អ្នកទេសចរ​ជាង ​១០ម៉ឺននាក់ នឹង​មក​កំសាន្ត ក្នុងពិធី​បុណ្យទន្លេ ​នៅខេត្ត​កំពង់ចាម​

ភ្នំពេញ៖ អភិបាលខេត្ត កំពងចាមរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១០ម៉ឺននាក់ នឹងមកទស្សនាកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រនៅខេត្តនេះ។
អភិបាល ខេត្តកំពង់ចាម ឯកឧត្តម លន់ លឹមថៃ លើកឡើងថា សម្រាប់ពិធីបុណ្យទន្លេ ដែលខេត្តកំពង់ចាម ធ្វើជាម្ចាស់ផ្ទះនោះ អាជ្ញាធរខេត្តត្រៀម ជាស្រេចអស់ហើយ។

ដូចជាការរៀបចំរាល់គ្រប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង, រៀបចំសួនច្បាររួម និងការតុបតែងលម្អដោយភ្លើងបំភ្លឺចម្រុះពណ៌។ ពិធីបុណ្យទន្លេឆ្នាំនេះ ជាឆ្នាំទី២ហើយ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣មីនាខាងមុខ។

ពិធីបុណ្យទន្លេនៅក្នុងខេត្តកំពង់ចាមរយៈពេល៣ថ្ងៃ ក៏នឹងមានការប្រកួតកីឡា១០ប្រភេទដូចជា កីឡាប្រដាល់ ប្រណាំងទូកខ្នាតអន្តរជាតិ ចំបាប់បុរាណ បាល់ទះ ឆ័ត្រយោង និងជិះស្គីលើទឹកជាដើម។

សូមជំរាបថា ពិធីបុណ្យទន្លេ កាលពីឆ្នាំ២០១៥ បានធ្វើឡើងនៅទឹកដីខេត្តក្រចេះ។ ពិធីបុណ្យទន្លេបានប្រព្រឹត្តនៅខេត្តនេះ រយៈពេលបីថ្ងៃ ពីថ្ងៃទី ១៣ ដល់ ១៥ ខែមីនា ដោយទទួលបានភ្ញៀវជាតិ និងអន្តរជាតិមកចូលទស្សនាប្រមាណ ១ សែននាក់៕