ឯកឧត្តម កឹម សុខា៖ មិនបកស្រាយ​ចំពោះ​ការចោទ​ ដោយ​ប្រកាន់​ជំហ​ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង

ភ្នំពេញៈ អ្វីដែលមហាជន ជាច្រើនចង់ដឹង នៅព្រឹកថ្ងៃនេះ គឺចំលើយ ឬការបកស្រាយ ពីឯកឧត្តមកឹម សុខា បន្ទាប់ពីមានការចោទប្រកាន់ថា ឯកឧត្តមលួចមាន ស្នេហាជាមួយ ស្រីក្មេងជាបន្តបន្ទាប់។ ក្នុងនោះហ្វេសបុក របស់រឿងពិត  CNRP ក៏បានចោទថា ឯកឧត្តមកឹម សុខា ទាក់ទងជាមួយស្រីក្មេង ជាជនជាតិខ្មែរផង និងយួនផងដែរ។

ប៉ុន្តែឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្នុង“វេទិកាសកម្មជនមូលដ្ឋាន” ស្ថិតនៅភូមិអូតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០១៦នេះ មិនបានឆ្លើយតបយ៉ាងណាចំពោះការចោទប្រកាន់នេះឡើយ។ ឯកឧត្តមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនចង្អៀតចង្អល់ ព្រោះជាបក្សលិទ្ឋិប្រជាធិបតេយ្យ មិនលួចវ៉ៃពីក្រោយនោះទេ។ ឯកឧត្តម ក៏យកឪកាសនោះកោតសរសើរ ដោយស្មោះនូវភាពអង់អាច ដែលអ្នកគាំទ្រហ៊ានលះបង ពេលវេលា និងឧបសគ្គទាំងអស់ ដើម្បីសង្គ្រោះជាតិ។ ការប្តេជ្ញាចិត្ត គឺរឹតតែធ្វើអោយអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្ពោះទៅរកភាពជោគជ័យ។ នៅកម្ពុជា និងលើពិភពលោក តែងតែជួបឧបសគ្គរងគ្រោះច្រើណាស់នៅក្នុងការតស៊ូមតិ។

ឯកឧត្តម កឹម សុខា ពន្យល់ថា បើមិនហ៊ានប្រថុយ ក៏មិនមានការផ្លាស់ប្តូរ។ កន្លងមកអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ តាមជនបទតែងរងការគំរាម សំលុតបំភិត បំភ័យ និងធ្វើបាបទុក្ខបុកម្និញគ្រប់បែបយ៉ាង។ តែដោយសារឧត្តមគតិនេះហើយ ទើបធ្វើអោយសង្គ្រោះជាតិ ឈ្នះរហូតមកដល់ពេលនេះ។

ឯកឧត្តម កឹម សុខា “ ទោះបីយើងមិនទាន់ដឹកនាំប្រទេសតាមបំណងប្រាថ្នារបស់បងប្អូនក៏ដោយ យើងខ្ញុំនឹងមានឪកាសដឹកនាំនៅពេលខាងមុខ យើងខ្ញុំមិនក្រាញ់ អំណាចទេ ហើយពេលនេះ កំពុងរៀបចំអ្នកបន្តវេន ដើម្បីឆ្ពោះទៅរកការបោះឆ្នោតដោយត្រឹមត្រូវ បោះដើម្បីអី ដើម្បីនាំមកនូវការផ្លាស់ប្តូរ ផ្លាស់ប្តូរយ៉ាងមេច ផ្លាស់ប្តូរជាវិជ្ជមាន អ្វីជាគោលដៅនៅពេលនេះ យើងមិនឈ្មោះមិនឆ្លើយមិនឆ្លង”។

យុវជនម្នាក់ដែលអះអាងថា ឈ្មោះ ស្រី ចំរើន និងជាតំណាងនិស្សិតមកពីភ្នំពេញ ប្រាប់ក្រុមអ្នកកាសែត នៅពីមុខវេទិការឯកឧត្តម កឹម សុខា ជួបជាមួយអ្នកគាំទ្រថា  គោលបំណងពួកគេមកទីនេះ គ្មានចង់បង្កអំពើហិង្សា និងចលាចល ដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទេ។ យុវជនរូបនេះ បញ្ជាក់ថា គ្រាន់តែចង់បាន ការបកស្រាយ ពីឯកឧត្តម កឹម សុខា បន្ទាប់ពីមានការចោទប្រកាន់ថា មានស្នេហាលួចលាក់ជាមួយស្រីក្មេងជាបន្តបន្ទាប់។  តំណាងនិស្សិតដដែលបានបញ្ជាក់ថា បើឯកឧត្តម កឹម សុខា មិនបកស្រាយចំពោះ ការចោទប្រកាន់ នោះពួកគេចាត់ទុកថា ជារឿងពិត។

ទោះបីជាព្រឹកមិញ មិនមានការឆ្លើយតបផ្ទាល់មាត់ក្តី តែកន្លងមកអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ ធ្លាប់អះអាងថា រឿងអាស្រួវថ្មីនេះ ជាល្បិចនយោបាយថ្មីមួយ ដែលគេចង់បំបែកបំបាក់បក្សប្រឆាំង។

សូមជំរាបថា ហ្វេសបុកដែលគេដឹងថា ឧស្សាហ៍បង្ហោះរឿងចោទប្រកាន់មកលើឯកឧត្តម កឹម សុខានេះ គឺមាននៅលើហ្វេសបុកឈ្មោះ រឿងពិត CNRP និងហ្វេសបុកឈ្មោះ មុន ស្រី ប៉ុន្តែហ្វេសបុក រឿងពិត CNRP ចេញច្រើនជាងគេ និងជាប្រចាំថ្ងៃ និងមានជាភាគទៀតផង ដែលនៅព្រឹកមិញនេះ បានបង្ហោះដល់ភាគទី១៣ហើយ៕

ឯកឧត្តម កឹម សុខា៖ មិនបកស្រាយ​ចំពោះ​ការចោទ​ ដោយ​ប្រកាន់​ជំហ​ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង