ពលរដ្ឋ​រង​របួស​ដោយ​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រហារ​ស្នើ​ឱ្យ​អាជ្ញាធរ​ស្វែង​រក​ជន​ដៃដល់

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ មួយ​គ្រួសារ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ស្វែងរក​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់។ ការ​ស្នើ​នេះ ក្រោយ​ពេល​សមាជិក​ម្នាក់​នៃ​គ្រួសារ​នោះ រង​ការ​បាញ់​ប្រហារ​ជា​ច្រើន​គ្រាប់ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​កាល​ពី​ចុង​ខែ​កុម្ភៈ ខណៈ​ពួកគេ​នាំគ្នា​ទៅ​សម្រាន្ត​ស៊ី​ឈ្នួល​ដាំ​ដំឡូង​មី​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ។ យ៉ាង​ណា អាជ្ញាធរ​ស្រុក​និយាយ​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

បុរស​មាន​វ័យ​ជាង ៣០​ឆ្នាំ រស់​នៅ​ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​ជន​មិន​ស្គាល់​មុខ​បាញ់​ជា​ច្រើន​គ្រាប់ ដែល​កំពុង​សម្រាក​ធ្វើ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម កំពុង​រង់ចាំ​យុត្តិធម៌។ ពលរដ្ឋ​រូប​នោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រហារ​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ខណៈ​ពួកគេ​នាំ​គ្នា​ទៅ​ស៊ី​ឈ្នួល​ដាំ​ដំឡូង​មី​នៅ​តំបន់​អណ្តូងស្វាយ ភូមិ​លាវ ឃុំ​ក្រវ៉ា។

ពលរដ្ឋ​រងគ្រោះ​នៅ​ភូមិ​លាវ លោក ជួន សុខន ឱ្យ​ដឹង​ថា លោក​នៅ​តែ​ងឿង​ឆ្ងល់​ចំពោះ​រឿងហេតុ​ដែល​កើត​ឡើង​លើ​រូប​លោក ពីព្រោះ​លោក​មិន​ដែល​មាន​ជម្លោះ​ជាមួយ​ជន​ណា​ឡើយ។ បន្ថែម​ពី​នេះ​រូប​លោក​មិន​ដែល​ពាក់ព័ន្ធ​រឿង​នយោបាយ ឬ​រឿង​សង្គម​នោះ​ដែរ ពីព្រោះ​មួយ​ថ្ងៃៗ គិតតែ​ខិតខំ​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​ស្ទើរ​តែ​មិន​បាន។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​យប់​កើត​ហេតុ លោក និង​ក្រុម​គ្រួសារ​កំពុង​សម្រាន្ត ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​មុខ​មក​បាញ់​ប្រហារ​លើ​រូប​គាត់​បណ្ដាល​ត្រូវ​គ្រាប់​កាំភ្លើង​បី​កន្លែង​ផ្សេង​គ្នា រួម​មាន​គល់​ក និង​ស្មា​ទាំង​សង​ខាង៖ «ដូចជា​អត់​មាន​សង្ស័យ​ទៅ​ខាង​ណា​ទេ។ បាន​តា​ថា​អ៊ីចឹង​ដូចជា​មិន​មាន​ទំនាស់​ជាមួយ​អ្នក​ណា​មួយ​គួរ​ឱ្យ​សង្ស័យ​ផង»

​អាការៈ​របស់​ជនរងគ្រោះ​នៅ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ គ្រាន់​តែ​លោក​អាច​និយាយ​បាន​ខ្លះ ព្រម​ទាំង​អាច​ពិសា​បបរ​បាន​បន្តិចបន្តួច។ ពលរដ្ឋ​រូប​នេះ ចង់​ឱ្យ​សមត្ថកិច្ច​ជួយ​ស្វែង​រក​ជនល្មើស​មក​ផ្ដន្ទាទោស​ ជៀសវាង​មាន​រឿង​អាក្រក់​កើត​ឡើង ចំពោះ​រូប​លោក និង​ក្រុម​គ្រួសារ​នៅ​ពេល​ក្រោយ​ទៀត។

​ប្រពន្ធ​ជនរងគ្រោះ អ្នកស្រី សៀ ប៊ួ ដែល​អង្គុយ​កំដរ​ប្ដី​នៅ​ក្នុង​បន្ទប់ អ្នក​ជំងឺ​រៀបរាប់​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា ក្រោយ​ពេល​ប្ដី​មាន​គ្រោះថ្នាក់ ក្រុម​គ្រួសារ​អ្នកស្រី​កាន់​តែ​ពិបាក​មួយ​កម្រិត​ទៀត ពីព្រោះ​សូម្បី​តែ​ប្រាក់​យក​មក​ព្យាបាល​ប្តី​ស្ទើរ​តែ​មិន​មាន​ផង។ ស្ត្រី​មាន​កូន ៥​នាក់ ក្នុង​បន្ទុក​រូប​នេះ​បន្ត​ថា នៅ​យប់​កើត​ហេតុ គឺ​មិន​បាន​ឃើញ​មុខ​ជនល្មើស​ទេ ពីព្រោះ​យប់​ងងឹត ហើយ​កំពុង​ភិតភ័យ​នឹង​សុវត្ថិភាព​សមាជិក​ក្រុម​គ្រួសារ​ផង៖ «ប្រសិន​បើ​ជា​វា​ថែម គឺ​ត្រូវ​កូន​ត្រូវ​អី​ហ្នឹង ប៉ុន្តែ​វា​បាញ់​ផូងៗ​ទៅ​វា​ក៏​រត់​បាត់​ទៅ»

​ទាក់ទង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​បារាយណ៍ លោក សួង ថេន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ថា ខាង​សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​រក​ជនល្មើស ប៉ុន្តែ​ខាង​លោក​នៅ​មិន​ទាន់​អាច​កំណត់​មុខ​សញ្ញា​បាន​ទេ៖ «កិច្ចការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ហ្នឹង កាន់​តែ​បង្កើត​ការ​ស្រាវជ្រាវ​បង្កើត​ការ​ត្រួត​ពិនិត្យ​មើល​សភាពការណ៍​ដែល​កើត​ឡើង»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ ដែល​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ លោក ញូង សាមឿន មើល​ឃើញ​ថា រឿង​នេះ​ពិបាក​សន្និដ្ឋាន​ពី​មូលហេតុ​ឱ្យ​ច្បាស់លាស់​ណាស់ ពីព្រោះ​ជនរងគ្រោះ​មិន​បាន​ពាក់ព័ន្ធ​រឿង​នយោបាយ និង​មិន​មាន​គំនុំ​ជាដើម។ លោក​បន្ថែម​ថា ករណី​នេះ ជនល្មើស​ធ្វើ​ឡើង​ដោយ​លាក់​មុខ ដូច្នេះ លោក​មិន​សូវ​សង្ឃឹម​ថា សមត្ថកិច្ច​អាច​ស្វែងរក​ជន​ដៃដល់​ឃើញ​ឡើយ៖ «ខ្ញុំ​មាន​សង្ឃឹម​តិចតួច​ណាស់ ដោយសារ​ករណី​កើត​ឡើង​កន្លង​មក ប៉ុន្តែ​មិន​ទាន់​មាន​ករណី​ណា​ដែល​សមត្ថកិច្ច​យើង​វែក​មុខ​បាន​ឱ្យ​តែ​ករណី​ឃាតកម្ម​បិទ​មុខ​ដូច​នេះ»

បើ​ទោះ​បី​ជា​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ មិន​សូវ​មាន​សង្ឃឹម​ក៏ដោយ​ចុះ ប៉ុន្តែ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​មាន​ជំនឿ​ចិត្ត​លើ​សមត្ថកិច្ច និង​ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​ពួកគាត់ មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ស៊ើប​អង្កេត​រឿង​នេះ​ឱ្យ​បាន​ដិតដល់ ព្រមទាំង​ត្រូវ​ស្វែង​រក​ជនល្មើស​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។