតាំង​នោះ​ឋិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលា​ឃុំ និង​ផ្ទះ​អ្នកភូមិ។ ប៉ុន្តែ​លោក​នឹង​បង្កើត​ក្រុម​ការងារ​ចម្រុះ​ចុះ​ស៊ើបអង្កេត​នៅ​ក្នុង​សប្ដាហ៍​ទី​២ នៃ​ខែ​មីនា ដើម្បី​វែក​រក​មុខ​ជនល្មើស និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង។ ចំពោះ​លោក​មិន​ខ្លាច​ពាក្យ​ថា"មេ" ដែល​ជន​ខិលខូច​តែងតែ​បោកបញ្ឆោត ដើម្បី​ប្រព្រឹត្តិ​បទល្មើស​នោះ​ឡើយ៖ «អាជ្ញាធរ​ភូមិ-​ឃុំ ធ្លាប់​បាន​ណែនាំ​គាត់​បាន​ច្រើន​ហើយ ជឿជាក់​ថា គាត់​អាច​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​ហើយ។ ពាក្យ​ហ្នឹង​វា​និយាយ​បង្ហើរ​ចោល​អត់​ដែល​មាន​អី​ដែល​ពិត​ប្រាកដ​ទេ វា​មិន​ដែល​មាន​មេ​ណា​ចេញ​មុខ​មក​អះអាង​ហើយ​ឲ្យ​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​ទេ»

ច្បាប់​ស្ដីពី​ព្រៃឈើ ឆ្នាំ​២០០២ ត្រង់​ជំពូក​ទី​១៥ នៃ​មាត្រា​៩៧ ចំណុច​ទី​៦ បាន​ចែង​ថា ជន​ណា​ដែល​កាប់​រុករាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ និង​ហ៊ុមព័ទ្ធ​ដី​ព្រៃ ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ប្រាំ​ឆ្នាំ ទៅ​ដប់​ឆ្នាំ និង​រឹប​អូស​វត្ថុ​តាង​ទាំង​អស់​មក​ទុក​ជា​សម្បត្តិ​រដ្ឋ ដក​ហូត​កិច្ច​ព្រមព្រៀង អាជ្ញាប័ណ្ណ លិខិត​អនុញ្ញាត និង​កម្ទេច​ចោល​រាល់​វត្ថុ​តាង​ក្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។