ហោ ណាំហុង ៖ សម្តេចតេជោ ណែនាំឲ្យសម្រួល ស្ថានការណ៍ នៅផ្សារ រ៉ុងក្លឿ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជា លោក ហោ ណាំហុងបានបង្ហោះ ខ្លឹមសារនៅក្នុង Facebook ភ្លាមៗនៅថ្ងៃទី ០៥ មីនា ថា សម្តេចតេជោ ណែនាំឲ្យ ភាគី កម្ពុជានិងថៃ ជួបសំរបសំរួល ដោះស្រាយរឿង ស្ថានការណ៍ នៅផ្សាររ៉ុងក្លឿ ដោយភាគីថៃ សម្រេចផ្អាកការចុះ ត្រួតពិនិត្យដើម្បី បញ្ចៀសការប្រឈមដាក់គ្នា។

លោកបានសសេរថា នៅព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបាន ព័ត៌មាន អំពីការចុះត្រួតពិនិត្យ ទំនិញនៅផ្សាររ៉ុងក្លឿ របស់អាជ្ញាធរថៃ លោកបានណែនាំអោយ ស្ថានអគ្គ កុងស៊ុល កម្ពុជា ប្រចាំនៅខេត្តសាកែវ ចុះទៅទីផ្សាររ៉ុងក្លឿ ដើម្បីជួយដល់អាជីវករខ្មែរ និងជួយសំរបសំរួល កំុឲ្យមានការប្រឈម ឬការប៉ះទង្គិច កើតមាន ជាយថាហេតុដូច ពេលមុនទៀត។

នៅវេលាប្រមាណម៉ោង ១០:០០ ពេលទទួលបានព័ត៌មាន ពីការប្រឈមមុខរវាង អាជ្ញាធរថៃ និងអាជីវករខ្មែរ លោកបានរាយការណ៍ជូន សម្តេចតេជោនាយករដ្ឋមន្រ្តីភ្លាម។

បន្ទាប់ពីទទួលបានការ ណែនាំរបស់សម្តេចតេជោ លោកក៏បានណែនាំ អោយអភិបាល ខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុល កម្ពុជាប្រចាំ ខេត្តសាកែវ ជួបសំរប សំរួលដោះស្រាយ ជាមួយ អាជ្ញាធរថៃ តាមការណែនាំ របស់សម្តេចតេជោ។

បន្ទាប់ពីការជួបប្រជំុគ្នា រវាងអាជ្ញាធរ ប្រទេសទាំងពីរ ភាគីថៃ បានយល់ព្រមផ្អាក សកម្មភាពត្រួតពិនិត្យ តាមសំណូមពររបស់កម្ពុជា។

បន្ទាប់ពីនេះ អាជ្ញាធរកម្ពុជា និងអគ្គកុងស៊ុលកម្ពុជា បានជួបណែនំាឲ្យអាជីវករខ្មែរ បញ្ឈប់ការលក់ដូរទំនិញ កម្មសិទ្ធិបញ្ញា ដែលជាការកំណត់ មិនមែនតែនៅប្រទេសថៃ តែប៉ុនណ្ណោះទេ គឹនៅគ្រប់ប្រទេស ទាំងអស់ ហើយដែលប្រជាជន គ្រប់រូបមានកាតព្វកិច្ច ត្រូវតែគោរពតាម ។ ទន្ទឹមនឹងនេះ ដើម្បីជៀសវាងការ កើតមាន បញ្ហា យើងក៏បាន អំពាវនាវឲ្យអាជីវករ ខ្មែរយើង យកទំនិញទាំងអស់នោះមកទុកនៅ ក្នុងទឹកដី កម្ពុជាវិញ ដើម្បីឲ្យបានសមស្រប តាមការកំណត់ របស់អាជ្ញាធរថៃ។

សូមជម្រាបថា ភ្នាក់ងារដើមអម្ពិល បានរាយការណ៍ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា អាជីវករផ្សាររ៉ុងក្លឿ រាប់រយនាក់ បានត្រៀមធ្វើបាតុកម្ម  ហើយសមត្ថកិច្ច ថៃក៏ត្រៀម ទប់ស្កាត់នឹងបាតុកម្មនេះ ផងដែរ ក្រោយពីមានតម្រួតថៃ ចុះពិនិត្យទំនិញដែល អាជីវករខ្មែរ លក់នៅផ្សាររ៉ុងក្លឿ ដែលធ្លាប់មានការ ប្រឈមដាក់គ្នាម្តង រួចមកហើយបណ្តាលឲ្យ មានការចាប់ អាជីវករខ្មែរ និង រថយន្តរបស់ថៃ រងការខូចខាត។