មន្ត្រី​សង្គម​ស៊ីវិល​ចោទ​មន្ត្រី​តុលាការ​ខែត្រ​ស្ទឹងត្រែង​ថា​ឃុំ​ខ្លួន​ពលរដ្ឋ​ខុស​នីតិវិធី

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ចោទ​តំណាង​អយ្យការ​ខែត្រ​ក្រចេះ​ថា ឃុំ​ខ្លួន​អ្នក​ភូមិ​ម្នាក់​ខុស​នីតិវិធី។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នូល ខែត្រ​ក្រចេះ ត្រូវ​បាន​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ខែត្រ​ក្រចេះ ចេញ​លិខិត​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​សរសៃប្រសាទ​កាល​ពី​ចុង​ខែ​កុម្ភៈ ហើយ​តំណាង​អយ្យការ​នៅ​តែ​បន្ត​ឃុំ​ខ្លួន។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ខែត្រ​ក្រចេះ អះអាង​ថា  ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខែត្រ​ក្រចេះ នៅ​តែ​បន្ត​ឃុំ​ខ្លួន​អ្នក​ភូមិ​ម្នាក់ ខណៈ​ពលរដ្ឋ​មាន​ជំងឺ​សរសៃ​ប្រសាទ​ដែល​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​ក្ដី។

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ឌិន ខន្នី ឲ្យ​ដឹង​ថា បើ​តាម​ឆ្មាំ​ពន្ធនាគារ​ស្ថានភាព​ជំងឺ​ពលរដ្ឋ​ម្នាក់​ឈ្មោះ រឹម ឌុយ ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ រស់​នៅ​ភូមិ​ដូង ឃុំ​ឃ្សឹម ស្រុក​ស្នូល ខែត្រ​ក្រចេះ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ លោក​ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខែត្រ​ក្រចេះ គួរ​តែ​លើកលែង​បទ​ចោទ​ដោយ​ផ្អែក​លើ​លិខិត​ពេទ្យ​ចុះ​ថ្ងៃ​ទី​២៣ ខែ កុម្ភៈ ដែល​បញ្ជាក់​ថា ពលរដ្ឋ​ឈ្មោះ រឹម ឌុយ មាន​ជំងឺ​សរសៃប្រសាទ​ដើម្បី​អនុលោម​តាម​ច្បាប់​ក្រមព្រហ្មទណ្ឌ៖ «ស្ថានភាព​ជំងឺ​របស់​គាត់​កំពុង​ធ្វើ​ទុក្ខ​ខ្លាំង ហើយ​ស្គម​ច្រើន​ទៀត ទាក់ទង​ជំងឺ​សរសៃប្រសាទ។ ជំងឺ​សរសៃ​ប្រសាទ​របស់​គាត់​គឺ​មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ថា គាត់​មាន​ជំងឺ​សរសៃប្រសាទ គឺ​វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​ដោះលែង​គាត់»

​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្មាំ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ និង​មន្ត្រី​បរិស្ថាន បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​ឈ្មោះ រឹម ឌុយ ហើយ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខែត្រ​ក្រចេះ ដោយ​ចោទ​ថា ពលរដ្ឋ​ម្នាក់​នោះ​បាន​កាប់​រាន​ដី​ព្រៃ​ក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ​មេមត់។

​វិទ្យុ​អាស៊ីសេរី មិន​ទាក់ទង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខែត្រ​ក្រចេះ លោក ធី សុវណ្ណថាល់ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​មីនា។

ចំណែក​ពលរដ្ឋ​រស់​នៅ​ភូមិ​ដូង លោក ម៉េត ធី  កត់សម្គាល់​ថា ការ​ចាប់​ខ្លួន​អ្នក​ភូមិ​ដោយ​សន្តិសុខ​ក្រុមហ៊ុន និង​មន្ត្រី​បរិស្ថាន​ខែត្រ​ក្រចេះ គឺ​ជា​ហេតុផល​ផ្សេង ព្រោះ​ពលរដ្ឋ​ត្រូវ​គេ​ចាប់​ខ្លួន​បាន​នៅ​ពេល​គាស់​ដំឡូង​ដើម្បី​បរិភោគ​នៅ​ខាង​មុខ​ផ្ទះ​ពុំ​បាន​កាប់​ព្រៃ​ក្រុមហ៊ុន​ដូច​ការ​ចោទ​ប្រកាន់​ទេ។ លើស​ពី​នេះ ស្ថានភាព​ជំងឺ​របស់​ពលរដ្ឋ​ក៏​កាន់តែ​ធ្ងន់ធ្ងរ អាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត បើ​ព្រះរាជអាជ្ញា​ខែត្រ​នេះ​នៅ​តែ​បន្ត​ឃុំ​ខ្លួន។ លោក​អំពាវនាវ​ឲ្យ​ព្រះរាជអាជ្ញា​ខែត្រ​ក្រចេះ លើកលែង​បទ​ចោទ​ដល់​ពលរដ្ឋ​ដែល​កំពុង​មាន​ជំងឺ៖ «គាត់​ជំងឺ​សរសៃប្រសាទ​ហើយ​ជំងឺ​របស់​គាត់​គឺ​ជំងឺ​ប្រចាំ​កាយ​ទៀត។ អ៊ីចឹង​អាច​ទុក​គាត់​សម្លាប់​នៅ​ក្នុង​គុក​តែម្ដង។ មើល​ទៅ​មិន​យក​យុត្តិធម៌​ឲ្យ​ប្រជាជន​ទេ»

​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​បង្អែក​ខែត្រ​ក្រចេះ ឈ្មោះ នាង យ៉ុង បាន​ចេញ​លិខិត​បញ្ជាក់​ថា លោក រឹម ឌុយ មាន​ជំងឺ​សរសៃប្រសាទ។

​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី មាត្រា ៣១ ចែង​ថា កាល​បើ​ជន​ណា​ម្នាក់ ប្រព្រឹត្ត​បទល្មើស​នៅ​ពេល​ដែល​ជន​នោះ កើត​វិបល្លាស ឬ​មាន​ជំងឺ​សរសៃប្រសាទ​ជន​នោះ មិន​ទទួល​ខុស​ត្រូវ​ច្បាប់​ព្រហ្មទណ្ឌ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។