រដ្ឋាភិបាលថ្មី មីយ៉ាន់ម៉ានឹង កាត់បន្ថយចំនួនក្រសួង

Yangon: គណបក្សឈ្នះឆ្នោតរបស់ប្រទេស មីយ៉ាន់ម៉ា បានប្រកាសនៅ ថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលថ្មីនឹង ត្រូវចូលទៅកាន់តំណែង នាដំណាច់ខែនេះ នឹងត្រូវធ្វើការ កាត់បន្ថយចំនួន ក្រសូង៣៦ មកត្រឹមតែ ២៣ក្រសួងវិញ។

ប្រភពព័ត៍មានពីទីភ្នាក់ងារសារព័ត៍មានស៊ិនហួរ ដែលបានចុះផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា សម្ព័ន្ធជាតិដើម្បី ប្រជាធិបតេយ្យ National League for Democracy (NLD) បាននិយាយថាខ្លួននឹង ធ្វើការបញ្ចូលគ្នារវាង ក្រសួងមួយចំនួន ប៉ុន្តែគេមិនបានធ្វើ ការកាត់បន្ថយចំនួន បុគ្គលិក និងមន្ត្រីនៅតាម ក្រសួងនោះទេ ដោយប្រើប្រាស់កម្លាំង ធនធានមនុស្ស ដើម្បីជួយការងារផ្សេងៗ នៅតាមក្រសូង។

សមាជិសភាទាំងអស់នឹងត្រូវបែងចែក ជាបីក្រុម និងជ្រើសរើសបេក្ខភាព តំណាងសម្រាប់ ក្រុម៣នាក់ ក្នុងការបោះឆ្នោតតំណែង ជាប្រធានាធិបតី និងអនុប្រធានាធិតី។ បេក្ខជនតំណាងទាំង៣រូប នឹងត្រូវបានគេបោះឆ្នោត ជ្រើសពីសំណាក់ សមាជិកសភា ហើយអ្នកដែល ទទួលបានសម្លេងឆ្នោត នឹងក្លាយជាប្រធានាធិបតី ចំណែកបេក្ខជន ២នាក់ ផ្សេងទៀតនឹងត្រូវ ជាប់ឈ្មោះជា អនុប្រធានាធិបតី៕