លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បណ្ដោយ​ឲ្យ​លោក ឆេង សុវត្ថិ និង ​ចាប សុ​ផា​រិ​ទ្ធ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កំពុង​ធ្វើ​ឲ្យ​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ដោយសារតែ​ពួកគេ​មិន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងការ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​។ ផ្ទុយទៅវិញ​ពួកគេ​បែរជា​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត ព្រមទាំង​បង្កើត​កុងត្រូលជជុះ​ជាច្រើន​កន្លែង​បំពាន​ទៅលើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​គឃ្លើន​ទៀតផង​។

ប្រភពពី​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ឆេង សុវត្ថិ ឡើង​ធ្វើជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​រួចមក បាន​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​កាន់តែខ្លាំង​ឡើងៗ​។ ក្នុងនោះ​លោក ចាប សុ​ផា​រិ​ទ្ធ អតីត​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏​នៅតែ​មានអំណាច​ធំធេង​ក្នុង​កិច្ចសហការ​ជាមួយ​លោក ឆេង សុវត្ថិ ក្នុងការ​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ផងដែរ​។ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​បើកដៃ​ឲ្យ​លោក ឆេង សុវត្ថិ និង​លោក ចាប សុ​ផា​រិ​ទ្ធ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​ក្នុងខណៈដែល​បទល្មើស​សេដ្ឋកិច្ច​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​ខេត្តបន្ទាយមានជ័យ​។

​តាម​មន្ត្រីរាជការ​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ បានដាក់​កម្លាំង​ឈរជើង​៥​ទីតាំង​ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ហើយ​សូម្បីតែ​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​បន្លែ​ផ្លែឈើ​បន្តិចបន្តួច​ក៏ត្រូវ​ប្រឈម​នឹង​ការ​ជំរិត​យកលុយ​ដែរ​។ ទីតាំង​ឈរជើង​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ មាននៅ​ចំណុច​សាលា​ក្រហម នៅតាម​ផ្លូវជាតិ​លេខ​០៦ ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ ទៅ​ខេត្តសៀមរាប នៅ​ច្រកព្រំដែន​ស្រុក​ម៉ាឡៃ នៅ​ច្រកព្រំដែន​បឹង​ក្រ​កួន និង​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។

មានការ​រិះគន់ថា ដោយសារ​មានការ​បើកដៃ​ពី​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទើប​លោក ឆេង សុវត្ថិ និង​លោក ចាប សុ​ផា​រិ​ទ្ធ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ក្រុម​ឈ្មួញ​មួយចំនួន​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត ដោយសារ​គេ​មាន​ទំនាក់ទំនង​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឆេង សុវត្ថិ​។ ដូច្នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ឆេង សុវត្ថិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​ជាបន្ទាន់ ព្រោះ​ពួកគេ​មាន​ជំនាញ​ខាង​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​យកលុយ ហើយ​មិនដែល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​តាម​តួនាទី​របស់ខ្លួន​នោះឡើយ​៕

W@t-20011333លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ
W@t-20011333 - Copy​លោក ចាប សុ​ផា​រិ​ទ្ធ