ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ ទីតាំង​លួច​បញ្ជល់មាន់​ដុះ​ស្លែ​មួយ​កន្លែង ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្រិត​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៤ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​វាល​ឥន្ទ្រី ក្នុងភូមិ​ឧកញ៉ា​ប៉ា​ង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ជាប់​ព្រំប្រទល់​ភូមិ​ប្រក់​ក្តា ខេត្តកណ្តាល បន្ទាប់​ពី​មាន​ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម បាន​ទៅ​ប្រទះ​ឃើញ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច ។

ប្រភព​ពី​អ្នក​សារព័ត៌មាន​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ក្នុង​នោះ​មាន​អ្នកកាសែត និង​ទូរទស្សន៍ បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត​មួយ​គ្រឿង ទៅ​យក​ព័ត៌មាន​នៅ​ទីនោះ​បាន​ប្រាប់​ថា ពេល​រថយន្ត​ទៅ​ជិត​ដល់​សង្វៀន​បញ្ជល់មាន់​ខាងលើ ប្រមាណ​៣០០​ម៉ែត្រ ស្រាប់តែ​មាន​មេការ សង្វៀន​របស់​មន្ត្រី ជា​យោធា​ស័ក្តិ​៥​ម្នាក់​ដែល​នៅ​ផ្នែក​គីមី​សាស្ត្រ​នៃ​ក្រសួងការពារជាតិ មា​នទី​តាំងនៅ​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​មុខ រថយន្ត​ក្រុម​អ្នកកាសែត ហើយ​បាន​សុំ​អង្វរ​កុំឱ្យ​ចូល និង​សុំ​ឱ្យប្រាក់​ចំនួន​៥០​ម៉ឺន​រៀល តែ​ក្រុម​អ្នក​សារព័ត៌​មាន​​មិន​ព្រម ដោយ​សុំ​ត្រឹមតែ​ចូល​ថត​ប៉ុណ្ណោះ ។

ខណៈ​ដែល​រថយន្ត​ក្រុម​អ្នកកាសែត​ព្យាយាម​ទៅ​មុខ ក៏​ស្រាប់តែ​មាន​ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់​ខាងលើ ជា​ច្រើន​អ្នក​បាន​មក​ព័ទ្ធ​រថយន្ត​ក្រុម​អ្នក​សារព័ត៌មាន​ខាងលើ ។ បន្ទាប់​មក គេ​ឃើញ​លោក​ស័ក្តិ​៥ ដែល​ជា​ម្ចាស់​សង្វៀន​បាន​ស្រែក​ឡូឡា​ថា សមត្ថកិច្ច​ណា ក៏​គាត់​មិន​ខ្លាច​ដែរ ព្រោះ​បាន​បង់លុយ​ឱ្យ​អស់ហើយ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង លោក​ស័ក្តិ​៥ បាន​បើកទ្វារ​រថយន្ត​ទាញ​ដៃ​ភ្នាក់ងារ​ទូរ​ទស្សន៍​ម្នាក់​ចេញពី​ក្នុង​រថយន្ត និង​បម្រុង​ចាប់​យក​ម៉ាស៊ីន​ថត​បោក​ចោល​ទៀត តែ​មិន​បាន​សម្រេច ព្រម​ជាមួយ​ការ​ជេរ​ប្រមាថ​ដល់​អាយុជីវិត​ទៀត​ផង ។ ក្រោយ​ពី​សភាព​ការ​មិនល្អ ក្រុម​អ្នកកាសែត​ទាំងនោះ បាន​ដកថយ​បន្តិច​វិញ តែ​បាន​រាយការណ៍​ទៅ​សមត្ថ​កិច្ច​នគរបាល និង​លោក​ព្រះរាជអាជ្ញា សុំ​ការ​អន្តរាគមន៍ ។

លោក​ពេ​ជ រ៉ី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​បាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​ព័ត៌មាន​នេះ លោក​​ប្រាក់ វុ​ឌ្ឍី បាន​បញ្ជា​ឱ្យ​លោកស្នងការ​រង និង​មន្ត្រី​ព្រហ្មទណ្ឌ​ចុះ​ទៅ​បង្ក្រាប​ដល់ទី​តាំង​ខាងលើ តែ​ត្រូវ​ក្រុម​លេងល្បែង​ទាំង​នោះ គេចខ្លួន​អស់​ទៅ​ហើយ ។

ជា​លទ្ធផល​សមត្ថកិច្ច​បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ និង​រឹបអូស​វត្ថុ​តាង​មាន​ម៉ូតូ​១០​គ្រឿង​, ស៊ុម​ក្រុងមាន់​១៥, កៅអី​ជ័រ​៣៦, តុ​អាប៉ោង​១, សង្វៀនមាន់​១, មាន់​ជល់​១​ក្បាល​, តង់​កៅស៊ូ​៣ និង​ឧ​បរ​ណ៍​មួយ​ចំនួន​ទៀត ។