ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ ម្ចាស់ផ្ទះ​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ស្រាប់តែ​ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើង​AK47​គ្រប់​ដៃ និង​កាំភ្លើងខ្លី​មួយ​ដើម​ផង​ដែរ បាន​ដើរ​ចូល​ទៅ​ភ្ជង់​ម្ចាស់ផ្ទះ​អ្នកលក់​ប្រេង​មួយ​កន្លែង​នៅ​ខាងលិច​ផ្សា​រក​ន្តួ​ត ដោយ​ប្រមូល​យក​លុយ និង​គ្រឿងអលង្ការ​មួយ​ចំនួនគេចខ្លួន​ចូល​ក្នុង​ព្រៃ​បាត់  ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់​ឡើយ ។

ករណី​ក្រុម​ចោរប្លន់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ មីនា ២០១៦ ស្ថិត​ត្រង់​ចំណុច​ផ្ទះ​លក់​ប្រេង​យីហោ
(​ហ៊ុន ស្រី​មុំ​) ខាងលិច​ផ្សា​រក​ន្តួ​ត ក្នុងភូមិ​ផ្សា​រក​ន្តួ​ត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ហ៊ុន ស្រី​មុំ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជា​អ្នក​លក់ដូរ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ និង​ប្តី​មានឈ្មោះ​ភុំ ណុ​ប រស់នៅ​ជាមួយ​គ្នា មិន​មាន​រង​របួស​អ្វី​ឡើយ ។ ចំណែក​ក្រុម​ចោរ​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​អាវុធ​អាកា (AK47)៣​ដើម និង​ខ្លី​១​ដើម​ស្លៀកពាក់​ស៊ី​វិល មាន​អាយុ​ជាង​៣០​ឆ្នាំ មាន​ពាក់​ម៉ាស់ ក្រោយ​ពី​ភ្ជង់​ប្លន់​ប្រមូល​យក​ទ្រព្យសម្បត្តិ រួច​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បើ​តាម​សម្តី​ម្ចាស់ផ្ទះ​និយាយ​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បាន​រៀបចំ​បិទទ្វារ​ឈប់​លក់ដូរ ហើយ​ក៏​មើល​ទូរទស្សន៍​ផង និង​កំពុង​បញ្ចុក​បាយ​កូន​តូច ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៣​នាក់ ពាក់​ម៉ាស់​ទាំងអស់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​៣​ដើម និង​ខ្លី​១​ដើម ដើរ​សំដៅ​មក​រក​គាត់ រួច​ក៏​ភ្ជង់​ឱ្យមក​នៅ​ម្តុំ ដោយ​ក្រុម​ចោរ​និយាយ​ថា នៅ​ឱ្យ​ស្ងៀម តែ​ហ៊ាន​ស្រែក​អញ​ចាក់​សាំង​ដុត​ឱ្យ​ឆេះ​ងាប់​ឥឡូវ​ហើយ ។

ពេល​នោះ ក្រុម​ចោ​២​នាក់​បាន​ដើរ​ប្រមូល​យក​លុយ​ខ្មែរ​ចំនួន​១០​លាន​រៀល លុយ​ដុល្លារ​៣០០​ដុល្លារ ខ្សែ​.​ក​មាស​៥​ជី ប្រមូល​យក​លុយ​​បាន​ហើយ ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល  ។ ក្រោយ​កើតហេតុ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ជិត​១​ម៉ោង ទើប​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ គ្រាន់តែ​សួរ​ជន​រង​គ្រោះ ដើម្បី​កំណត់​មុខសញ្ញា​តែ​ប៉ុណ្ណោះ ។