ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ ប្រភព​បានឱ្យ​ដឹង​ថា អាណាព្យាបាល​ក្មេង​ស្រី​ដែល​រង​គ្រោះ​ បន្ទាប់​ពី​​​លោក​ឌី ពៅ អភិបាលរង​ក្រុង​បាត់ដំបង គប់​នឹង​​ចម្រៀក​ក្ដារ បណ្ដាល​ឱ្យ​រង​របួស​ប៉ោង​ភ្នែក​ម្ខាង​នោះ  ត្រូវ​បាន​ដាក់​ពាក្យបណ្ដឹង​សារ​ជា​ថ្មី​ទៀត ចូល​ទៅ​តុលាការ​​ដោយ​ផ្ទាល់ កាល​ពី​ថ្ងៃ​ទី​០៣ មីនា ២០១៦ ក្រោយ​ពី​គាត់​ប្ដឹង​ទៅ​អធិការ​នគរបាល​ក្រុង និង​បញ្ជាការ​កង​រាជ​អា​វុ​ត្ថ​ហត្ថ​ខេត្ត គេ​មិន​អើពើ​នឹង​បណ្ដឹង​របស់​គាត់​នោះ ។ តើ​សមត្ថកិច្ច​ចាត់ការ​ឬ​អត់? រឿង​លោក​អភិបាលរង​ក្រុង​​គប់​ក្មេង​ស្រី​​របួស​ផ្ទៃ​មុខ

ប្រភព​បន្ត​ថា អ្នកស្រី​អៀង មុំ  អាយុ​៣៨​ឆ្នាំ ត្រូវជា​ម្ដាយ​កុមារី​រង​គ្រោះ​ឈ្មោះ​និល ឡុ​ង​អី អាយុ​៤​ឆ្នាំ បាន​ទៅ​សុំ​អន្តរាគមន៍​ពី​អង្គការ​លី​កាដូ ដើម្បី​ឱ្យ​ជួយ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់ ដែល​ប្ដឹង​លោក​ឌី ពៅ ទៅ​តុលាការខេត្ត ។

នៅ​ក្នុង​បណ្ដឹង​អ្នកស្រី​អៀង មុំ  បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ អ្នកស្រី​និង​ស្វាមី បាន​ប្ដឹង​ទៅ​អធិការ​នគរបាល​ក្រុង​បាត់ដំបង តែ​មន្ត្រី​នគរបាល​មិន​ព្រម​ចាត់វិធានការ​ណ៍​តាម​ច្បាប់​ទេ ។ បែរជា​ជម្រុញ​ឱ្យ​អ្នកស្រី​យក​កូន​ទៅ​ព្យាបាល​ដោយ​និយាយ​ថា របួស​ប៉ុណ្ណឹង លាប​តែ​ថ្នាំ​ទៅ​ជា​ហើយ ។

អ្នកស្រី​បន្ត​ថា បន្ទាប់​ពី​ទៅ​ពឹង​អធិការ​នគរបាល​ក្រុង​មិន​បានការ គាត់​ក៏​ទៅ​ប្ដឹង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ម្ដង នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​សមរម្យ​ដដែល ដោយ​សមត្ថកិច្ច​បង្ខំ​ឱ្យ​គាត់​ទទួលយក​សំណង​ពី​លោក​ឌី ពៅ ចំនួន​១៥០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​បិទ​សំណុំ
រឿង ។ ដូច្នេះ​ហើយ ទើប​អ្នកស្រី​សម្រេច​សុំ​អន្តរាគមន៍​ពី​អង្គការ​លី​កាដូឱ្យ​ជួយ​រៀបចំ​បណ្ដឹង​ដាក់​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ កន្លង​ទៅ​នេះ  លោក​ឌី ពៅ អភិបាលរង​ក្រុង​បាត់ដំបង បាន​រង​ការ​ចោទប្រកាន់​ថា បាន​ទាញ​ចម្រៀក​​ក្ដារ​គប់​ទៅ​លើ​កុមារី​ឈ្មោះ​និល ឡុ​ង​អី អាយុ​៤​ឆ្នាំ ដែល​រស់នៅ​ក្បា​រ​ខាង​គ្នា បណ្ដាល​ឱ្យ​រង​របួស​ប៉ោង​ភ្នែក​ខាងឆ្វេង ខណៈ​នាង​កំពុង​អង្គុយ​លេង​គំនរ​ខ្សាច់ ។

បើ​តាម​សាក្សី​ប្រាប់​ថា មូលហេតុ​ដែល​លោក​ឌី ពៅ អភិបាលរង​ក្រុង​បាត់ដំបង បាន​ទាញ​ចម្រៀក​ក្ដារ​គប់​ទៅ​លើ​កុមារី និល ឡុ​ង​អី ដោយសារ​ខឹង​នាង​ឡើង​លេង​លើ​គំនរ​ខ្សាច់​របស់​ខ្លួន តែ​ខណៈនោះ​កូនប្រុស​លោក​ឌី ពៅ អាយុ​៤​ឆ្នាំ ក៏​កំពុង​លេង​ខ្សាច់​ជាមួយ​នាង​ដែរ ។

ប្រជាពលរដ្ឋ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​ទ​ង្វើ​គ្មាន​សីលធម៌​របស់​លោក​ឌី ពៅ ដែល​បាន​បង្ក​ហិង្សា​ដួច​កំរោល​ទៅ​លើ​កុមារី​រង​គ្រោះ​ខាងលើ​នេះ  ហើយ​ក៏​បាន​រិះគន់​ផង​ដែរ ទៅ​លើ​ចំណាត់​របស់​សមត្ថកិច្ច ដែល​មាន​ភាព​រើសអើង ក្នុង​ការ​អនុវត្ត​ច្បាប់​រវាង​ពល
រដ្ឋ​ទន់ខ្សោយ និង​មន្ត្រី​មាន​អំណាច ។