​លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នកជំនាន់ក្រោយ​

​ក្នុង​វេទិកា​សកម្មជន​មូលដ្ឋាន ដើម្បី​ជួប​ជាមួយ ថ្នាក់ដឹកនាំ​មូលដ្ឋាន សកម្មជន ចលនា​យុវជន ចលនា​ស្ដ្រី និង​ចលនា​ខ្មែរ ឥស្លាម ខេត្ត​ព្រះសីហនុ នៅថ្ងៃនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​បាននិងកំពុង​ធ្វើ​រហូតដល់​សព្វថ្ងៃនេះ​មិនមែន​សម្រាប់តែ​ការសម្រេច​ជោគជ័យ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ កម្ពុជា​នោះទេ តែ​ក៏​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​មនុស្ស និង​យុវជន​ជំនាន់​ក្រោយ​ផងដែរ​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បានបញ្ជាក់​ថាបើ​ទោះ​ជាគ​ណ​បក្ស​សង្គ្រោះ​ជាតិ​មិនទាន់បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​បាននិងកំពុង​រៀបចំ​យន្តការ​ផ្ទេរអំណាច​ឲ្យ​យុវជន ហើយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ក្រាញ​អំណាច​នោះទេ​។ លោក កឹម សុខា បាន​បញ្ជាក់ថា ក្នុង​កាលៈទេសៈ​ក្នុងពេល​បច្ចុប្បន្នេះ វា​ចាំបាច់​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ហើយក៏​ជាការ​ផ្តល់ឱកាស​ឲ្យ​យុវជន​បានឃើញ​ពី​សកម្មភាព និង​ការតស៊ូ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​អ្នកគាំទ្រ ជំនះ​ឧបសគ្គ​គ្រប់បែបយ៉ាង ដើម្បី​សម្រេច​គោលដៅ​បុព្វហេតុ​ជាតិ និង​ពលរដ្ឋ​។​

នៅ​ចំពោះមុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន អាច​បញ្ចេញមតិ អាច​ពិភាក្សា និង​ការ​មាន​សិទ្ធិ​បោះឆ្នោត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​យក​យុវជន និង​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ឈ្លោះ​គ្នា ច្បាំង​គ្នា ដោយ​អត់​ប្រយោជន៍ និង​ធ្វើ​ឲ្យ​មានការ​ប្រេះឆា​នៅក្នុង​សង្គម​នោះទេ ផ្ទុយទៅវិញ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន​ទៅ​បោះឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​កោតសរសើរ​ថា​ប្រជាពលរដ្ឋ​ខ្មែរ និង​យុវជន​ខ្មែរ បើទោះជា​កន្លងមក​ត្រូវបាន​គេ​បំភិតបំភ័យ គេ​ធ្វើទុក្ខបុកម្នេញ និង​បំបិទ​សិទ្ធិសេរីភាព​នយោបាយ​យ៉ាងណាក៏ដោយ ក៏​ពួកគាត់​នៅតែ​ហ៊ាន​ប្រឈមមុខ​នឹង​បញ្ហា​ដើម្បី​សម្រេចបាន​បុព្វហេតុ​ជាតិ និង​ប្រជាពលរដ្ឋ​។ លោក កឹម សុខា បាន​សង្កត់​ថា​គ្មាន​ការសម្រេចបាន​ជោគជ័យ​ណា​ដែល​មិនបាន​ឆ្លងកាត់​ការ​ជះ​ឧបសគ្គ​នោះទេ ហើយ​ប្រជាពលរដ្ឋ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី ពលរដ្ឋ​ត្រូវតែមាន​ភាពក្លាហាន​ក្នុង​ការប្រើ​សិទ្ធិ​នយោបាយ​របស់ខ្លួន​៕

12795516_1300129386671024_4670580430964212195_n 12814191_1300129886670974_506977608538833249_n