សមត្ថកិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប​សំបុក​គ្រឿងញៀន​មិនចេះ​អស់​

​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រាជធានី​ភ្នំពេញ កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​សូម្បីតែ​នៅក្នុង​ពន្ធនាគារ​ក៏មាន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​អាច​បញ្ជា​បក្ខពួក​នៅ​ខាងក្រៅ​យ៉ាង​ងាយស្រួល​ផងដែរ​។ គិតពី​ខែវិច្ឆិកា​ចុងឆ្នាំ​២០១៥​រហូតដល់​ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បទល្មើស​គ្រឿងញៀន​និង​បំបែកសំបុក​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​កន្លែង​និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​រាប់រយ​នាក់​។ ប៉ុន្តែ​ជាក់ស្តែង​បទល្មើស​គ្រឿងញៀន​នៅតែ​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដូនពេញ​ជាដើម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​។

កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ និង​ម៉ូតូ​៧​គ្រឿង​នៅក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ការបង្ក្រាប​សំបុក​ជនសង្ស័យ​គ្រឿងញៀន​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​អង្គ សង្កាត់​ចោមចៅ គាំទ្រ​យ៉ាង​ពេញទំហឹង​ព្រោះ​កន្លងមក​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ប្រព្រឹត្ត​អំពើចោរកម្ម លួច​ឆក់​ប្លន់ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ដាក់ទោស​ជនសង្ស័យ​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ទាំងនោះ​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​ពួកគេ​បន្ត​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​សន្តិសុខ​សង្គម​។

ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា កន្លងមក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏ដូចជា​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ មិន​យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ ហេតុនេះហើយ​ទើប​បទល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន ក៏ដូចជា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មាន​កន្ទុយលេខ បៀ​អាប៉ោង បញ្ជល់មាន់ និង​ភ្នាល់​បាល់ទាត់​ជាដើម រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​សង្កាត់​ចោមចៅ​។ បញ្ហា​នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ផងដែរ ព្រោះ​កន្លងមក​មានការ​សង្ស័យ​ថា សមត្ថកិច្ច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាពិសេស​នៅ​សង្កាត់​ចោមចៅ​៕

569 567 568