ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ពី​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ មីនា ២០១៥ នេះ​ថា ក្រុម​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ទី​នោះ កំពុង​ព្រួយបារម្ភ​ពី​សមត្ថកិច្ច​ថៃ ចុះ​កាត់​សោ​តូប​ចាប់​ទំនិញ​ដែល​រំលោភ​កម្មសិទ្ធិបញ្ញា បន្ទាប់​ពី​ពួក​គាត់​ទទួល​ព័ត៌មាន​ថា មាន​ក្រុម​ជំនាញ​ថៃ​មក​ពី​ក្រុង​បាងកក គ្រោង​ចុះ​កាត់​សោ​តូប​ចាប់​ទំនិញ ។

នៅ​ផ្សារ​រុង​ក្លឿ​ថ្ងៃ​ដដែល​នេះ ក្រុម​អាជីវក​រហាក់​ខុស​ប្លែក​ពី​ធម្មតា ដោយ​តូប​ជា​ច្រើន​នៅ​តែ​បន្ត​បិទ ហើយ​ម្ចាស់​តូប​នីមួយ​ៗ នាំ​គ្នា​ឃ្លាំ​ចាំ​មើល​ពី​សភាពការណ៍​នេះ​។

ប្រភព​បន្ត​ថា បើសិនជា​មានការ​កាត់​សោ​តូប​ចាប់​ទំនិញ ពី​ខាង​សមត្ថកិច្ច​ជំនាញ​ថៃ​មែន អាជីវករ​ខ្មែរ និង​កម្មករ​អូស​រទេះ​អាច​ផ្ទុះ​ការ​តវ៉ា​​ជាក់​ជា​មិន​ខាន ។

ជុំវិញ​ប្រភព​ខាងលើ លោក​វួ​ច អូន ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា លោក​ទទួល​ព័ត៌មាន​នេះ
ដែរ​ហើយ​បានឱ្យ​មន្ត្រី និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ចូល​ទៅ​តាមដាន​មើល ពី​សភាពការណ៍ និង​រក​ការ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ហើយ ។ នៅ​លើ​ស្ពាន​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថ្ងៃនេះ ហាក់​មានការ​កកកុញ​ដោយ​រទេះ ហើយ​មន្ត្រី​និង​សមត្ថកិច្ច​នៅ​មាត់​ច្រក​ទ្វារ កំពុង​រៀបចំ​សណ្តាប់ធ្នាប់ ខ្លាច​កើត​មាន​បញ្ហា​ណាមួយ​ឡើង ។